ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គួរញាំជាតិប្រៃតិច និង បង្កើនបរិមាណនៃជាតិប៉ូតាស្យូម
27, Feb 2023 , 6:59 am        
រូបភាព
ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា ការបន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ និង​ជម្រុញ​អោយ​មាន​ការកើនឡើង​នូវ​ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូម​នឹង​ការពារ​មនុស្ស​ជាច្រើន​លាន​នាក់​ពី​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ពិភពលោក​ក្នុង​មួយ​ឆ្នាំៗ​។​​ការស្រាវជ្រាវ​ថ្មី​នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត BMJ​។​

 
​ការស្រាវជ្រាវ​បាន​ពិនិត្យ​លើ​មនុស្សពេញវ័យ​ជាង​៣.០០០​នាក់ និង​បាន​រកឃើញថា ការថយចុះ​ការ​ញ៉ាំ​ជាតិ​ប្រៃ​ខ្ពស់​បាន​នាំអោយ​មាន​ការថយចុះ​សម្ពាធ​ឈាម​, នាំអោយ​មាន​ការថយចុះ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺខ្សោយបេះដូង​។​​ការស្រាវជ្រាវ​ស្រដៀង​គ្នា​មួយ​ក៏​បាន​រកឃើញ ការ​ញ៉ាំ​ជាតិ​ប្រៃ​តិច​នាំអោយ​មាន​សម្ពាធ​ឈាម​ចុះ និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​ចំពោះ​មនុស្សពេញវ័យ​។​
 
​មាន​ការបង្ហាញ​ថា ការថយចុះ​ការ​ញ៉ាំ​ជាតិ​ប្រៃ​បាន​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​កុមារ​ផងដែរ​។​​ការស្រាវជ្រាវ​ទី​៣​បាន​វិភាគ​លើ​មនុស្ស​ជាង​១២៨.០០០​នាក់ និង​បាន​រកឃើញថា ការកើនឡើង​ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូម​បាន​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​មនុស្សពេញវ័យ និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ​២៤%​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូម​ខ្ពស់​ក៏​អាច​ផ្តល់​ប្រយោជន៍​ដល់​កុមារ ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម​គឺជា​រឿង​ចាំបាច់​។​ប៉ូ​តា​ស្យូម​ត្រូវបាន​រកឃើញ​ថា​នៅក្នុង​ផ្លែឈើ និង​បន្លែស្រស់​។​
 
​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​គោលដៅ​រួម​មួយ​ដើម្បី​បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ​ពី​៥ ទៅ​៦​ក្រាម (​ប្រហែល​១​ស្លាបព្រា​កាហ្វេ​) ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​២០២៥​។ ទោះជា​យ៉ាងណា​ក៏ដោយ​, អ្នកស្រាវជ្រាវ និង​អ្នកឯកទេស​ដទៃ​ទៀត​បា​ន​ណែនាំ​អោយ​បន្ថយ​ការ​ញ៉ាំ​ប្រៃ​នេះ​ដល់​ទៅ​៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឯណោះ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com