កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៥៦ឆ្នាំ កីឡាករជប៉ុន Miura បន្តលេងឱ្យក្រុមនៅព័រទុយហ្កាល់
12, Jul 2023 , 2:19 pm        
រូបភាព
Kazuyoshi Miura ឬ King Kazu កីឡាករបាល់ទាត់អាជីពចំណាស់ជាងគេបំផុតលើលោកវ័យ ៥៦ ឆ្នាំនៅតែបន្តលេងឱ្យក្រុម Oliveirense ក្នុងលីគលំដាប់ទី២ព័រទុយហ្គាល់ Liga Portugal 2។



អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុនរូបនេះ បានចូលរួមជាមួយ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Yokohama របស់ជប៉ុនកាលពីខែមករា។ Miura នឹងនៅបន្តជាមួយ Oliveirense ក្នុងនាមជាកីឡាករខ្ចីជើងដដែល ប៉ុន្តែមិនបញ្ជាក់ពេលវេលាកំណត់ឡើយ។ Yokohama និង Oliveirense មានម្ចាស់ជនជាតិជប៉ុនដូចគ្នា។
 
យ៉ាងណាក៏ដោយទៅចូលរួមជាមួយក្រុមនៅព័រទុយហ្កាល់ Miura បង្ហាញខ្លួនបានត្រឹមតែ ២៨ នាទីប៉ុណ្ណោះ ក្នុងនាមជាកីឡាករបម្រុងប្តូរចូលចំនួន៣លើក។
King Kazu បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ជាមួយក្រុម Santos របស់ប្រេស៊ីលក្នុងឆ្នាំ ១៩៨៦។ កីឡាកររូបនេះធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងទ្វីបអាស៊ី ដោយនៅក្នុងឆ្នាំ ១៩៩០ បានជួយឱ្យមនុស្សជាច្រើននៅលើពិភពលោកស្គាល់ពីបាល់ទាត់ជប៉ុន មុនកកើតលីគបាល់ទាត់អាជីពជប៉ុន J-League ក្នុងងឆ្នាំ ១៩៩៣។
 
ក្នុងអាជីពជាកីឡាករបាល់ទាត់ជិត៤០ឆ្នាំ King Kazu ធ្លាប់លេងឱ្យក្លិបជាង១០ ដែលមានមូលដ្ឋាននៅជប៉ុន អ៊ីតាលី ប្រេស៊ីល ក្រូអាស៊ី អូស្ត្រាលី និងព័រទុយហ្កាល់។
Kazu បង្ហាញខ្លួនឱ្យជម្រើសជាតិជប៉ុនឆ្នាំ ១៩៩០ ហើយក៏បានជួយសាំម៉ូរៃបានកៅអីទៅ World Cup លើកដំបូងក្នុងឆ្នាំ ១៩៩៨។ ជាមួយក្រុមជម្រើសជាតិជប៉ុន កីឡាករវ័យចំណាស់រូបនេះស៊ុតបញ្ចូលទី៥៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៦លើក មុនចូលនិវត្តន៍ពីជម្រើសជាតិនៅឆ្នាំ ២០០០។
 
វីរបុរសក្រុមជម្រើសជាតិជប៉ុនរូបនេះ ធ្លាប់អះអាងថានឹងបន្តអាជីពជាកីឡាករបាល់ទាត់រហូតដល់អាយុ៦០ឆ្នាំ៕
 

Tag:
 Kazuyoshi Miura
© រក្សាសិទ្ធិដោយ thmeythmey.com