អន្តរជាតិ
មេដឹកនាំចិន និងអាម៉េរិក នឹងជួបគ្នាមុនចូលកិច្ចប្រជុំកំពូល G20
14, Nov 2022 , 10:49 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ទៅដល់កោះបាលីរបស់ឥណ្ឌូណេស៊ីនៅថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ហើយជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅមុនកិច្ចប្រជុំកំពូល G20។ កិច្ចប្រជុំទ្វេភាគីនេះ គ្រោងពិភាក្សាពីភាពតានតឹងជុំវិញបញ្ហានៅតៃវ៉ាន់ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។



ជំនួបដោយផ្ទាល់ដែលរង់ចាំជាយូរមកហើយ រវាងមេដឹកនាំចិន ស៊ី ជិនភីង និងមេដឹកនាំអាម៉េរិក ចូ បៃឌិន កើតឡើងនៅពេលដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ប្រធានាធិបតីទាំងពីរជួបគ្នានៅកោះបាលីរបស់ឥណ្ឌូណេស៊ី នៅមុនកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)។ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា 
 
ប្រធានាធិបតីចិន ស៊ី ជិនភីង ទៅដល់បាលីនៅថ្ងៃទី១៤ ខែវិច្ឆិកា ហើយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានទៅដល់នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ មេដឹកនាំទាំងពីរនេះនឹងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយជាច្រើន រួមទាំងសង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង វិបត្តិស្បៀងអាហារ និងថាមពល និងបញ្ហាអាកាសធាតុដែលកំពុងបន្តកើនឡើង។
 
ទំនាក់ទំនងរវាងប្រទេសមហាអំណាចចិន និងអាម៉េរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារភាពតានតឹងកើនឡើងក្នុងពេលថ្មីៗនេះ ជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីរឿងហុងកុង និងតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង ការគំរាមកំហែងផ្នែកពាណិជ្ជកម្ម និងការរឹតបន្តឹងរបស់អាម៉េរិកលើបច្ចេកវិទ្យាចិន។
 
កន្លងមក លោក បៃឌិន និងលោក ស៊ី បានជជែកគ្នាតាមទូរស័ព្ទ ឬវីដេអូចំនួនប្រាំដង ចាប់តាំងពីលោក បៃឌិន ឡើងកាន់តំណែងជាប្រធានាធិបតី។ បើតាមសេតវិមាន កិច្ចប្រជុំនៅថ្ងៃទី១៤ ខែវិច្ឆិកា ទំនងជាមិនបានផ្លែផ្ការួមគ្នាឡើយ ប៉ុន្តែវាអាចជួយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានស្ថេរភាព។
 
នាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ថ្ងៃទី១៣ ខែវិច្ឆិកា លោក បៃឌិន ​ប្រាប់​មេដឹកនាំ​អាស៊ី​​ថា ទំនាក់ទំនង​របស់ ​អាម៉េរិក​ជាមួយ​ចិន​នឹង​នៅ​តែ​បើក​ចំហ​ដើម្បី​ការពារ​ជម្លោះ​ ដោយនឹង​មាន​ការ​ពិភាក្សា​គ្នានៅថ្ងៃមុខ។ អាម៉េរិកនឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ជាមួយទីក្រុងប៉េកាំង តែជាការប្រកួតប្រជែងដែលមិនបង្កជាជម្លោះឡើយ៕
 

Tag:
 អាម៉េរិក​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com