ជាតិ
រចំ ប្លី យុវតីជនជាតិ​ដើមភាគ​តិច​ចារ៉ាយ ជាប់​និទ្ទេស C តែ​ខ្វះលទ្ធភាព​រៀន​បន្តនៅភ្នំពេញ
28, Dec 2022 , 4:32 pm        
រូបភាព
កញ្ញា រចំ ប្លី ជាប់និទ្ទេស C ហើយ​បាន​អាហារូបករណ៍​សិក្សា​ដោយឥតបង់ថ្លៃ​នៅ​ដេប៉ាតឺម៉ង់រូបវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គួរតែសប្បាយ​ចិត្ត ប៉ុន្តែ​កូនចៅជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​នៅ​ខេត្ត​រតនគិរី រូបនេះ បែរជាមានក្តីកង្វល់ទៅវិញ។ ចង់​រៀនបន្ត ប៉ុន្តែ​គ្រួសារមិន​សូវមាន​លទ្ធភាព​ផ្គត់ផ្គង់​ការចាយ​វាយផ្សេងៗក្នុងរាជ​ធានីនោះឡើយ។

 
ជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ រចំ ប្លី មានឪពុកម្ដាយ ជាកសិករដាំដំឡូង រស់នៅ ភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។ ក្នុងចំណោមសាច់ញាតិគ្រួសាររបស់ រចំ ប្លី ពុំមាននរណាម្នាក់បានរៀនរហូតដល់ថ្នាក់ឧត្តមសិក្សាឡើយ ដោយមានតែបងប្រុសទីពីររបស់នាងម្នាក់ប៉ុណ្ណោះដែលរៀនបានខ្ពស់ជាងគេ គឺត្រឹមថ្នាក់ទី១២។
 

ជនជាតិដើមភាគតិចចារ៉ាយ រចំ ប្លី ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ។

ក្ដីស្រមៃ របស់យុវតីជនជាតិដើមភាគតិចរូបនេះ មិនបានបញ្ចប់ត្រឹមថ្នាក់ទី១២ឡើយ គឺរូបនាងចង់បន្តរៀនឱ្យចប់ដល់ថ្នាក់មហាវិទ្យាល័យ ដើម្បីជាគំរូ និងចង់ជួយស្រោចស្រង់ដល់ប្អូនៗរបស់នាងឱ្យរៀនចប់ដូចគ្នាដែរ។ រចំ ប្លី រៀបរាប់ដូច្នេះ៖ «បំណងខ្ញុំចង់ឱ្យរៀនឱ្យចប់ ទោះលំបាកក៏ដោយខំប្រឹងមិនបោះបង់ត្រឹមហ្នឹងទេព្រោះខំស៊ូយូរហើយ»។ 
 
ជាប់បាក់ឌុប តែខ្វះលទ្ធភាព
រចំ ប្លី បានប្រឡងជាប់និទ្ទេសC មកពីវិទ្យាល័យបរកែវ លើមុខវិជ្ជាវិទ្យាសាស្រ្ត។ ចំពោះលទ្ធផលវិញ រចំ ប្លី ទទួលបាននិទ្ទេសA លើមុខវិជ្ជា រូប
ជីវវិទ្យា ឯភាសាខ្មែរ បាននិទ្ទេស B  ប្រវត្តិ Cនិងគណិត គីមី ភាសាបរទេស បាន F ។ ទោះលទ្ធផលមិនល្អឥតខ្ចោះ តែនេះជាមោទកភាព សម្រាប់យុវតី រចំ ប្លី  និងគ្រួសារ គាប់ចិត្ត នឹងលទ្ធផលដែលនាងខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក។ ​
 
ក្រោយលទ្ធផលបាក់ឌុប ត្រូវបានប្រកាស រំលងបានបួនថ្ងៃ រចំ ប្លី ក៏ទទួលដំណឹងល្អមួយទៀត គឺរូបនាង បានជាប់អាហារូបករណ៍ជំនាញរូបវិទ្យា ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អំឡុងពេលសិក្សា រចំ ប្លី បានដាក់អាហារូបករណ៍តាមរយៈក្រសួងអប់រំ លើជំនាញរូបវិទ្យា​ ព្រោះបំណងអនាគតក្មេងស្រីជនបទរូបនេះ ចង់ក្លាយជាគ្រូបង្រៀនវិទ្យាល័យ។  
 
ត្រេកអរផង បារម្ភផង! រចំ ប្លីរីករាយខ្លាំងណាស់ដែលខ្លួនមានឱកាសទទួលបានអាហាររូបករណ៍១០០ភាគរយ តែក្នុងអារម្មណ៍ត្រេកអរនោះ ក៏មានអារម្មណ៍សៅហ្មងលាយឡំគ្នាដែរ
ព្រោះរូបនាងមិនទាន់ច្បាស់ថា អាចមានឱកាសបន្តការសិក្សានៅភ្នំពេញឬអត់។ «ខ្ញុំអត់ទាន់ច្បាស់ចាំសួរម៉ែពុកឱ្យពួកគាត់សម្រេចសិន។ ណាមួយខ្វះលទ្ធភាពផង »។
នេះជាការអះអាងរបស់យុវតី រចំ ប្លី។
 
តាមពិតទៅឪពុកម្ដាយរបស់ រចំ ប្លី ជាអ្នកស្រលាញ់ការសិក្សានិងចង់បញ្ចូនកូនឱ្យរៀនបានខ្ពង់ខ្ពស់។ ប៉ុន្តែសេដ្ឋកិច្ចគ្រួសារជាកត្តារាំងស្ទុះធំបំផុត ដែលធ្វើឱ្យគ្រួសាររបស់ រចំ ប្លី ស្ទះស្ទើរ
ក្នុងការបញ្ចូនកូនស្រី​ឱ្យរៀននៅភ្នំពេញ។ បើតាមយុវតីជនជាតិដើមភាគតិចចារ៉ាយរូបនេះទោះបីជាខ្លួនទទួលបានអាហារូបករណ៍ អាចសម្រាលបន្ទុកមួយផ្នែកក្ដីប៉ុន្តែគ្រួសារនាងក៏នៅតែខ្វះលទ្ធភាព ដោយសារឆ្ងាយពីផ្ទះ ហើយថ្លៃចាយនិងស្នាក់នៅត្រូវចំណាយច្រើន។«បើខ្ញុំមិនបានរៀន ខ្ញុំស្ដាយអាហារូបករណ៍ តែគ្រួសារក៏
គាត់ពិបាក យើងគ្មានលទ្ធភាព ត្រូវចំណាយច្រើន ទាំងថ្លៃស្នាក់ ថ្លៃចាយច្រើនទៀត»។ 
 
ទោះបីមិនសូវរំពឹងថា ខ្លួនអាចមានឱកាសចាប់យកអាហារូបករណ៍ ដែលកំពុងហុចមកតែ រចំ ប្លី នៅតែមានសង្ឃឹមថា ខ្លួននឹងអាចស្វែងរក អង្គការណាមួយផ្ដល់អាហារូបករណ៍លើការស្នាក់នៅឬជំនួយខ្លះៗ ដើម្បីឱ្យនាងអាចមានលទ្ធភាពបន្តការសិក្សានៅភ្នំពេញបាន។ 
 
សម្រាប់ រចំ ប្លី ប្រសិនជារូបនាងខកខានឱកាសបន្តការសិក្សានៅឆ្នាំនេះតែនាងមិនបោះបង់ចោលក្ដីស្រមៃឡើយ ដោយយុវតីរូបនេះ នឹងធ្វើការងារមួយឆ្នាំសិនទើបបន្តការសិក្សាឆ្នាំក្រោយ។ យុវតីវ័យ២០ឆ្នាំរូបនេះ បានតាំងចិត្តបែបនេះថា៖«ខ្ញុំមិនបោះបង់ទេ។បើសិនខ្ញុំឈប់រៀនត្រឹមហ្នឹង យើងនឹងអត់ឱកាស។ បើយើងរៀនបានខ្ពស់យើងនឹងមានលទ្ធភាពធ្វើការល្អ។ ម៉្យាងបើយើងអត់រៀនបានចប់ យើងមិនអាចជួយគ្រួសារបានច្រើន
ជីវភាពនៅតែលំបាក»៕ 
 
 

Tag:
 បាក់ឌុប
  ចារ៉ាយ
 រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com