កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារកូរ៉េខាងត្បូង Min-jae ផ្លាស់ពី Napoli ទៅ Bayern Munich
19, Jul 2023 , 11:59 am        
រូបភាព
ក្រោយជួយ Napoli លើកពាន Serie A លើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ ខ្សែការពារកូរ៉េខាងត្បូង Kim Min-jae បានផ្លាស់ទៅរួមក្រុម Bayern Munich។



តាមរយៈការបង្ហោះរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅថ្ងៃទី១៨ ខែកក្កដា Min-jae យល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ យ៉ាងណាក៏ដោយ ជុំវិញការផ្ទេរខ្សែការពារអន្តរជាតិកូរ៉េខាងត្បូងរូបនេះ មិនមានការបញ្ចេញតម្លៃខ្លួននោះឡើយ។
 
Min-jae បានបង្ហាញភាពលេចធ្លោនៅតំបន់ការពារ ចាប់តាំងពីរូបគេចូលរួមជាមួយក្រុមអ៊ីតាលី Napoli ក្រោយចាកចេញពីក្លិបតួកគី Fenerbahce រដូវកាលមុន។ រដូវកាលដំបូងខ្សែការពារវ័យ២៦ឆ្នាំ បានជួយ Napoli ឈ្នះជើងឯកលីគកំពូលអ៊ីតាលីរដូវកាល ២០២២-២៣ តែម្តង។ Napoli ឈ្នះ Serie A លើកដំបូងក្រោយអាក់ខាន៣៣ឆ្នាំ ពោលគឺតាំងពីជំនាន់ Diego Maradona។
  


ចូលរួមមួយក្រុមយក្សអាល្លឺម៉ង់ Min-jae បាននិយាយក្នុងគេហទំព័រផ្លូវការក្លិប Bayern Munich ថា៖«នេះជាការចាំផ្តើមថ្មីសម្រាប់ខ្ញុំ។ គោលបំណងធំរបស់ខ្ញុំ គឺអាចលេងបានច្រើនប្រកួត និងឈ្នះពានឱ្យបានច្រើនតាមដែលអាចធ្វើបាន»។
 
Jan-Christian Dreesen នាយកប្រតិបត្តិក្លិប Bayern Munich លើកសរសើរពីទេពកោសល្យរបស់ Min-jae ថាជាខ្សែការពារដ៏រឹងមាំទាំងរាងកាយ ល្បឿន និងការតាំងចិត្តក្នុងពេលប្រកួត។
 Min-jae ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូលចិង និងលីគក្នុងស្រុកកូរ៉េខាងត្បូង បង្ហាញខ្លួនឱ្យ Napoli ៣៥លើក និងរកបាន២គ្រាប់នៅរដូវកាលមុន។ សម្រាប់ក្រុមជម្រើសជាតិ ខ្សែការពារកម្ពស់១.៩០ម៉ែត្ររូបនេះ បង្ហាញខ្លួនបាន៤៩លើកចាប់តាំងពីឆ្នាំ២០១៧មក ដោយរកបាន៣គ្រាប់៕
 

Tag:
 Kim Min-jae
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com