ជាតិ
សង្គមជាតិ
កុមារជាង១០០នាក់ ជិះកង់ផ្សព្វផ្សាយសិទ្ធិជនមានពិការភាព
05, Apr 2023 , 10:34 am        
រូបភាព
កម្មវិធីជិះកង់ផ្សព្វផ្សាយសិទ្ធិជនមានពិការភាព នាថ្ងៃទី៤ មេសា នៅសាលាបឋមសិក្សា ទៀបាញ់គំរូ ស្រុកពួក។
កម្មវិធីជិះកង់ផ្សព្វផ្សាយសិទ្ធិជនមានពិការភាព នាថ្ងៃទី៤ មេសា នៅសាលាបឋមសិក្សា ទៀបាញ់គំរូ ស្រុកពួក។
សៀមរាប៖ ក្រុមកុមារ ពិសេសកុមារដែលមានពិការភាព បានចូលរួមជិះកង់ដើម្បីផ្សព្វ​ផ្សាយ​សិទ្ធិជនមាន ពិការភាព ដល់សហគមន៍នៅស្រុកពួក និងបំផុសការផ្សព្វផ្សាយសិទ្ធិនេះ​ឱ្យកាន់តែទូលំទូលាយ។

 
លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ បានឱ្យដឹងថា កម្មវិធីជិះកង់ដែលរៀបចំនៅ​ថ្ងៃទី៤ មេសា ចាប់ផ្តើមពីសាលាបឋមសិក្សាទៀបាញ់គំរូ ស្រុកពួក មានអ្នកចូលរួមប្រមាណជាង ១០០នាក់។ ពួកគេភាគច្រើនជាកុមារក្រីក្រ កុមារមានពិការភាពសតិបញ្ញា ដែលទទួលបាន​ការ​ឧបត្ថម្ភរៀនសូត្រ ពីអង្គការ។ លោកបន្តថា កម្មវិធីនេះមានបំណងផ្សព្វផ្សាយសិទ្ធិ និងការចូលរួម​របស់ជនមានពិការភាព ពិសេសស្រ្តី និងកុមារី ដើម្បីឱ្យពួកគាត់កាន់យល់ពីសិទ្ធិខ្លួនឯង និងចូលរួម​អភិវឌ្ឍន៍សហគមន៍ ដោយទទួលបានមុខជំនាញ​វិជ្ជាជីវៈ និងប្រកបរបរប្រកបដោយបរិយាបន្ន មិនមានការរើសអើងពីសង្គម។

ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ លោក វង្ស វុទ្ធី

កម្មវិធីជិះកង់ដែលមានចម្ងាយ៥គីឡូ នៅតាមសហគមន៍ក្នុងស្រុក ក៏ដើម្បីអបអរទិវាសិទ្ធិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិរបស់ជនមានពិការភាព ជាពិសេស្រ្តីនិងកុមារី ចូលរួមសកម្មភាពអភិវឌ្ឍន៍​សហគមន៍ ដោយមិនមានការរើសអើង។ លោក វង្ស វុទ្ធី បន្តថា រយៈពេល៧ឆ្នាំ ហើយដែលអង្គការ សាលារៀនទន្សាយបានអនុវត្តគម្រោងនៅស្រុកពួក ដែលធ្វើការលើសាលាក្នុងឃុំចំនួន៥ មានឃុំពួក សសរស្តម្ភ ខ្នាត និងត្រីញ័រ។ គោលដៅរបស់អង្គការ គឺចង់លុបបំបាត់ការរើសអើង លើជនមានពិការភាព និងឲ្យពួកគេចូលរួមអភិវឌ្ឍន៍សង្គមដូចគេផ្សេងទៀតដែរ។
 
អភិបាលរងស្រុកពួក អ្នកស្រី ឆែម សុធា លើកឡើងថា កន្លងមករដ្ឋបាលស្រុកតាមរយៈការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយអង្គការសាលារៀនទន្សាយ ក្នុងបំណងឱ្យ កុមារមានពិការភាពបានចូលរៀនកាន់តែច្រើន។ ក្នុងនោះដែរ តាមរយៈអង្គការបានជួយជំរុញផ្សព្វផ្សាយ សិទ្ធិកុមារ និងស្រ្តីមានពិការភាព ដោយឱ្យពួកគេចូលរៀនដូចកុមារដទៃទៀតដែរ ក៏ដូចជាផ្ដល់​សម្ភារសិក្សា កង់ និងកញ្ចប់ស្បៀងអាហារជាដើម។ បន្ថែមពីនោះ ជួយបង្កើតមុខរបរខ្នាតតូច ដល់គ្រួសារ កុមារមានពិការភាព ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។



ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោក កឺក ពិនណារិទ្ធ​ លើកឡើងថា ក្រៅពីផ្សព្វផ្សាយសិទ្ធិជនមានពិការភាព និងការស្វែងរកមុខរបរដល់ពួកគេ ក្នុងនោះការិយាល័យក៏កំពុង ជំរុញបន្ថែមឱ្យមានការកំណត់អត្តសញ្ញាណកម្មជនពិការភាពក្នុងស្រុក ធ្វើយ៉ាងណាឱ្យពួកគេអាច​ប្រើប្រាស់បណ្ណសម្រាប់តម្រូវការផ្សេងៗ។ 
 
សម្រាប់លោក កឺក ពិនណារិទ្ធ ការផ្សព្វផ្សាយសិទ្ធិជនមានពិការភាពគឺសំខាន់ណាស់ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព ពិសេសស្រ្តី និងកុមារ ដើម្បីទទួលបានការអភិវឌ្ឍ និងការចូលរួមរបស់ពួកគេក្នុងសង្គមជាតិ៕
 

 
 

Tag:
 សង្គម
  កុមារ
  ជិះកង់
  សិទ្ធិជនមានពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com