កីឡាអន្តរជាតិ
អន្តរជាតិ
Everton, Leeds និង Leicester ដណ្តើមយក១កៅអីបន្តនៅ EPL នាជំនួបបិទរដូវកាល
23, May 2023 , 4:49 pm        
រូបភាព
ជើងឯក Premier League រដូវកាល២០២២-២៣ រកឃើញម្ចាស់ហើយ​ ដោយធ្លាក់ទៅលើដៃក្រុម Manchester City។ ក្រុមបាតារាង Southampton ជាក្រុមដំបូងគេដែលត្រូវកាត់ចេញទៅលីគទីពីរ Championship រដូវកាលក្រោយ។ Everton Leeds United និង Leicester City ត្រូវកាត់ក្តីនៅជំនួ​បបិទរដូវកាល ដើម្បីប្រជែងយក១ក្រុមបន្តនៅលីគកំពូល។



ឆ្លងកាត់ការប្រកួត៣៧លើករួចមក គេបានរកឃើញម្ចាស់ជើងឯក និងក្រុមអាចបន្តនៅលីគកំពូងអង់គ្លេសរដូវកាលក្រោយ និងធ្លាក់ទៅលីគទីពីរមួយចំនួន។ លើកលែងតែ Southampton ដែលនៅបាតតារាងហើយធ្លាក់ទៅ Championship រដូវកាលក្រោយដោយស្វ័យប្រវត្តិ ៣ក្រុមទៀតដែលឈរនៅចំណាត់ថ្នាក់ទី១៧ រហូតដល់១៩ នៅមិនទាន់ប្រាកដថាទៅ ឬក៏នៅនោះឡើយ។
 
Everton ឈរលេខ១៧ ស្ថិតនៅតំបន់សុវត្ថិភាពបណ្តោះអាសន្ន រកបាន៣៣ពិន្ទុ នាមុខក្រុមលេខ១៨ Leicester និង១៩ Leeds ដែលនៅតំបន់ត្រូវកាត់ចោល ចំនួន២ពិន្ទុដូចគ្នា។ ដោយសារមានពិន្ទុប្រដេញគ្នា ក្រុមទាំង៣នេះ នៅសល់ឱកាសមួយប្រកួតចុងក្រោយ ដែលជាប្រកួតបិទរដូវកាល ដើម្បីយកមួយក្រុមបន្តនៅលីគកំពូល និងពីរក្រុមធ្លាក់ទៅ Championship ជាមួយ Southampton។
 
ការប្រកួតចុងក្រោយ Everton ក្រោមការដឹកនាំរបស់លោក Sean Dyche ត្រូវទទួលភ្ញៀវ AFC Bournemouth នៅ Goodison Park ស្របពេល Leeds ដែលដឹកនាំដោយលោក Sam Allardyce បើកទ្វាកីឡដ្ឋាន Elland Road ស្វាគមន៍ Tottenham Hotspur ដែលត្រូវការឈ្នះដូចគ្នា។ Leicester របស់គ្រូបណ្តោះអាសន្ន Dean Smith ត្រូវបើកទ្វាផ្ទះ King Power ទទួល West Ham United។
 
Aston Villa, Spurs និង Brentford ត្រូវប្រជែងគ្នាដណ្តើមកៅអីប្រកួតវគ្គជម្រុះ Europa Conference League នៅជំនួបចុងក្រោយ។ Brighton & Hove Albion បានកៅអី Europa League ដោយស្វ័យប្រវត្តិ ស្របពេល Liverpool សល់ឱកាសតិចបំផុតដើម្បីដណ្តើមលេខ៤ពី Manchester United ដែលសល់ពីរប្រកួតក្នុងដៃ។
 
ការប្រកួតបិទរដូវកាលលីគកំពូលអង់គ្លេស នឹងធ្វើឡើងទាំង១០គូតែម្តង នៅថ្ងៃទី២៨ ខែឧសភា វេលាម៉ោង១០និង៣០នាទីយប់ [ម៉ោងនៅកម្ពុជា]។
 
ជំនួបទាំង១០គូនៅថ្ងៃបិទរដូវកាល ២០២២-២៣ រួមមាន៖ 
 
    Arsenal Vs Wolverhampton Wanderers 
    Aston Villa Vs Brighton & Hove Albion
    Brentford Vs Manchester City
    Chelsea Vs Newcastle United
    Crystal Palace Vs Nottingham Forest
    Everton Vs AFC Bournemouth
    Leeds United Vs Tottenham Hotspur
    Leicester City Vs West Ham United
    Manchester United Vs Fulham
    Southampton Vs Liverpool៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com