កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ វៀតណាម និងហ្វីលីពីន បង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តសាស្ត្ររៀងខ្លួន
03, Jul 2023 , 8:30 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីវៀតណាម និងហ្វីលីពីនបង្ហាញខ្លួនក្នុងការប្រកួត FIFA Women's World Cup 2023 លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ វៀតណាមស្ថិតក្នុងពូល E ដោយត្រូវជួបជាមួយម្ចាស់ការពារតំណែងជើងឯកអាម៉េរិក ហូឡង់ និងព័រទុយហ្កាល់ ឯហ្វីលីពីននៅ A ជាមួយម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស និងស្វ៊ីស៕



ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកនារី ឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើម្ចាស់ផ្ទះរួម នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ សមាជិកទាំង៣២ប្រទេស ដែលត្រូវមានវត្តមាននៅវគ្គផ្តាច់ព្រ័ត្រនេះ រួយមានពូល A ម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស ហ្វីលីពីន និងស្វ៊ីស។ ពូល B ម្ចាស់ផ្ទះអូស្ត្រាលី អៀរឡង់ នីហ្សេរីយ៉ា និងកាណាដា។

ពូល C អេស្ប៉ាញ កូស្តារីកា សំប៊ី និងជប៉ុន។ ពូល D អង់គ្លេស ហៃទី ដាណឺម៉ាក និងចិន។ ពូល E ម្ចាស់ការពារជើងឯកអាម៉េរិក វៀតណាម ហូឡង់ និងព័រទុយហ្កាល់។ ពូល F បារាំង ហ្សាម៉ាអ៊ីក ប្រេស៊ីល និងប៉ាណាម៉ា។ ពូល G ស៊ុយអ៊ែត អាហ្វ្រិកខាងត្បូង អ៊ីតាលី និងអាហ្សង់ទីន រួមនឹងពូល H អាល្លឺម៉ង់ ម៉ារុក កូឡំប៊ី​​ និងកូរ៉េខាងត្បូង។
 
ក្រុមនារីវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យ៧២ឆ្នាំលោក Mai Duc Chung ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំ២០២៣នេះ។ មុនបង្ហាញវត្តមាននៅកម្រិតកំពូលពិភពលោក ក្រុមស្ត្រីវៀតណាមនេះ ធ្លាប់បានឈ្នះជើងឯកស៊ីហ្គេមដល់ទៅ៨សម័យ ដោយលើកចុងក្រោយនៅទឹកដីកម្ពុជាឆ្នាំ២០២៣នេះ។
 
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បាន​បង្ហាញ​កីឡាការិនីឆ្នើម៥រូបរបស់​វៀតណាម​ ​ដែល​អាច​បង្កើត​ឥទ្ធិពល​ក្នុង​ព្រឹត្តិការណ៍ World Cup នារី​ឆ្នាំ ២០២៣នេះ។ កីឡាការិនីទាំង៥រូបរួមមាន អ្នកចាំទី Tran Thi Kim Thanh ខ្សែបម្រើ Nguyen Thi Bich Thuy, Nguyen Thi Thanh Nha និង Tran Thi Thuy Trang និងខ្សែប្រយុទ្ធ Huynh Nhu។ ក្រុមនារីវៀតណាមសព្វថ្ងៃស្ថិតនៅលេខរៀងទី៣២ពិភពលោក នៃចំណាត់ថ្នាក់ FIFA Ranking។
 
ដោយឡែកក្រុមនារីហ្វីលីពីន ក្រោមការបង្វឹករបស់លោក Tahnai Annis ដែលជាអតីតកីឡាករជម្រើសជាតិផ្នែកបុរស ក៏បានកៅអីទៅបង្ហាញខ្លួននៅព្រឹត្តិការណ៍លំដាប់ពិភពភលោកជាលើកដំបូងផងដែរ។ ក្រុមនារីហ្វីលីពីន ស្ថិតនៅលេខរៀងទី៤៦ពិភពលោក នៃចំណាត់ថ្នាក់ FIFA Ranking។
 
ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសតែ៣ប៉ុណ្ណោះរួមមាន ថៃ វៀតណាម និងហ្វីលីពីនដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកនារី គិតត្រឹមឆ្នាំ២០២៣នេះ។ ថៃ ធ្លាប់បង្ហាញខ្លួន២លើករួចមកហើយនៅឆ្នាំ២០១៥ និង២០១៩ ដោយឡែកនៅឆ្នាំ២០២៣ពួកគេមិនអាចឆ្លងផុតវគ្គ play-off៕

Tag:
 (Women\'s World Cup)
© រក្សាសិទ្ធិដោយ thmeythmey.com