កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd តែងតាំង Fernandes ជាប្រធានក្រុម
21, Jul 2023 , 10:24 am        
រូបភាព
Bruno Fernandes ក្លាយជាប្រធានក្រុមថ្មីរបស់ Manchester United ជំនួសតំណែង Harry Maguire។



ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ បានពាក់ស្លាកប្រធានក្រុមបិសាចក្រហមជាច្រើនលើករួចមកហើយ ជាពិសេសរដូវកាលមុន នៅពេល Maguire ស្ថិតនៅកៅអីបម្រុង។ 
តាមការបញ្ជាក់លើកគេហទំព័រផ្លូវការ Man Utd នៅថ្ងៃទី២០ ខែកក្កដា អ្នកចាត់ការទូទៅលោក Erik ten Hag បានសម្រេចឱ្យ Fernandes ក្លាយជាអ្នកដឹកនាំជាអចិន្ត្រៃយ៍តែម្តង។
 
Fernandes វ័យ២៨ឆ្នាំដែលជាកីឡាករលេចធ្លោសម្រាប់ក្រុម Man Utd បានស៊ុតបាល់បញ្ចូលទី ៦៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី ៥៤លើក ក្នុងការប្រកួត ១៨៥លើក ចាប់តាំងពីផ្លាស់ទៅ Old Trafford នៅឆ្នាំ២០២០។
 
តែងតាំងជាប្រធានក្រុមថ្មី Fernandes ដែលជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ Sir Matt Busby ពីរសម័យ ប្តេជ្ញាជំរុញកូនក្រុមបង្កើនស្តង់ដារកាន់តែខ្ពស់ក្នុងការប្រកួត និងធ្វើយ៉ាងណាជួយក្រុមយក្សអង់គ្លេសមួយនេះ ទទួលបានលទ្ធផលគាប់ប្រសើរក្នុងរដូវកាល ២០២៣-២៤ តទៅ។
 
ស្របពេលនៃការប្រកាសតែងតាំង Fernandes ជាប្រធានក្រុម ក្លិប Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការហូឡង់ Ten Hag បាននាំចូលអ្នកចាំទី Andre Onana ពី Inter Milan ក្នុងតម្លៃ៦០លានដុល្លារ។ អ្នកចាំទីអន្តរជាតិកាំមេរូន វ័យ២៧ឆ្នាំរូបនេះ នឹងត្រូវជំនួសតំណែង David de Gea ដែលបានចាកចេញពី Old Trafford នៅឆ្នាំ២០២៣នេះ។ Onana ជាកីឡាករទី២ របស់បិសាចក្រហម បន្ទាប់ពី Mason Mount៕
 

Tag:
 Bruno Fernandes
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com