កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
ប្រធានសហព័ន្ធបាល់ទាត់ថៃលាលែងពីតំណែងជុំវិញហិង្សានៅស៊ីហ្គេម តែក្រុមប្រឹក្សាភិបាលស្នើឱ្យដឹកនាំបន្ត
05, Jul 2023 , 2:09 pm        
រូបភាព
ក្រុមប្រឹក្សាភិបាល និងប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) នៅថ្ងៃទី៤ ខែកក្កដា បានស្នើលោក Somyot Poompunmuang បដិសេធពីការលាលែងពីតំណែងជាប្រធាន FAT របស់ខ្លួនវិញ ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោក Somyot ថា ប្រធានអូឡាំពិកថៃលោក Prawit Wongsuwon បញ្ជាឱ្យខ្លួនចេញពីតំណែងប្រធាន FAT ដោយសារបញ្ហាហិង្សានៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។



តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកឧត្ដមសេនីយ៍ Somyot Poompunmuang បានប្រកាសលាលែងពីតំណែងប្រធាន FAT កាលពីថ្ងៃទី១ ខែកក្កដា ជុំវិញបញ្ហាដែលកើតឡើងអំឡុងជំនួបរវាងក្រុមបាល់ទាត់ U22 ថៃ ចាញ់ឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
  
លោក Somyot Poompunmuang ប្រធាន FAT

លោក Somyot រងការ​រិះ​គន់យ៉ាងខ្លាំង​ដោយសារអំពើហិង្សាកើតឡើងអំឡុងការប្រកួតរវាង​ក្រុម​ថៃ និងឥណ្ឌូណេស៊ី នាជំនួបផ្តាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានអូឡាំពិក កាលពីខែឧសភាកន្លងទៅ។ ក្នុងជំនួនដែលឥណ្ឌូណេស៊ី​ ឈ្នះ​ថៃ ៥-២ ដើម្បីគ្រងមេដាយមាសនោះ មាន​កីឡាករ និង​គ្រូ​បង្វឹក​ទាំង​សង​ខាង​ប៉ះ​ទង្គិច​គ្នាដល់ទៅ​ពីរ​លើក ​​និងមាន​កាត​ក្រហម​ចំនួន៤ផង។
 
  
លោក Prawit Wongsuwon ប្រធានអូឡាំពិកថៃ

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) ប្រធានអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បានបន្ទោសលោក Somyot និងឱ្យទទួលខុសត្រូវចំពោះបរាជ័យរបស់ក្រុម U22 ថៃ និងបញ្ហាជម្លោះ ដែលធ្វើឱ្យខូចមុខមាត់ថៃ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
ក្រោយការលើកឡើងខាងលើ លោក Somyot ក៏បានឆ្លើងតបថា លោក Prawit បានបញ្ជាឱ្យខ្លួនឈប់ធ្វើជាប្រធាន FAT ហើយលោក Somyot នឹងត្រូវជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និង FIFA អំពីការលាលែងនេះ។
 
«លោកឧត្តមសេនីយ Prawit គួរតែនិយាយជាមួយខ្ញុំ ជាជាងការស្តីបន្ទោសខ្ញុំនៅក្នុងកិច្ចប្រជុំ។ សមាជិក FIFA ដែលខ្ញុំបាននិយាយជាមួយរហូតមកដល់ពេលនេះ សុទ្ធតែនិយាយថា នេះគឺជាការជ្រៀតជ្រែកមួយ»។ នេះជាការបន្ថែមរបស់លោក Somyot ដោយសង្កត់ធ្ងន់ទៅកាន់លោក Prawit។ 
 
ស្របពេល ការលាលែងពីតំណែងរបស់លោក Somyot មិនទាន់ត្រូវបានទទួលយកពីរដ្ឋមន្ត្រីកីឡាថៃ លោក Gongsak Yodmanee នោះ ក្រុមប្រឹក្សាភិបាល FAT បានស្នើលោក Somyot បោះបង់ការលាលែងពីតំណែងនេះវិញ។
 
លោក Amnuay Nimmano សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាប្រតិបត្តិ FAT អះអាងថាសមាជិកទាំងអស់បានស្នើសុំជាឯកច្ឆ័ន្ទ ឱ្យលោក Somyot កុំលាលែងពីតំណែងនេះ ដ្បិតអាចនឹងធ្វើឱ្យប្រទេសថៃ រងពិន័យ ឬបម្រាមពី FIFA និងប្រឈមបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះសមាជ FIFA នៅឆ្នាំ២០២៤ ទៀតផង៕
 

Tag:
 ស៊ីហ្គេមលើកទី៣២
  FAT
© រក្សាសិទ្ធិដោយ thmeythmey.com