ជាតិ
សន្តិសុខ និងអាជីវករផ្សារចាស់ រៀនពីរបៀបប្រើម៉ាស៊ីនបូមទឹកចល័ត​ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ
14, May 2023 , 3:23 pm        
រូបភាព
ហឿន សុភ័ក្រ
 
សៀមរាប៖ សន្ដិសុខ និងអាជីវករផ្សារចាស់ កណ្ដាលក្រុងសៀមរាប បានចូលរួមហ្វឹកហាត់​សម្រាប់ទប់ស្កាត់គ្រោះអគ្គិភ័យ នៅតំបន់ជុំវិញផ្សារចាស់ដោយការប្រើប្រាស់ម៉ាស៊ីនបូម​ទឹកចល័ត។​

 
ការហ្វឹកហាត់ដែលរៀបចំនៅថ្ងៃទី១០ ឧសភា កន្លងទៅ ជាគម្រោងរបស់អង្គការ JICA និងមានការចូលរួមពីអាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន និងរដ្ឋបាលខេត្តសៀមរាប។  តាមរយៈសាកលវិទ្យាល័យ Waseda ស្ថាប័ននេះបានស្នើជំនួយ ម៉ាស៊ីនពន្លត់អគ្គីភ័យចល័ត និងជាបរិក្ខារពន្លត់អគ្គិភ័យដែលត្រូវបានផ្ដល់មកពីភាគីជប៉ុន កាលពីដើមឆ្នាំ២០២១មក។  
 


មូលហេតុដែលខាងជប៉ុនជ្រើសរើសគោលដៅផ្សារចាស់ គឺដោយសារតំបន់នេះ  មានភ្ញៀវ​ទេសចរបរទេសច្រើន បន្ទាប់ពីតំបន់អង្គរ ជាពិសេសគឺក្នុងគោលបំណង​ជួយរក្សាសុវត្ថិភាព​គ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុ។
 
លោក ដុត ខឿន​ ស្នងការរងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យនៃ​ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប បានឱ្យដឹងថា ការហ្វឹកហាត់ថ្ងៃនេះគឺជាលើកទី៤ហើយ ដែលកម្លាំងជំនាញ​របស់លោកបានចូលរួមសហការបង្រៀនពីរបៀបប្រើប្រាស់ម៉ាស៊ីនពន្លត់អគ្គិភ័យ ក៏ដូចជារបៀបអូសទុយោ តទុយោ និងរបៀបកាន់ក្បាលបាញ់ទឹកពន្លត់អគ្គិភ័យផងដែរ។ លោកបន្ថែមថា ការហ្វឹកហាត់លើកនេះគឺផ្តោតទៅលើការបង្រៀន​ទៅដល់ សន្តិសុខយាមផ្សារ​ចាស់ ដែលនៅជាប់ប្រចាំការនៅនឹងផ្សារ២៤ម៉ោង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com