កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក សៅ សុខា ប្រកាសលាលែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់ភ្លាមៗ ក្រោយកម្ពុជាចាញ់មីយ៉ាន់ម៉ា
07, May 2023 , 9:28 pm        
រូបភាព
លោក សៅ សុខា តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានប្រកាសលាលែងពីតំណែងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា នេះ ក្រោយពេលដែលឈុតបុរសស៊ីហ្គេមកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ នាជំនួបជម្រុះក្នុងពូល ដែលធ្វើឱ្យឱកាសឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ស្ទើរតែបាត់បង់។

 
«បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រឹត្តិការណ៍ Sea Games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំសូមប្រគល់ជូនលោក ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ»។ លោក សៅ សុខា បានសរសេរបែបនេះ។
 
លោក សៅ សុខា ដែលបានដឹកនាំសហព័ន្ធកីឡាបាល់ទាត់តាំងពីឆ្នាំ២០០៦មកនោះ បានអរគុណ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងពលរដ្ឋដែលបានបញ្ចេញមតិគាំទ្រលោកឱ្យបន្តតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ «សូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយៈការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ» ។ 
 
លោកក៏បានអរគុណអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ផងដែរ។

U22 កម្ពុជា បានប្រកួតចាញ់មីយ៉ាន់ម៉ា ២-០ នៅក្នុងពូល A ដែលធ្វើឱ្យឱកាសរបស់ពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាន់តែតែស្តួចស្តែង។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី ទទួលបានកៅអីទៅវគ្គខ្វែងដោយស្វ័យប្រវត្តិក្រោយឈ្នះទាំងបីប្រកួតក្នុងពូល ខណៈមីយ៉ាន់ម៉ា ឈរលេខ២ ដោយមាន៦ពិន្ទុ។ កម្ពុជា មាន៤ពិន្ទុ ដោយឈ្នះទីម័រខាងកើត ៤-០, ស្មើហ្វីលីពីន ១-១ និងចាញ់មីយ៉ាន់ម៉ា ២-០។
 
សម្រាប់ការប្រកួតចុងក្រោយក្នុងពូល កម្ពុជាត្រូវប៉ះឥណ្ឌូណេស៊ី ក្រុមកំពូលតារាង ខណៈមីយ៉ាន់ម៉ា ហ្វីលីពីន។ ឱកាសដែលអាចទៅរួចរបស់កម្ពុជា គឺពួកគេត្រូវយកឈ្នះឥណ្ឌូណេស៊ី ដោយរំពឹងមីយ៉ាន់ចាញ់ហ្វីលីពីន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com