កីឡាអន្តរជាតិ
អន្តរជាតិ
លោកប្រាយុទ្ធ ជួបអត្តពលិកស៊ីហ្គេម-ប៉ារ៉ាហ្គេម និងផ្តល់ប្រាក់រង្វាន់ជិត១០លានដុល្លារ
07, Jul 2023 , 10:59 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា និងអត្តពលិកថៃ
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា និងអត្តពលិកថៃ
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៦ ខែកក្ដា បានទទួលជួបក្រុមអត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់ថៃ នៅវិមានរដ្ឋាភិបាលដើម្បីអបអរសមិទ្ធផលរបស់ពួកគេក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅទឹកដីកម្ពុជា។ រដ្ឋាភិបាលថៃ ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកដល់អត្តពលិកដណ្តើមបានមេដាយដោយចំណាយជិត១០លានដុល្លារ។

រដ្ឋាភិបាលថៃ បានចំណាយសាច់ប្រាក់សរុបជិត៣៤០លានបាត (៩,៦លានដុល្លារ) ប្រគល់ជូនអត្តពលិកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងសមាគមកីឡាក្រោយដណ្តើមបានមេដាយនៅលើទឹកដីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
អត្តពលិកកីឡាស៊ីហ្គេមថៃ ដែលមានសមាគមកីឡាចំនួន៣៨ប្រភេទទៅចូលរួមប្រជែងមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានប្រាក់រង្វាន់សរុបជិត៧លានដុល្លារ ខណៈអត្តពលិកអាស៊ានប៉ារ៉ាហ្គេម ដែលមកពីសមាគមកីឡាចំនួន៤ ទទួលបានប្រាក់លើកទឹកចិត្តជិត៣លានដុល្លារ។
 
កីឡាសីដក់ ជាប្រភេទ​កីឡា​ដែល​ទទួល​បាន​ប្រាក់​រង្វាន់ច្រើនជាងគេ​ជាង៨០ម៉ឺនដុល្លារ កីឡាទូកកៃយ៉ាក់ និង​ទូក​កាណូជាង៧៦ម៉ឺនដុល្លារ កីឡាហុកគីជិត៧ម៉ឺនដុល្លារ កីឡា​គ្រីឃីត ៥៨ម៉ឺនដុល្លារ អត្តពលកម្មជិត៤៥ម៉ឺនដុល្លារ និងកីឡាហែល​ទឹក៣៧ម៉ឺនដុល្លារ។ ដោយឡែកខាងសមាគមកីឡាជនពិការថៃទទួលបានប្រាក់រង្វាន់ចំនួន១,៨៨លានដុល្លារ។
 
នាពិធីជួបជុំនោះ នាយករដ្ឋមន្ត្រីថៃ បង្ហាញក្តីរីករាយដែលលោកមានវត្តមានជាថ្មីក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដោយផ្ទាល់ ដល់អត្តពលិកទាំងអស់។
 
«ក្នុងនាមរដ្ឋាភិបាលថៃ និងប្រជាជនថៃ ខ្ញុំសូមអបអរសាទរចំពោះភាពជោគជ័យរបស់អ្នក។ ខ្ញុំសង្ឃឹមថាអ្នកបន្តធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិស័យកីឡារៀងៗខ្លួន។ ខ្ញុំក៏សូមលើកទឹកចិត្តដល់អត្តពលិក អ្នកគ្រប់គ្រងក្រុម និងអ្នកទាំងអស់ដែលចូលរួមក្នុងការនាំយកភាពជោគជ័យត្រឡប់មកផ្ទះ។ នេះជាការលើកឡើងរបស់លោកប្រាយុទ្ធ មុនបន្ថែមថាប្រាក់ពានរង្វាន់ទាំងនេះនឹងលើកទឹកចិត្តអត្តពលិកបន្តខិតខំប្រឹងប្រែងដើម្បីនាំភាពជោគជ័យបន្ថែមទៀត ស្របពេលរដ្ឋាភិបាល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​លើក​កម្ពស់​សក្ដានុពល​របស់​អត្តពលិក​ថៃ។
 
ថៃ បញ្ចប់យុទ្ធនាការកីឡាស៊ីហ្គេមលើកទី៣២ ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាងមេដាយដោយទទួលបានមេដាយសរុប៣១១ ក្នុងនោះមេដាយមាស ១០៨ ប្រាក់៩៥ និងសំរឹទ្ធ១០៨។ សម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថៃបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយនាំយកមេដាយមាស១២៧ ប្រាក់១០៩ និងសំរឹទ្ធ៩៣ សរុប៣២៩មេដាយ៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com