កីឡាអន្តរជាតិ
អន្តរជាតិ
Maguire បង្ហាញអារម្មណ៍ខកចិត្ត ដែលត្រូវដកតំណែងជាប្រធានក្រុម Man Utd
17, Jul 2023 , 1:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United បានដកតំណែងប្រធានក្រុមពីខ្សែការពារ Harry Maguire ។ ក្រោយដកស្លាកដែលខ្លួនពាក់ជាង៣ឆ្នាំ Maguire បានបង្ហាញអារម្មណ៍ខកចិត្ត តែជួនពរអ្នកទទួលតំណែងពីខ្លួនជោគជ័យក្នុងភារកិច្ចនេះ និងគាំទ្រពេញទំហឹង។



Maguire ត្រូវបានតែងតាំងជាប្រធានក្រុម Man Utd តាមរយៈអតីតគ្រូបង្វឹកលោក Ole Gunnar Solskjaer កាលពីចុងឆ្នាំ ២០១៩។ នៅឆ្នាំ២០២៣ Maguire ដែលបង្ហាញខ្លួនមិនបានល្អសោះនៅរដូវកាលមុន ត្រូវបានអ្នកចាត់ការថ្មីដកតំណែងប្រធានក្រុមនេះវិញ។
 
តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា Maguire បានបង្ហាញការខកចិត្ត ក្រោយត្រូវបានដកតំណែងជាប្រធានក្រុមបិសាចក្រហម បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកចាត់ការ លោក Ten Hag រួច។
 
«គាត់ [Ten Hag] បានរៀបរាប់ពីហេតុផលរបស់គាត់ចំពោះខ្ញុំ។ ខ្ញុំផ្ទាល់មានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណា ខ្ញុំនឹងបន្តពាក់អាវនេះ»។ នេះជាការរៀបរាប់របស់ខ្សែការពារសញ្ជាតិអង់គ្លេស មុននិយាយអរគុណទៅកាន់អ្នកគាំទ្រ Man Utd ចំពោះខ្លួនក្នុងនាមជាប្រធានក្រុមកន្លងមក។
 
នៅក្នុងសំណេរដែលបង្ហាញពីការខកចិត្តរបស់ខ្លួន Maguire ដែលជាខ្សែការពារថ្លៃជាងគេ នៅ Premier League បានបង្ហាញការដឹងគុណចំពោះ លោក Ole Gunnar Solskjaer ដែលផ្លល់សេចក្តីទុកចិត្ត ឱ្យខ្លួនក្លាយជាប្រធានក្រុម។ ខ្សែការពារវ័យ៣០ឆ្នាំ ក៏បានប្រកាសពីការគាំទ្រពេញទំហឹង ចំពោះអ្នកត្រូវទទួលភារកិច្ចពីខ្លួន និងជូនពរឱ្យអ្នកជំនួសជោគជ័យក្នុងតំណែងនេះ។
 
Maguire ដែលបង្ហាញខ្លួន៨លើកប៉ុណ្ណោះ នៅលីគកំពូលអង់គ្លេសរដូវកាលមុនបន្ថែមថា៖ «ចាប់តាំងពីថ្ងៃដែលខ្ញុំបានកាន់តួនាទីនេះ ជាង៣ឆ្នាំមុន វាជាកិត្តិយសដ៏ធំធេងក្នុងការដឹកនាំ Manchester United និងជាគ្រាដ៏មានមោទកភាពបំផុត ក្នុងអាជីពរបស់ខ្ញុំរហូតមកដល់បច្ចុប្បន្ន»។ 
 
អតីតខ្សែការពារ Leicester City ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសផ្សាយថា អាច​ត្រូវចាកចេញពីក្លិបយក្សអង់គ្លេសមួយនេះ នៅរដូវកាលថ្មីខាងមុខនេះ​៕
 
 

Tag:
 Harry Maguire
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com