ជាតិ
លោក​ ឃួង​ ស្រេង​៖​ ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ​ ជួយ​កាត់​បន្ថយ​ចំណាយ​ និង​ទប់​ស្កាត់​ការឡេីងថ្លៃរបស់​ក្រុម​ហ៊ុន​មួយចំនួន
13, Apr 2023 , 11:19 am        
រូបភាព
លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ អះអាងថា ការ​រៀបចំ​រថយន្តក្រុង​សម្រាប់​ពលរដ្ឋ​នាពេលនេះ​ គឺ​ជួយ​កាត់​បន្ថយ​ចំណាយ​ ជាពិសេស​ចូលរួម​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​របស់​ក្រុម​ហ៊ុន​ដដឹកជញ្ជូន​មួយចំនួន។ លោក លើកឡើងបែបនេះ ក្នុងពេលចុះពិនិត្យពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង​ទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ មេសានេះ។


ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋនៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ រដ្ឋបាល​រាជធានីភ្នំពេញ បាន​រៀបចំរថយន្ត​ក្រុង​ចំនួន ៣៤៥គ្រឿង សម្រាប់​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា។ រថយន្តក្រុង​ទាំង ៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​បែង​ចែក ៧០គ្រឿងសម្រាប់​ដឹក​ជញ្ជូនពលរដ្ឋ​នៅ​រាជធានីភ្នំពេញ។ ចំណែក ២៧៥គ្រឿង​ទៀតសម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ធ្វើ​ដំណើរ​ពីរាជធានីភ្នំពេញ​ទៅ​កាន់​បណ្ដាខេត្ត​មួយចំនួន។

ស្ថិត​នៅ​ទីតាំ​ង​ចំណត​រង្វង់​មូល​ទេព​មច្ឆា​ លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ការ​រៀបចំ​រថយន្តក្រុង​សម្រាប់​ពលរដ្ឋ​នាពេលនេះ​ គឺ​ជួយ​កាត់​បន្ថយ​ចំណាយ​ ជាពិសេស​ចូលរួម​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​របស់​ក្រុម​ហ៊ុន​ដដឹកជញ្ជូន​មួយចំនួន។ 
 
សូម​បញ្ជាក់​ថា​ សម្រាប់​ពលរដ្ឋ​មាន​បំណងធ្វេី​ដំណេីរ​ទៅ​ស្រុក​កំណើត​អាច​មក​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​  នៅ​តាម​ទីតាំងចំណត​ទាំង​៧​​ ដែល​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com