ជាតិ
សិស្សបោះបង់ការសិក្សានៅជនបទ៣០០នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញ ទេសចរណ៍ឥតគិតថ្លៃ
22, May 2023 , 7:59 am        
រូបភាព
យុវជន៣០០នាក់កំពុងរៀនវគ្គបណ្ដុះបណ្ដាលផ្នែកបរិសណ្ឋារកិច្ចដែលរៀបចំឡើងដោយសមាគម STC
យុវជន៣០០នាក់កំពុងរៀនវគ្គបណ្ដុះបណ្ដាលផ្នែកបរិសណ្ឋារកិច្ចដែលរៀបចំឡើងដោយសមាគម STC
សៀមរាប៖ សិស្ស និងយុវជនក្រីក្រនៅជនបទជុំវិញខេត្តសៀមរាប ៣០០នាក់ ត្រូវបាន ជ្រើសរើស ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលខ្លី លើជំនាញបដិសណ្ឋារកិច្ច ដែលរៀបចំ ឡើងដោយសមាគមក្លឹប ទេសចរណ៍សៀមរាប (STC)។

 
ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លោក សែត កៅ បានឱ្យដឹងថា វគ្គបណ្ដុះ បណ្ដាលផ្នែកបដិសណ្ឋារកិច្ច បានចាប់ផ្តើមរយៈពេលប្រមាណ២សប្ដាហ៍មកហើយ។ យុវជន យុវតីមានចំនួន ៣០០នាក់ ដែលត្រូវបានជ្រើសរើសពីស្រុកគោលដៅជុំវិញ ខេត្ត សៀមរាប ហើយគម្រោងនេះ ផ្តល់អាទិភាពដល់សិស្សដែលបោះបង់ការសិក្សា និងពុំមាន លទ្ធភាពបន្តការសិក្សា។ នេះជាការបញ្ជាក់របស់លោក សែត កៅ។
 
កម្មវិធីបណ្ដុះបណ្ដាលធនធានលើវិស័យទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ច បង្កើតឡើង ដោយសមាគម STC ដែលបានទទួលហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យអ្នកបម្រើការក្នុងវិស័យទេសចរណ៍ខេត្តសៀមរាបស្ទើរទាំងស្រុងគ្មានការងារធ្វើ និងចេញទៅប្រកបរបរផ្សេង។ ចំណុចនេះមានក្ដីបារម្ភថា នឹងមានកង្វះខាតផ្នែកធនធាននាពេលអនាគត ប្រសិនបើវិស័យទេសចរណ៍ងើបឡើងវិញដូចមុនបរិបទកូវីដ១៩។ 


 
ប្រធានសមាគម STC ដាក់ក្ដីរំពឹងខ្ពស់ចំពោះគម្រោងនេះ ថានឹងជួយរក្សានិរន្តរភាពធនធានលើវិស័យទេសចរណ៍ ក៏ដូចជារួមចំណែកជួយយុវជនតាមតំបន់ដាច់ស្រយាល ឱ្យមានអនាគតច្បាស់លាស់។ លោក សែត កៅ៖« ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងជួយសហគមន៍ ចាកផុតពីភាពក្រីក្រ ដូចក្ដីរំពឹងរបស់សមាជិកគ្រួសារពួកគេដែរ។ គ្រួសារខ្លះកូនច្បងបានមករៀន ហើយទៅមុខ ពួកគេនឹងជួយជំរុញទឹកចិត្តប្អូនៗ និងអ្នកភូមិ ប្រឹងប្រែងរៀនវិស័យនេះដែរ»។ 
 
តាមការបញ្ជាក់ពីលោក សែត កៅ វគ្គសិក្សានេះមានរយៈពេល៦ខែ បូកទាំងការសិក្សាទ្រឹស្ដី និងការអនុវត្តផ្ទាល់តាមបណ្ដាសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងសៀមរាប។ លោក សែត កៅ បន្ថែមទៀតថា វគ្គនេះក៏បង្រៀនយុវជនពីអត្តចរិត ឥរិយាបថការរស់នៅ ឱ្យសមជាយុវជនដ៏ប្រពៃក្នុងសង្គមផងដែរ។
 
ស្ថាបនិក និងនាយិកាវិទ្យាស្ថានអប់រំសាំងហ្គាពួរ អ្នកស្រី តាន់ សឹកហូ (TAN Seok Ho) ក្នុងពិធី សំណេះសំណាលជាមួយសិក្ខាកាម នាថ្ងៃទី១៦ ឧសភា បានជំរុញឱ្យយុវជនដាក់ខ្លួនក្រេប ចំណេះដឹងគ្រប់ពេលវេលា និងគ្រប់មនុស្សដែលនៅជុំវិញ។ អ្នកស្រីយល់ថា មានតែអ្នកជោគជ័យ ទេ ដែលមិននឿយណាយក្នុងការរៀនសូត្រ និងស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួនជានិច្ច។ ក្នុងនោះអ្នកស្រី ឱ្យយុវជនទាំងអស់ ប្រឹងប្រែងរៀនភាសាអង់គ្លេស ដែលជាភាសាសម្រាប់ទំនាក់ទំនងអន្ដរជាតិ ដើម្បីពង្រឹងសេវាកម្មគុណភាពផលិតផលកាន់តែប្រសើរ។


 
អ្នកស្រី តាន់ សឹកហូ លើកឡើងថា៖« ខ្ញុំគិតថា បុគ្គលដែលឆ្នើម ជាបុគ្គលដែលអំណត់ និងមានការលើកទឹកចិត្តខ្ពស់»។
 
យុវជន ហ៊ួត លីហួរ ជាសិក្ខាកាមមួយរូបបាននិយាយថា ខ្លួនបានឈប់រៀននៅថ្នាក់ទី៩ និងធ្វើការផ្នែក គេហកិច្ចនៅសណ្ឋាគារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ប្រឡូកក្នុងការងារនេះបានមួយរយៈ លីហួរ យល់ថា ខ្លួនមិនទាន់មានជំនាញគ្រប់គ្រាន់សម្រាប់ការផ្តល់សេវាកម្មដល់ភ្ញៀវគ្រប់ជ្រុងជ្រោយទេ ពិសេសផ្នែកភាសាអង់គ្លេស។ 
 
ក្នុងវគ្គសិក្សានេះ លីហួរ រំពឹងថា នឹងអភិវឌ្ឍន៍ផ្នែកភាសា ក៏ដូចជាជំនាញឱ្យបានកាន់តែល្អប្រសើរ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ លីហួរ បន្ថែមថា៖« ពេលខ្វះភាសាពិបាក កន្លែងធ្វើការច្រើនមាន ភ្ញៀវអឺរ៉ុប ពិបាកនិយាយជាមួយគាត់ បើចេះអាចជួយថៅកែ និងអាចអភិវឌ្ឍន៍ការងារខ្ពស់ជាងនេះ ប្រាក់ខែកើនឡើង»៕



Tag:
 ទេសចរណ៍
  បដិសណ្ឋារកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com