ជាតិ
សង្គមជាតិ
សមត្ថកិច្ចចាប់ខ្លួន​បុរសម្នាក់ដែលផ្សាយ​វីដេអូកុហកអំពីការ​ចាប់ក្មេងវះក្រលៀន
31, May 2023 , 10:29 am        
រូបភាព
វីដេអូមួយដែលផ្សព្វផ្សាយ​ថា មាន​កាចាប់ក្មេង​វះក្រលៀន ទទួលបាន​ការចែក​រំលែក​រាប់ពាន់ និងទស្សនា​ជាង​១លាន តែត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ។ តាមពិត វាគ្រាន់តែជាវីដេអូ​កាត់តរបស់ម្ចាស់គណនី​ហ្វេសប៊ុកឈ្មោះ Ra Vuth ក្នុងគោលបំណង​បង្កើន​ប្រជាប្រិយភាព​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​តែប៉ុណ្ណោះ។

 
កាលពីថ្ងៃទី​២៨ ខែ​ឧសភា កម្លាំងជំនាញនៃនាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ​ស្នងការ​នគរបាលជាតិ បានឃាត់ខ្លួន​បុគ្គល​ឈ្មោះ សយ រ៉ាវុធ ម្ចាស់គណនីហ្វេសប៊ុក Ra Vuth ដែលបាន​បង្ហោះវីដេអូ រួមទាំង​រូបភាព ថាមាន​ស្ត្រីចិនម្នាក់​ដើរ​ចាប់ក្មេង​លក់​វះ​យក​ក្រលៀន។
 
«សាម៉ីខ្លួន បាន​សារភាពថា ខ្លួនពិតជាបាន​យកវីដេអូ មក​កាត់ត និង​បង្ហោះពិតមែន ក្នុង​គោលបំណង​ចង់​បង្កើន​ប្រជាប្រិយ​ភាព​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​»។ នេះជាការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department)។
 
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និង​បញ្ជូន​សំណុំរឿង​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមផ្លូវ​ច្បាប់ពាក់ព័ន្ធ​នឹងការ​ផ្សព្វផ្សាយព័ត៌មាន​បំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក​វិទ្យា បាន​ក្រើនរំលឹកពលរដ្ឋថា៖ «សូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com