កីឡាជាតិ
ជាតិ
ជិត៦,៦៦លានដុល្លារ សម្រាប់ប្រាក់រង្វាន់ជ័យលាភីមេដាយស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣
27, Jun 2023 , 11:29 am        
រូបភាព
ជិត៦,៦៦លានដុល្លារ នឹងត្រូវចំណាយលើប្រាក់រង្វាន់ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ របស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។



គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម CAMSOC/CAMAPGOC ក្រោមអធិបតីភាពសម្ដេច ទៀ បាញ់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័លាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ដែលមានទឹកប្រាក់សរុបចំនួនជាង២៧ពាន់លានរៀល ឬប្រមាណជិត ៦,៦៦លានដុល្លារ។ កម្មវិធីនេះធ្វើឡើងក្នុងទីតាំងក្រសួងការពារជាតិ។
  


នៅមុនចាប់ផ្តើមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង CAMAPGOC អះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកកម្ពុជាគ្រប់រូបដែលដណ្តើមមេដាយទាំង៣ប្រភេទ។ ក្នុងនោះមេដាយមាស១នឹងទទួលបានប្រាក់លើកទឹកចិត្ត៤០លានរៀល មេដាយប្រាក់៣០លានរៀល និងសំរឹទ្ធទទួលបាន១៦លានរៀល។
 
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣​ ម្ចាស់ផ្ទះកម្ពុជាប្រមូលបានមេដាយសរុបចំនួន ២៨២មេដាយ ក្នុងនោះមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧។ ដោយឡែកអាស៊ានប៉ារ៉ាហ្គេម កម្ពុជាទទួលបានមេដាយសរុប៧១ ក្នុងនោះមេដាយមាស៩ ប្រាក់១៨​ សំរឹទ្ធ៤៤។ ដូច្នេះ សរុបទាំងមេដាយទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេមមានចំនួន៣៥៣មេដាយ ដោយមេដាយមាស៩០ ប្រាក់៩២ និងសំរឹទ្ធ១៧១៕
 
 

Tag:
 ស៊ីហ្គេម
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com