ជាតិ
ពលរដ្ឋ ៧៥គ្រួសារ ទទួលបានលំនៅឋានសង្គមកិច្ចពីអាជ្ញាធរខេត្តសៀមរាប
06, Jul 2023 , 7:59 am        
រូបភាព
ថោង ប្រណី
 
សៀមរាប៖ ពលរដ្ឋចំនួន៧៥គ្រួសារ ស្ថិតក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ទទួលបានលំនៅឋានសង្គមកិច្ចពីអាជ្ញាធរខេត្ត និងអង្គការដៃគូ បានបង្ហាញអារម្មណីរីករាយ ក្រោយទទួលបានលំនៅឋានសមរម្យជាកម្មសិទ្ធិផ្ទាល់ខ្លួន។

 
ក្រោយបានបញ្ចប់ការអនុវត្តគម្រោង “ហ្គ្រេស” ក្នុងរយៈពេល ៦ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០១៧ ដល់ខែមិថុនា ឆ្នាំ ២០២៣ អង្គការលំនៅឋានដើម្បីមនុស្សជាតិកម្ពុជា សហការជាមួយ​រដ្ឋបាលខេត្តសៀមរាប បានរៀបពិធីប្រគល់ផ្ទះសង្គមកិច្ចជូនប្រជាពលរដ្ឋស្ថិតក្នុង ភូមិវាល សង្កាត់សំបួរក្រុងសៀមរាប សរុបចំនួន ៧៥គ្រួសារ។
 
លោកស្រី កែ ណាវី មានវ័យ៦២ឆ្នាំ ជាស្ត្រីមេម៉ាយដែលមានកូនចៅក្នុងបន្ទុក៨នាក់  មកពីភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបង្ហាញអារម្មណ៍រីករាយ​ និង ក្តុកក្តួល ក្រោយទទួលបានផ្ទះថ្មីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកស្រីបាននាំកូនចៅមករស់នៅបានមួយខែ​ហើយ។ ដ្បិតរាងតូចបន្តិចមែនសម្រាប់សមាជិក៨នាក់ តែជាភ័ព្វសំណាង​ដ៏ក្រៃលែង​ដែលលោកស្រីមិនធ្លាប់គិតដល់ ព្រោះថាទោះបីជាលោកស្រី​ខំរកស៊ីសន្សំលុយ​មួយជីវិតក៏មិនអាចទិញដី សង់ផ្ទះល្អបែបនេះបានដែរ។ នេះជាការលើកឡើងរបស់ស្រ្តីខាងលើ។ 
 


រំលឹកទៅពេលមុន គ្រួសារលោកស្រី កែ ណាវី បានសង់ផ្ទះលើប្រឡាយទឹកស្អយ មានក្លិនស្អុយ និងមានទឹកលិចហូរចូលក្រោមផ្ទះនៅពេលមានភ្លៀងធ្លាក់ម្ដងៗ។ ចំណែកផ្ទះសព្វថ្ងៃមាន ហេដ្ឋារចនាសម្ពន្ធគ្រប់គ្រាន់ និងមានបរិយាកាសស្រស់ស្អាត ដែលជាការគិតគូររបស់អាជ្ញាធរខេត្ត និងអង្គការដៃគូ ដែលបានរៀបចំសម្រាប់គ្រួសារដែលសង់លំនៅខុសច្បាប់ និងមិនមានរបៀបរៀបរយ​ក្នុងក្រុងសៀមរាប។ លោកស្រី ណាវី បញ្ជាក់យ៉ាងនេះ មកកាន់អ្នកសារព័ត៌មានថ្មីៗ។ 
 
ពលរដ្ឋមា្នក់ទៀត ដែលជាអ្នកធ្លាប់តាំងទីលំនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប លោក សោម វណ្ណា មានវ័យ៤៦ឆ្នាំ ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយ នៅពេលបានមកនៅកន្លែងថ្មី លោកពិតជាត្រេកអរជាខ្លាំង ដោយទទួលបានទាំងដី និងផ្ទះថ្មី មកជាកម្មសិទ្ធិរបស់ខ្លួន និងឈប់ព្រួយបារម្ភពីការរុះរើ ឬបណ្តេញចេញពីលំនៅឋានដូចកាលពីមុនដែលជាសំណង់អាណាធិបតេយ្យទៀត។ 



ក្រៅពីនេះ ក៏មានពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតដែរ ដែលបានបង្ហាញអារម្មណ៍រីករាយ និងប្តេជ្ញាចិត្តជួយថែរក្សាអនាម័យ សណ្តាប់ធ្នាប់ និងសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដី និងអនុវត្តតាមគោលការណ៍ទាំងឡាយរបស់អង្គការលំនៅឋានដើម្បីមនុស្សជាតិកម្ពុជា។ 
 
ក្រៅពីសង់ផ្ទះនៅលើដីថ្មីសម្រាប់ពលរដ្ឋ អាជ្ញាធរខេត្ត​ក៏បានរៀបចំ​ហេដ្ឋារចនាសម្ពន្ធ និងប្រព័ន្ធទឹកភ្លើងតាមផ្ទះនីមួយៗ ថែមទាំងមានសួនច្បារ​សម្រាប់​លំហែរកម្សាន្ត និងកន្លែងហាត់ប្រាណសម្រាប់មនុស្សក្មេងចាស់ប្រុសស្រីទៀតផង។
 
នៅថ្ងៃទី៣០ មិថុនា អង្គការសិទ្ធិលំនៅឋានដើម្បីមនុស្សជាតិកម្ពុជា បានសហការជាមួយ​រដ្ឋបាលខេត្ត រៀបចំពិធីប្រគល់ផ្ទះជូនពលរដ្ឋខាងលើ។ នារសៀលថ្ងៃដដែល អង្គការនេះបាន​រៀបចំសិក្ខាសាលាបិទបញ្ចប់គម្រោង ហ្គ្រេស សម្រាប់ដំណោះស្រាយលំនៅឋានដល់គ្រួសារ ដែលងាយរងគ្រោះ និងការចែករំលែកចំណេះដឹង ដែលមានអ្នកចូលរួមសរុប ១៣០នាក់។ អ្នកទាំងនោះមកពីស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋក្នុងសហគមន៍ពីបណ្ដាខេត្តក្រុង ផ្សេងៗ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com