ជាតិ
រដ្ឋមន្រ្តីកសិកម្ម ចង់​ឱ្យ​សហគមន៍ព្រៃឈើចង្ក្រាន្តរយ រៀបចំកញ្ចប់សេវាទេសចរណ៍ដើម្បី​បង្កើនចំណូល
30, Jun 2023 , 1:59 pm        
រូបភាព
រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​ជំរុញ​ឱ្យ​​សហគមន៍ព្រៃឈើចង្ក្រាន្តរយ រៀបចំកញ្ចប់សេវាទេសចរណ៍ ដើម្បី​បង្កើន​ចំណូល​បន្ថែម​ទៀត​​​។ ​លោករដ្ឋមន្ត្រីក្រសួងកសិកម្ម​លើកឡើងដូច្នេះ ក្នុងពេលលោកជួប​ជាមួយ​ប្រជា​សហគមន៍​​ជាង​១០០នាក់ ក្នុងពេលដែល លោក និងដៃគូវិស័យឯកជន បាន​​​ចុះពិនិត្យ​សក្តា​នុពល នៃសហគមន៍​ព្រៃឈើ​ចង្ក្រាន្តរយ នៅស្រុកវ៉ារិន ខេត្តសៀមរាប និង​​អភិវឌ្ឍ​តំបន់​ការពារ​ធនធានធម្មជាតិ​ដោយ​ផ្សារភ្ជាប់វិស័យកសិកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ បន្ទាប់​ពី​តំបន់ប្រាសាទ។



លោក ឌិត ទីណា បញ្ជាក់ដូច្នេះ ៖«សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ រួមមា​ន​​ការ​ស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិ​ដល់ភ្ញៀវទេសចរ​ដែល​មកលេងកម្សាន្ត នឹងអាចផ្តល់ប្រាក់ចំណូល​ជាប្រចាំដល់​ប្រជា​ពល​រដ្ឋ​​»។ លោក ឌិត ទីណា បានប្រាប់ដល់ប្រជាសហគមន៍ ឱ្យ​ចូល​រួម​ថែរក្សា ការពារ អភិរក្ស ​សមិទ្ធ​ផលដែលទទួលបាន ​តាមរយៈការបង្កើត និង​ផ្តល់​សេវាទេសចរណ៍​ដែល​មាន​គុណ​ភាព និងរួសរាយទាក់ដល់ទេសចរ​

 រូបភាពពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
សូម​បញ្ជាក់ថា​ នៅឆ្នាំ២០២០ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តួចផ្តើមគំនិតអភិវឌ្ឍ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តផ្សងព្រេង បោះតង់ ទស្សនា​សត្វ​ស្លាប​​ព្រៃ។ ក្រោមមូលនិធិរបស់សមាជិក​នៃសមាគម​​សហគ្រិន​វ័យ​ក្មេង​​កម្ពុជា នៅ​ឆ្នាំ​២០២៣ ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបានរៀបចំឡើង ដើម្បីបម្រើដល់ភ្ញៀវទេសចរមក​​កម្សាន្ត​​ក្នុងនោះមានដូចជា កន្លែងបោះតង់ ផ្សារកសិផលសហគមន៍ កន្លែងបុគ្គលិក​ស្នាក់​នៅ ប្រព័ន្ធទឹកស្អាត កសាងផ្លូវបេតុងប្រវែង១០គីឡូម៉ែត្រ និងស្តារអូរ​បានប្រវែង​៥គីឡូ​ម៉ែត្រ​​៕​
 

Tag:
 ក្រសួងកសិកម្ម
  ព្រៃឈើចង្ក្រាន្តរយ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com