ជាតិ
កសិករភូមិព្រែកថ្មី មមាញឹកថែទាំផ្កាម្លិះ ត្រៀមប្រមូលលក់ក្នុងថ្ងៃចូលឆ្នាំ​
13, Apr 2023 , 9:59 am        
រូបភាព
ភ្នំពេញ៖ តាំងពីដើមខែមេសា កសិករភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ក្នុងខណ្ឌច្បារអំពៅ យកចិត្តទុកដាក់ថែទាំ និងមមាញឹកប្រមូលផលដំណាំផ្កាម្លិះបណ្ដើរៗ ដើម្បីត្រៀមលក់ក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នារដូវចូលឆ្នាំថ្មី ឆ្នាំ២០២៣នេះ ផ្កាម្លិះមានទីផ្សារល្អដោយកសិករអាចលក់ផ្កាម្លិះបានចាប់ពីតម្លៃ ៣ម៉ឺនរៀល ទៅ៨ម៉ឺនរៀល និងអាចហក់ឡើងដល់ជាង១០ម៉ឺនរៀលឯណោះក្នុងមួយគីឡូក្រាម។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

អ្នកស្រី ស្រង់ ថាន ជាកសិករដាំផ្កាម្លិះ ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កំពុងមមាញឹកប្រមូលផលផ្កាម្លិះលក់បណ្ដើរៗហើយ តាំងពីដើមខែមេសា។ អ្នកស្រី ថាន បញ្ជាក់ថា ផ្កាម្លិះឆ្នាំនេះមានទីផ្សារដូចរាល់ឆ្នាំដែរ ហើយតម្លៃមិនថមថយចុះឡើយ។ ពលរដ្ឋរូបនេះ អាចលក់បានចន្លោះពី៣ម៉ឹនរៀល  ទៅ៥ម៉ឺន និងឈានដល់ជាង១០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម អាស្រ័យតាមតម្រូវការជាក់ស្តែងប្រចាំថ្ងៃ។


អ្នកស្រី ស្រង់ ថាន កសិករដាំផ្កាម្លិះ ក្នុងភូមិព្រែកថ្មី  
 
បច្ចុប្បន្នអ្នកស្រី ថាន ដាំដុះផ្កាម្លិះរាប់រយដើម លើដីទំហំ៣៥ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ហើយវាកំពុងចេញផ្កាបណ្ដាក់គ្នាបណ្ដើរៗហើយ។ កសិករវ័យ៤៧ឆ្នាំរូបនេះ អះអាងថា ប៉ុន្មានថ្ងៃដំបូងនេះ ផ្កាម្លិះមិនសម្បូរឡើយ ដោយមួយថ្ងៃអ្នកស្រី អាចបេះបានត្រឹម១-២គីឡូក្រាមប៉ុណ្ណោះ។ «មួយថ្ងៃបេះបានជាង១០គីឡូ ឬ៥គីឡូតាមឡើងតាមចុះ។ បើម្សិលមិញបានជាង១គីឡូ ព្រោះផ្កាចេញដំបូងហ្នឹង មិនទាន់សម្បូរដល់៤-៥ថ្ងៃទៀត បានពេញបេះបាន១០គីឡូ(ក្រាម) ក្នុងមួយថ្ងៃអ៊ីចឹង តាមឡើងតាមចុះ»។ នេះជាការលើកឡើងរបស់អ្នកស្រី ស្រង់ ថាន។
 
អ្នកស្រី ថាន អះអាងទៀតថា ជារៀងរាល់ឆ្នាំកៀកនឹងពិធីចូលឆ្នាំ ផ្កាម្លិះត្រូវប៉ាន់ និងលក់បានតម្លៃខ្ពស់។ ដូច្នេះចូលឆ្នាំខ្មែរនេះ អ្នកស្រី និងស្វាមី កំពុងយកចិត្តទុកដាក់ថែទាំខ្លាំង ស្រោចទឹក ដាក់ជី ដោយរំពឹងថា នឹងប្រមូលផលបានច្រើន ក្នុងឱកាសចូលឆ្នាំថ្មី។ ក្រៅពីបោះឱ្យឈ្មួញមកទិញដល់ចម្ការ អ្នកស្រី ថាន ក៏ចាក់ និងក្រងផ្កាម្លិះលក់ដោយខ្លួនឯងផងដែរ ព្រោះវាបានតម្លៃថ្លៃជាង។
 
កសិករភូមិព្រែកថ្មីម្នាក់ទៀត គឺលោក ប៊ុត សុធី ក៏ថែទាំផ្កាម្លិះមិនធ្វេសប្រហែសដែរ ដើម្បីឱ្យបានផលច្រើន សម្រាប់លក់នារដូវចូលឆ្នាំថ្មីនេះ។ លោក សុធី ថាផ្កាម្លិះរបស់លោក លក់បានតម្លៃថ្លៃ ចន្លោះពី៥ម៉ឺនរៀល ទៅជាង១០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ តម្លៃឡើងឬចុះនេះ គឺអាស្រ័យតាមតម្រូវការទីផ្សារ មានន័យថា បើទីផ្សារមានតម្រូវការច្រើនហើយផ្កាពុំសូវសម្បូរនោះនឹងលក់បានតម្លៃថ្លៃ ប៉ុន្តែបើផ្កាសម្បូរតម្លៃនឹងធ្លាក់តាមនោះផងដែរ។ យ៉ាងណា នារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ផ្កាម្លិះកំពុងមានតម្រូវការ ដូច្នេះទោះជាមានច្រើន ក៏អាចលក់បានតម្លៃខ្ពស់គួរសមផងដែរ។


លោក ប៊ុត សុធី កសិករដាំផ្កាម្លិះ ក្នុងភូមិព្រែកថ្មី 
 
កន្លងមកលោក សុធី អាចលក់ផ្កាម្លិះនេះបានតម្លៃខ្ពស់ ដល់ទៅជាង២០ម៉ឺនរៀលឯណោះក្នុងមួយគីឡូក្រាម។ ប៉ុន្តែសម្រាប់ចូលឆ្នាំនេះ លោក បានត្រៀមផ្កាម្លិះជាច្រើនគីឡូក្រាមសម្រាប់លក់ និងចាក់ជាភួងផ្កាសម្រាប់ត្រៀមលក់ផងដែរ។ បច្ចុប្បន្នលោក សុធី មិនរំពឹងតែទីផ្សារឈ្មួញមកដល់ចម្ការឡើយ លោក បានយកផ្កាម្លិះទៅលក់នៅផ្សារចាស់ដោយខ្លួនឯង ព្រោះបានតម្លៃខ្ពស់ជាង។
 
«ក្រៅពីបោះឱ្យឈ្មួញជាគីឡូ ខ្ញុំក៏ចាក់ផ្កាម្លិះហ្នឹងលក់ខ្លួនឯងដែរ។ ដូចខ្ញុំមកបេះផ្កា(ពេល)ព្រឹកទម្រាំហើយដល់ម៉ោង១២ ចឹងទៅវិញអង្គុយចាក់ផ្កាភួង ផ្កាម្លិះចង្កាក់ ទម្រាំហើយដល់ល្ងាចម៉ោង៤ សម្រាប់លក់។ ផ្កាចាក់អ៊ីចឹងលក់បានតម្លៃថ្លៃជាងបោះឱ្យឈ្មួញ»។ នេះជាការលើកឡើងរបស់លោក សុធី ដែលបន្តថា លោកបានត្រៀមចាក់ផ្កា ប្រមាណ២០០ចង្កាក់សម្រាប់យកទៅលក់នាពេលចូលឆ្នាំខ្មែរនេះ។
 
ចំណែកឯ អ្នកស្រី ធេង ចាន់ធី ម្ចាស់ចម្ការផ្កាម្លិះម្នាក់ទៀត ក្នុងភូមិព្រែកថ្មី ក៏មិនខុសពីកសិករទាំង២ខាងដែរ ដែលកំពុងមមាញឹកថែទាំដំណាំដោយយកចិត្តទុកដាក់ និងកំពុងប្រមូលផលផ្កាម្លិះលក់បណ្ដើរៗ តាំងពីដើមខែមេសាមក។ អ្នកស្រី ចាន់ធី ថាកៀកដល់ពេលចូលឆ្នាំខ្មែរនេះ តម្រូវការផ្កាម្លិះកើនឡើង ហើយតម្លៃក៏ដូចគ្នា ដូច្នេះអ្នកស្រី បានត្រៀមផ្កាជាច្រើនសម្រាប់លក់ផងដែរ។


 អ្នកស្រី ធេង ចាន់ធី កសិករដាំផ្កាម្លិះ ក្នុងភូមិព្រែកថ្មី

«ផ្កាម្លិះនេះ មិនទៀងតម្លៃទេ។ ប៉ុន្មានថ្ងៃមុនលក់បាន៥ម៉ឹនរៀល ក្នុងមួយគីឡូក្រាម ហើយថ្ងៃហ្នឹងអាចចុះបន្តិច ហើយក្រោយទៀតអាចឡើងដល់៨-៩-១០ម៉ឺនអ៊ីចឹងទៅ។ វាអត់ទៀងទេ»។ នេះជាការលើកឡើងរបស់អ្នកស្រីស ចាន់ធី ដែលបន្តប្រៀបធៀបតម្លៃនេះ ទៅនឹងពេលកន្លងថា មិនខុសគ្នាឡើយ គឺវាអាស្រ័យតាមបរិមាណនៃតម្រូវការទីផ្សារ និងទិន្នផលផ្កាផងដែរ។
 
ស្រ្តីរូបនេះ បញ្ជាក់ថា នាដើមរដូវចេញផ្កានេះ អ្នកស្រីអាចបេះលក់បានចន្លោះ ៤-៥គីឡូក្រាម ក្នុងមួយថ្ងៃ ហើយបន្តទៅប្រហែល៤-៥ថ្ងៃបន្ទាប់ ទើបផ្កាម្លិះសម្បូរ។ ដូច្នេះនឹងអាចប្រមូលផលបានជាង១០គីឡូក្រាម ឯណោះក្នុងមួយថ្ងៃ។ សម្រាប់ទីផ្សារអ្នកស្រី ចាន់ធី លក់រាយដោយខ្លួនឯងខ្លះ ចាក់ភួងលក់ខ្លះ និងបោះឱ្យឈ្មួញមួយចំនួនផងដែរ៕
 




 
 

Tag:
 ផ្កាម្លិះ
© រក្សាសិទ្ធិដោយ thmeythmey.com