ជាតិ
សេដ្ឋកិច្ច
ជើងហោះហើរនៅកម្ពុជា​ មានការកើនឡើងជាង១៥ភាគរយ​ នារដូវកាលស៊ីហ្គេម
01, May 2023 , 8:59 pm        
រូបភាព
ប្រតិភូកីឡាករប្រទេសម៉ាឡេស៊ី បានមកដល់ព្រលានយន្តហោះហើរអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១ឧសភា។​ រូបថត៖ លោក ជា អូន  អ្នកនាំពាក្យអាកាសចរស៊ីវិល
ប្រតិភូកីឡាករប្រទេសម៉ាឡេស៊ី បានមកដល់ព្រលានយន្តហោះហើរអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១ឧសភា។​ រូបថត៖ លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល
សល់៤ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា​នឹងបើកព្រឹត្តិការណ៍​ការប្រកួតកីឡា​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍ (SEA GAMES)ជាផ្លូវការ ​ ខណៈប្រតិភូកីឡា និង អ្នក​គាំទ្រ​ពីបណ្តាប្រទេសនានាបានមកកម្ពុជាជាបណ្តើរៗ​ហើយ។ ការណ៍នេះបានធ្វើឱ្យជើងហោះហើរមានកើនឡើងប្រមាណ១៥ភាគរយ នារដូវការកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេមលើកទី៣២។

 
ជាធម្មតាជើងហោះហើររបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ១០ភាគរយក្នុងមួយខែ។ ប៉ុន្តែ ក្នុងចន្លោះពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ កំណើនហោះហើរ​មានដល់ជិត២៥ភាគរយ។ នេះជាការលើកឡើងរបស់លោក ជា អូន  អ្នកនាំពាក្យអាកាសចរស៊ីវិល ដោយបន្តប្រាប់សារព័ត៌មានថ្មីៗថា៖ «នារដូវកាលស៊ីហ្គេមនេះ ​គឺយើងកើនជាង១០ភាគរយ​ បើធៀបនឹង ពេលធម្មតា»។​​ 
 
ព្រឹត្តិការណ៍​ការប្រកួតកីឡា​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍(SEA GAMES)លើកទី៣២ ដែលធ្វើឡើងនៅទឹកដីកម្ពុជា​ មានប្រតិភូកីឡាប្រមាណ១ម៉ឺនចូលរួម។ បើតាមលោក​ ជា អូន  ក្រៅពីប្រតិភូកីឡាទាំងនេះ ក៏មានអ្នកគាំទ្រកីឡាមកពីបណ្តាប្រទេសនានាចំនួន១ម៉ឺននាក់​ ដែលធ្វើដំណើរតាមយន្តហោះផងដែរ។ អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះ បានបញ្ជាក់ថា៖ «ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរជាងច្រើនគេ ក្នុងចំណោមជើងហោះទាំង៣របស់យើង»។ 
 
​គួរជម្រាបថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពកីឡាក្នុងព្រឹត្តិការណ៍នេះ គឺជាបន្ទុករបស់រដ្ឋាភិបាល រាប់ទាំងចំណាយលើការស្នាក់នៅ និងអាហាររបស់ប្រតិភូកីឡាករនៃបណ្តាប្រទេសចូលរួម រួមទាំងថ្លៃសំបុត្រចូលទស្សនាការប្រកួតកីឡានីមួយៗផងដែរ។  រដ្ឋាភិបាលធ្វើបែបនេះ គឺដើម្បីឱ្យពិភពលោកស្គាល់កាន់តែច្បាស់អំពីកិត្យានុភាពរបស់កម្ពុជា៕​
 
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com