កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់វៀតណាមម្នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តក្រោយត្រឡប់ពីការប្រកួត
26, Jun 2023 , 4:51 pm        
រូបភាព
កីឡាករបាល់ទាត់យុវជនរៀតណាម របស់ក្លិប Quang Nam FC ម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្រោយជួបគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកីឡាករ ក្រោយត្រឡប់ពីការប្រកួតវិញ។ នេះបើតាមការបញ្ជាក់របស់ក្លិប Quang Nam។



 Quang Nam FC ជាក្លិបបាល់ទាត់នៃលីគកីឡាបាល់ទាត់កម្រិតទី២វៀតណាម V.League 2 នៅថ្ងៃទី២៥ ខែមិថុនា បានធ្វើដំណើរតាមរថយន្តទៅខេត្ត Quang Nam វិញ ក្រោយប្រកួតចាញ់ក្រុម Vinh Phuc នៅខេត្ត Kon Tum នៅថ្ងៃទី២៤ ខែមិថុនា។ ជាអកុសល រថយន្តដឹកកីឡាករ បានក្រឡាប់ និងបង្កឱ្យកីឡាករយុវជនម្នាក់ស្លាប់។
 
កីឡាករ​​ដែល​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុ​នោះ​មាន​ឈ្មោះ Vo Minh Hieu អាយុ២១ឆ្នាំ។ ក្រៅពី Vo Minh Hieu មិត្តរួមក្រុមយុវជន Quang Nam ៧នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានកីឡាករ២នាក់ របួសធ្ងន់ធ្ងរ។ បច្ចុប្បន្ន សមាជិកដែលរងរបួសទាំងអស់ត្រូវបាននាំយកទៅកាន់ខេត្ត Quang Nam ដើម្បីព្យាបាល។
 
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្តែងការសោកស្តាយចំពោះសោកនាដកម្មនេះ។​ តាមរយៈផេកហ្វេសប៊ុកផ្លូវការ AFC បានសរសេរថា៖ «គ្រួសារបាល់ទាត់អាស៊ីមានការសោកស្ដាយចំពោះឧប្បត្តិហេតុសោកនាដកម្មដែលពាក់ព័ន្ធនឹងកីឡាករ Quang Nam FC នៅវៀតណាម។ AFC សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដែលរងគ្រោះថ្នាក់នេះ»៕
 

Tag:
 Quang Nam FC
© រក្សាសិទ្ធិដោយ thmeythmey.com