កីឡាជាតិ
ជាតិ
កម្ពុជា ដណ្តើមបាន៣មេដាយ ពីព្រឹត្តិការណ៍អូឡាំពិកជនពិការផ្នែកបញ្ញានៅអាល្លឺម៉ង់
26, Jun 2023 , 5:59 pm        
រូបភាព
រូបភាព៖ MoEYS Cambodia
រូបភាព៖ MoEYS Cambodia
អត្តពលិកកម្ពុជា៣រូបដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ ពីព្រឹត្តិការណ៍កីឡាអូឡាំពិកជនមានពិការភាពផ្នែកបញ្ញា ឬអូឡាំពិកពិសេសរដូវក្តៅ Special Olympics 2023 នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ Special Olympics 2023 បានបិទបញ្ចប់ព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ក្រោយប្រកួតរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមិថុនា។



អត្តពលិកពិការភាពផ្នែកបញ្ញាកម្ពុជាទាំង៣រូប ដែលដណ្តើមបានមេដាយពីព្រឹតិ្តការណ៍កីឡាលំដាប់ពិភពលោកឆ្នាំ២០២៣នេះ រួមមាន កីឡាការិនី នុត សុផាន់ណា មេដាយប្រាក់ ក្នុងប្រភេទកីឡារត់ប្រណាំង វិញ្ញាសា១០០ម៉ែត្រ កីឡាការិនី ហ៊ន ចាន់ថុល ឈ្នះមេដាយសំរឹទ្ធ កីឡាប៊ូល និងកីឡាករ វិបុល មង្គល មេដាយសំរឹទ្ធ កីឡាប៊ូល។ នេះបើតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជន និងកីឡា លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា។
  


ព្រឹត្តិការណ៍កីឡាអូឡាំពិកពិសេសរដូវក្តៅឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ពីថ្ងៃទី១៧ ខែមិថុនា មានអត្តពលិកចូលរួមចំនួន៧០០០នាក់ មកពី១៩០ប្រទេស ដោយប្រកួតប្រជែងគ្នាលើ២៦ប្រភេទកីឡា។ អត្តពលិកទាំង៧០០០នាក់ ស្ថិតក្រោមក្រោមការគាំទ្រពីគ្រូបង្វឹកចំនួន៣០០០នាក់ និងអ្នកស្ម័គ្រចិត្ត២០០០០នាក់។
 
ទាំង២៦ប្រភេទកីឡា រួមមានហែលទឹកក្នុងសមុទ្រ, ហែលទឹកក្នុងអាង, រត់ប្រណាំង, វាយសី, បាល់បោះ (៥ទល់៥, ៣ទល់៣), ប៊ូល (ប៉េតង់), ប៉ូល, ប្រណាំងកង់, ជិះសេះ, បាល់ទាត់, បាល់ទាត់ក្នុងសាល, វាយកូនគោល, កាយសម្ព័ន្ធ(២ប្រភេទ), យូដូ កីឡាគប់បាល់ ហុកគី ទួកកៃយ៉ាក់ លើកទម្ងន់ ស្គី ទូកក្តោង វាយកូនឃ្លីលើតុ វាយកូនបាល់ បាល់ទះក្នុងសាល និងបាល់ទះលើឆ្នេរខ្សាច់។ 
  


Special Olympics ដែលរៀបចំរៀងរាល់៤ឆ្នាំម្តង ចាប់ផ្តើមបង្កើតព្រឹត្តិការណ៍នេះក្នុងឆ្នាំ ១៩៦៨។ ពីមួយព្រឹត្តិការណ៍ទីមួយព្រឹត្តិការណ៍ ចំនួនជនពិការផ្នែកបញ្ញាចូលរួមប្រកួតច្រើនឡើងៗ។
 
ខុសពីព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក កីឡាអូឡាំពិកពិសេស មិនបង្ហាញតារាងមេដាយទេ។ មិនបង្ហាញតារាងមេដាយ ព្រោះគេបានសន្មត់ថានេះមិនមែនជាព្រឹត្តិការណ៍ប្រកួតប្រជែងរបស់អត្តពលិកនានាជុំវិញពិភពលោកឡើយ។ ទោះយ៉ាងណា មេដាយមាស ប្រាក់ និងសំរឹទ្ធនៅតែត្រូវបានផ្តល់ ប៉ុន្តែមិនរាប់បញ្ចូលចំនួនឡើយ៕
 

Tag:
 អូឡាំពិកពិសេស
  Special Olympics 2023
© រក្សាសិទ្ធិដោយ thmeythmey.com