ជាតិ
ភ្នំពេញ កណ្ដាល សៀមរាប និងតាកែវ មានឱកាសបញ្ជូនសិស្សទៅប្រឡង​សិស្សពូកែ ច្រើនជាងខេត្តដទៃ
19, Apr 2023 , 6:59 pm        
រូបភាព
រូបតំណាង។ សិស្សពូកែទូទាំងចូលរួមប្រឡងនៅខេត្តសៀមរាបកាលពីឆ្នាំ២០២២។ រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា.JPG
រូបតំណាង។ សិស្សពូកែទូទាំងចូលរួមប្រឡងនៅខេត្តសៀមរាបកាលពីឆ្នាំ២០២២។ រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា.JPG
ភ្នំពេញ៖ ការប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១២ ខែមិថុនា នា​វិទ្យាល័យ នេត យ៉ង់ ខេត្ត​បាត់ដំបង។ មិនខុសពីឆ្នាំកន្លងទៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល,សៀមរាប និង​ខេត្ត​​តាកែវ នៅតែឈរខ្ពស់លើការ​បញ្ជូនសិស្ស​ទៅ​ប្រឡងសិស្សពូកែទូទាំងប្រទេស។ 



ក្នុង​តារាង​បែងចែកបេក្ខជនសិស្សពូកែ និងប្រតិភូតាមរាជធានី-ខេត្ត សម្រាប់​ការ​ប្រឡង​ជ្រើសរើស​សិស្សពូកែទូទាំងប្រទេស ឆ្នាំ​២០២៣ បង្ហាញថា រាជធានី​ភ្នំពេញ អាច​បញ្ជូន​បេក្ខជនចូលរួម​ប្រឡងចំនួន ៦៦រូប។ ចំណែក​ខេត្ត​កណ្ដាល អាច​បញ្ជូន​បេក្ខជន​ចូលរួម​ប្រឡងចំនួន ៣៩រូប, ​ខេត្តសៀមរាប និង​ខេត្ត​តាកែវ អាចបញ្ជូន ​៣៦រូប ដូចគ្នា។
  

ជ័យលាភីសិស្សពូកែកាលពីឆ្នាំ២០២២។ រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា
 
ដោយឡែក ខេត្ត​បាត់ដំបង និង​ព្រៃវែង អាច​បញ្ជូន​បេក្ខជនចូលរួម​ចំនួន ៣៣រូប ខណៈ​ខេត្ត​កំពង់ចាម អាច​បញ្ជូន​បាន ៣០រូបផងដែរ។ បើតាម​តារាងបែងចែកខាងលើ ខេត្ត​បន្ទាយមានជ័យ, កំពង់ស្ពឺ និង​កំពត អាច​បញ្ជូន​បេក្ខជនចូលប្រឡងចំនួន ២១រូបក្នុងមួយខេត្ត។
 
ចំពោះខេត្តកំពង់ឆ្នាំង, កំពង់ធំ និង​ត្បូងឃ្មុំ មាន​ឱកាស​បញ្ជូន​បេក្ខជន​ចូលរួម​ប្រឡងចំនួន ១៨នាក់ ក្នុងមួយខេត្ត។ ក្រៅពីបណ្ដាខេត្តខាងលើ ខេត្តស្វាយរៀង អាចបញ្ជូន​បេក្ខជនចូលរួមប្រឡងចំនួន ១៥នាក់ និងខេត្ត​ពោធិ៍សាត់វិញ អាចបញ្ជូនបេក្ខជនបាន ១២នាក់។
 
សម្រាប់ខេត្តដែលបញ្ជូនបេក្ខជនចូលរួមប្រឡងក្រោម១០រូបរួមមាន ខេត្ត​ក្រចេះ​ មាន៩រូប, កោះកុង, មណ្ឌលគិរី, ព្រះវិហារ, រតនគិរី, ព្រះសីហនុ, ស្ទឹងត្រែង, កែប និង​ប៉ៃលិន មាន​ចំនួន ៦រូប ក្នុងមួយខេត្ត។ បេក្ខជន​ចូលរួម​ប្រឡង​សិស្ស​ពូកែទូទាំងប្រទេស ឆ្នាំ​២០២៣នេះ មាន​ចំនួន ៤៨០រូប ដោយក្នុងមួយមុខវិជ្ជា មាន៨០រូប។
 
សូម​បញ្ជាក់ថា ការ​ប្រឡងសិស្សពូកែទូទាំងប្រទេសនេះ នឹង​ជ្រើសរើសជ័យ​លាភីចំនួន ១០រូប ក្នុង​មួយ​មុខវិជ្ជា។ សិស្ស​ពូកែ​ជាប់​ជ័យ​លាភី​លេខ១ នឹងទទួល​បាន​ថវិកា៣លាន៥សែនរៀល, មេដាយ​មាស​មួយ​គ្រឿង​, ​​លេខ២ ទទួល​បាន​ថវិកា ៣លាន២សែនរៀល, មេដាយ​ប្រាក់​​មួយ​គ្រឿង​ និង​​លេខ៣ ទទួល​បាន​ថវិកា ២លាន៩សែនរៀល, មេដាយ​សំរិទ្ធ​​មួយ​គ្រឿង រួមទាំង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែទូ​ទាំង​ប្រទេស និង​ប្រកាសស្ដីពីការទទួល​ស្គាល់សិស្ស​ពូកែ​ដោយ​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកជ័យលាភីលេខ៤-១០ នឹង​ទទួលបាន​ថវិកាមួយចំនួន រួមទាំង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែទូ​ទាំង​ប្រទេស និង​ប្រកាសស្ដីពីការទទួល​ស្គាល់សិស្ស​ពូកែ​ដោយ​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕​
 

Tag:
 សិស្សពូកែទូទាំងប្រទេស
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com