ជាតិ
អ្នកគ្រប់គ្រងការផលិតកម្មវិធី ទទក នឹងផ្សព្វផ្សាយល្បែងប្រជាប្រិយខ្មែរចម្រុះនាចូលឆ្នាំ
13, Apr 2023 , 7:59 am        
រូបភាព
លោក ប៉ាវ  ម៉េងស្រ៊ុន  អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា  ទទក
លោក ប៉ាវ ម៉េងស្រ៊ុន អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ទទក
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ បទចម្រៀង និង ការបង្ហាញពីទម្រង់លេងល្បែងទាញព្រ័ត្រ បោះអង្គុញ ចោលឈូង ខ្លែងឆាបកូនមាន់  លាក់កន្សែងជាដើ់ម ត្រូវបានផលិតដោយស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ទទក ហើយនឹងផ្សព្វផ្សាយទៅកាន់គ្រប់ទីកន្លែង តាមរយៈបណ្តាញខ្សែកាបនៃទូរទស្សន៍មួយនេះ ដើម្បីបំផុសឱ្យមានការចូលរួមលេងនៅតាមទីវត្តអារាមនានា ក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ពីលោក ប៉ាវ ម៉េងស្រ៊ុន អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយ៍ទូរទស្សជាតិកម្ពុជា ទទក  ។

 
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក ប៉ាវ ម៉េងស៊្រុន អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖


 
 
កញ្ញា សុង សុធាវី៖ លោកប្រធាន សម្រាប់ការត្រៀមបង្ហាញ ល្បែងប្រជាប្រិយខ្មែរជាច្រើន នាពេលខាងមុខ តើនឹងជំរុញការផ្សព្វផ្សាយបែបណា ដើម្បីឱ្យបានទៅដល់យុវជនជំនាន់ក្រោយ?
លោក ប៉ាវ ម៉េងស្រ៊ុន៖ បាទ បើនិយាយពីការជំរុញ ការលេងល្បែងប្រជាប្រិយ ល្បែងកម្សាន្ត និង កម្មវិធីវប្បធម៌មួយចំនួន​ នាបុណ្យចូលឆ្នាំនេះ ខ្ញុំបានបង្កើតទីតាំងមួយ នៅក្នុងវត្តឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យើងតែងតែបំផុសយុវជន ដែលនៅជុំវិញតំបន់ហ្នឹង ឱ្យបានមកចូលរួមលេងកម្សាន្ត ហើយ ទន្ទឹមគ្នានឹងស្ថាប័នមួយចំនួនទៀត ដែលកំពុងតែធ្វើរឿងនេះដែរ។ ក្រៅពីនេះក៏មានបងប្អូនអ្នកសិល្បៈមួយចំនួន ព្រមទាំង ធនធានពីខាងសាលាមធ្យម និង វិចិត្រសិល្បៈចូលរួមផងដែរ ដើម្បីបង្ហាញពីរបៀបស្លៀកពាក់នូវវប្បធម៌របស់យើង។ អ៊ីចឹង យើងបង្ហាញពីការស្លៀកពាក់ ដែលមានហូល ផាមួង ទាំងការស្លៀកពាក់បែបុរាណផងដែរ។ អ៊ីចឹង យើងក៏បង្ហាញពីរបៀបលេងឱ្យបានត្រឹមត្រូវ ហើយឱ្យគាត់ចូលរួមទាំងអស់គ្នា ទាំងចូលរួមសម្តែង ហើយនិងចូលរួមរៀនផងដែរ។ 
 
កញ្ញា  ​សុង សុធាវី៖ តើមានល្បែងប្រជាប្រិយខ្មែរអ្វីខ្លះ សូមលោកជួយជម្រាបបញ្ជាក់បន្តិចមក?
លោក ប៉ាវ ម៉េងស្រ៊ុន៖ ល្បែងប្រជាប្រិយហ្នឹងយើងមានច្រើន ដូចជា ខ្លែងឆាបកូនមាន់ លាក់កន្សែង បោះអង្គុញ ចោលឈូងជាដើម និង ល្បែងកម្សាន្តដូចជា ខាំប៉ិគក់ និង វាយក្អមផងដែរ។  ទាំងអស់ហ្នឹងគឺជាការបំផុសឱ្យមានភាពសប្បាយរីករាយ នៅតាមទីវត្តអារាម និង ទីកន្លែងដែលសមស្របមួយចំនួន នៅរដូវកាលចូលឆ្នាំ។ អ៊ីចឹង យើងតែងតែបំផុសរាល់ឆ្នាំ និង ផលិតរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ផង និង តាមបណ្តាញសង្គមផង ឱ្យកាន់តែជ្រាបដល់យុវជនខ្មែរយើងជំនាន់ក្រោយ ដែលល្បែងទាំងនេះ គឺលេងតែពេលចូលឆ្នាំទេ! អ៊ីចឹង យើងបំផុស ផ្សព្វផ្សាយ ​ឱ្យបានកាន់តែទូលំទូលាយហើយ និង បំផុសឱ្យពួកគាត់ចូលរួមលេងទៀត។ 
 
កញ្ញា សុង សុធាវី៖  យើងឃើញថា រាល់ឆ្នាំមានការផ្សព្វផ្សាយឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរច្រើន តើលោកគិតថា នឹងមានការចូលរួមលេងពីយុវជនខ្មែរបែបណាដែរ បើធៀបនឹងឆ្នាំមុនៗ?
លោក ប៉ាវ ម៉េងស្រ៊ុន៖  ខ្ញុំគិតថា ឆ្នាំនេះ ប្រហែលជាសប្បាយជាងឆ្នាំណាៗទាំងអស់! ព្រោះរាជរដ្ឋាភិបាលប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តឡើងវិញ ហើយក្នុងកម្មវិធីអង្គរសង្រ្កាន្តនោះបានបង្ហាញពីវប្បធម៌ជាច្រើន ក៏ដូចជាការលងនូវល្បែងប្រជាប្រិយ និង ល្បែងកម្សាន្ត។ ក្នុងនាមជាស្ថាប័នរដ្ឋដូចខ្ញុំ  ក៏ត្រៀមនូវកម្មវិធីទាក់ទងនឹងសិល្បៈចម្រុះ និង ចម្រៀងរាំលេងសប្បាយ ក៏ដូចជាការផ្សាយផ្ទាល់ពីទិដ្ឋភាពនៅតាមតំបន់មួយចំនួនផងដែរ។ ជាមួយគ្នានេះ ក៏មានការផ្សាយពីប្រដាល់គុនខ្មែរដែរ។ អ៊ីចឹង នឹងមានការផុសផុលខ្លាំងមែនទែន ដោយសារតែប៉ុន្មានឆ្នាំមុនមានបញ្ហាកូវីដ! តែពេលនេះយើងមានការធូរស្រាលខ្លាំងហើយ ដូចនេះ ច្បាស់ជាសប្បាយខ្លាំងមែនទែន។ ប៉ុន្តែ ទន្ទឹមនឹងការសប្បាយហ្នឹងក៏មានការប្រយត្ន័ប្រយែងដែរ ទី១ រឿងចរាចរណ៍ ហើយទី២ រឿងបញ្ហាកូវីដ- 19 នេះ ដែលយើងក៏មាននៅសល់តិចតួចដែរ៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com