ជាតិ
អ្នកជំនាញទឹកកូរ៉េបណ្ដុះបណ្ដាលការគ្រប់គ្រងទឹកក្នុងបុរាណដ្ឋានដល់មន្រ្តីអប្សរា
03, Feb 2023 , 7:59 pm        
រូបភាព
សិក្ខាកាមទាំង១៥នាក់ដែលរៀនពីការគ្រប់គ្រងទឹកពីអ្នកជំនាញកូរ៉េ នាពិធីទទួលវិញ្ញាបនបត្រ។
សិក្ខាកាមទាំង១៥នាក់ដែលរៀនពីការគ្រប់គ្រងទឹកពីអ្នកជំនាញកូរ៉េ នាពិធីទទួលវិញ្ញាបនបត្រ។
សៀមរាប៖ ក្រុមវិស្វកម្មទឹកនៃវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ ហៅកាត់ថា KICT នៃប្រទេសកូរ៉េ បានផ្តល់វគ្គបណ្ដុះបណ្ដាលមួយដល់មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លើការងារគ្រប់គ្រងទឹក ការប្រើប្រាស់ឧបករណ៍មើលស្ថានភាពដីនៅតំបន់អង្គរ ចាប់ពីថ្ងៃទី៣០ មករា ដល់ថ្ងៃទី២ កុម្ភៈ ។


 
វគ្គបណ្ដុះបណ្ដាលធ្វើឡើងរយៈពេល៤ថ្ងៃ ដែលផ្តោតលើការវិភាគដី ស្រទាប់ដី ប្រព័ន្ធធារាសាស្រ្ដ និងការប្រើប្រាស់ម៉ាស៊ីនមួយចំនួន ក្នុងតំបន់បុរាណដ្ឋាន។ ក្រៅពីរៀនទ្រឹស្ដី សិក្ខាកាមទាំង ១៥រូប ក៏ចុះទៅអនុវត្តន៍ផ្ទាល់នៅការដ្ឋានព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូរ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)  តាមរយៈមូលនិធិ​បេតិកភណ្ឌវប្បធម៌កូរ៉េ​(KCHF)។ 
 

ការចុះអនុវត្តន៍នៅការដ្ឋានព្រះលានជល់ដំរី។ រូបភាព៖ KICT
 
ក្នុងពិធីផ្តល់វិញ្ញាបនបត្របញ្ចប់ការសិក្សានាព្រឹកថ្ងៃទី២ កុម្ភៈ លោក Jeoung Jae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថាន KICT បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាល​នេះ គឺផ្តោតសំខាន់លើការសិក្សា​លក្ខណៈដី ការរៀបចំដី ការអង្កេតដី លក្ខណៈភូមិសាស្រ្ដ ការវិភាគលើទឹកក្រោមដី និងលើដី និង ការប្រើប្រាស់ឧបករណ៍​ដើម្បីវិភាគជាដើម។
 
រីឯមន្រ្តីជាន់ខ្ពស់ នៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រវារី និងវិស្វកម្ម នៃស្ថាប័ន KICT លោក Jang Cheol-Hee បានឱ្យដឹងថា  ប្រព័ន្ធធារាសាស្រ្ដ មានសារសំខាន់សម្រាប់ប្រទេសនីមួយៗ ហើយវាកាន់តែមានតម្លៃសម្រាប់ប្រទេសដែលមានអគារខ្ពស់ៗ ដូចជាកូរ៉េជាដើម។ កម្ពុជាក៏ដូចគ្នា គួររៀនពីកិច្ចការនេះពីប្រទេសអភិវឌ្ឍន៍ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។



មន្រ្តីរូបនេះពន្យល់ថា ស្ថានភាពនៅព្រះលានជល់ដំរីនាពេលកន្លងមានបញ្ហារឿងទឹកដក់នៅពេល មានទឹកជន់ច្រើនម្ដងៗ ដ្បិតថាស្រទាប់ដីនៅតំបន់នោះមិនសូវជ្រាបទឹកលឿន។ លោកបន្ថែមថា កំពុងសិក្សាបន្ថែម ដើម្បីរកដំណោះស្រាយរៀបចំប្រព័ន្ធទឹកតំបន់នោះឡើងវិញ។
 
លោក ឡៃ ប៉ូទី ដែលជាសិក្ខាកាម និងជាអ្នកជំនាញទឹកផងដែរនោះ លើកឡើងថា វគ្គបណ្ដុះបណ្ដាលដែលផ្តល់ដោយអ្នកជំនាញកូរ៉េ បានរួមចំណែកពង្រីកចំណេះដឹង ស្ដីពីការគ្រប់គ្រងទឹកក្នុងតំបន់អង្គរឱ្យខ្លួន បានមួយកម្រិតទៀត។ លោក ប៉ូទី ប្ដេជ្ញាថានឹងប្រើ ចំណេះដឹងដែលរៀនបាន ដើម្បីរួមចំណែកអភិរក្សសំណង់បុរាណក្នុងតំបន់អង្គរឱ្យកាន់តែ ទូលំទូលាយបន្ថែមទៀត៕


 
 

Tag:
 ទឹក
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com