ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ជំរុញឱ្យសម្រេចការវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
13, Jul 2023 , 7:59 pm        
រូបភាព
ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ សម្តេច​បានបញ្ជាក់ថា​ គណៈកម្មការនេះ មានភារកិច្ចជំរុញគម្រោងកសាងផ្លូវនេះ ឱ្យសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប។

 
ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គឺជាគម្រោងស្នើសុំវិនិយោគពីក្រុមហ៊ុនចិន​ China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគកសាង-ធ្វើអាជីវកម្ម-ផ្ទេរ។ ក្រោមគម្រោងនេះ​ សម្តេច ហ៊ុន សែន ក៏សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងឡើង​ ដែលមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។ 
 
បើតាមសេចក្តីសម្រេចរបស់សម្តេច ហ៊ុន​ សែន នាថ្ងៃទី១១កក្កដា គណៈកម្មការនេះ មានភារកិច្ច ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប។ ជាពិសេសគណៈកម្មការត្រូវជំរុញគម្រោងនេះឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងភ្នំពេញ-សៀមរាប។ 
 
កន្លងមក លោក ស៊ុន ចាន់ថុល បានអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងអទិភាពដែល​ក្រសួងសាធារណ​ការ កំពុង​ខិតខំ​ជំរុញ​ឱ្យចេញជារូបរាង​  ដោយកិច្ចព្រមព្រៀង​ស្តីពី​ផ្លូវ​នេះ​ អាច​សម្រេចបាន​នៅ​ក្នុងខែកញ្ញា ឆ្នាំ២០២៣។  ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ របស់​ក្រសួង​សាធារណការ នា​ថ្ងៃទី​ ១៥ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ៖  «ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប​ គឺក្រុមហ៊ុនបានសន្យាថា នឹងធ្វើឱ្យហើយ និង​ឈានទៅ​ចុះហត្ថលេខា​លើFramework Agreement [​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ការងារ​] នៅក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០២៣»។ 
 
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបនេះ គឺផ្លូវល្បឿនលឿនទីបី ដែលរដ្ឋាភិបាលជំរុញឱ្យចេញជារូបរាងឡើង ខណៈបច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២០០០លានដុល្លារ ដាក់ឱ្យចរាចរណ៍បានជាងមួយឆ្នាំហើយ។ ដោយឡែក ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិតតម្លៃវិនិយោគប្រមាណ១ ៤០០​លានដុល្លារ គឺកំពុងសាងសង់៕ 
 

Tag:
 ផ្លូវល្បឿនលឿន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com