ជាតិ
សេដ្ឋកិច្ច
តំបន់មានជ័យ ពោធិ៍សែនជ័យ និងសែនសុខ មានពលរដ្ឋខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុច្រើនជាងគេ នៅភ្នំពេញ
30, Mar 2023 , 8:59 am        
រូបភាព
រាជធានីភ្នំពេញមានពលរដ្ឋចំនួន៦១,៧ម៉ឺននាក់បានខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់សរុប៨១ ៦៨១​ ៦០៦លានរៀល (២០ពាន់លានដុល្លារ)។ តួរលេខនេះគឺគិតនៅត្រឹមដំណាច់ឆ្នាំ២០២២។ ក្នុងនោះតំបន់ដែលមានអ្នកខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុច្រើនជាងគេ មាននៅ ពោធិ៍សែនជ័យ មានជ័យ និងសែនសុខ។

 
សៀវភៅស្តីពីស្ថានភាពឥណទាននៅកម្ពុជាប្រចាំឆ្នាំ២០២២របស់ក្រុមហ៊ុនCredit Bureau Cambodia (CBC) បានបង្ហាញថា នៅតំបន់ពោធិ៍សែនជ័យ​មានពលរដ្ឋ១២៣ ៧៨៥នាក់, តំបន់មានជ័យមានពលរដ្ឋ ៧៣ ៨៣០នាក់ និងតំបន់សែនសុខ គឺមានពលរដ្ឋ ៦៩ ៤៤៥នាក់ ដែលបានខ្ចីលុយពីសេវាធនាគារ និងហិរញ្ញវត្ថុ។ តំបន់ទាំងបីនេះ មានចំនួនពលរដ្ឋប្រើប្រាស់សេវាឥណទានច្រើនជាងគេនៅភ្នំពេញ។ 
 
ដោយឡែក តំបន់ដែលពលរដ្ឋខ្ចីប្រាក់ក្នុងទំហំច្រើនជាងគេពីគ្រឹះស្ថានហិរញ្ញវត្ថុ គឺមាននៅតំបន់ទួលគោកក្នុងចំនួនទឹកប្រាក់សរុប៩ ៥៧៩​ ២៦២លានរៀល, តំបន់សែនសុខមានចំនួន ៩ ៤៤៩ ៤៩៧លានរៀល និងតំបន់បឹងកេងកង​​មានចំនួន ៧ ៨៥៩ ៧១៦លានរៀល​។ 
 
របាយការណ៍ពីCBCដដែលបន្តរៀបរាប់ថា ស្ថានភាពអតិថិជនមានប្រាក់កម្ចីនៅរាជធានីភ្នំពេញទាំងមូល គឺខ្ចីប្រាក់ពីតែ១ស្ថាប័នហិរញ្ញវត្ថុមានអត្រា៨០ភាគរយ, អ្នកខ្ចីប្រាក់ពី២ស្ថាប័នមានអត្រា ១៧ភាគរយ និងអ្នកខ្ចីប្រាក់ពី៣ស្ថាប័ន គឺមាន៣ភាគរយនៃចំនួនអ្នកប្រើប្រាស់ឥណទានសរុប​៦១,៧ម៉ឺននាក់។ 
 
បើតាមCBC នៅភ្នំពេញមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៦៨ស្ថាប័ន​ ដែលកំពុងប្រតិបត្តិការក្នុងការផ្តល់សេវាប្រាក់កម្ចីដល់ពលរដ្ឋក្នុងតំបន់នាពេលបច្ចុប្បន្ន។ ក្នុងនោះមានធនាគារចំនួន៦៨, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៥ និងក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទមានចំនួន២៥។​
 
CBC បានបញ្ជាក់ថា​ រាជធានីភ្នំពេញគឺឈរនៅលំដាប់ទីមួយដែលមានពលរដ្ឋ ៦១,៧ ម៉ឺននាក់ បានខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ​៨១ ៦៨១​ ៦០៦លានរៀល (២០ ពាន់លានដុល្លារ) ។ ទំហំឥណទាននេះ ​គឺស្មើនឹង៤២ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេសចំនួន ១៩៥ ៤៣៩ ២៣៤លានរៀល(៤៨ពាន់លានដុល្លារអាម៉េរិក)៕
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com