ជាតិ
មកលេងសៀមរាប អាចមកទស្សនាកន្លែងតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី
22, Jul 2023 , 1:59 pm        
រូបភាព
សកម្មភាពស្ត្រីអ្នកតម្បាញ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សកម្មភាពស្ត្រីអ្នកតម្បាញ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សៀមរាប៖ លើសពីជាកន្លែងបណ្ដុះបណ្ដាលជំនាញតម្បាញ ដល់ស្ត្រីក្នុងសហគមន៍ខេត្តសៀមរាប មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញសូត្រ ក្នុងស្រុកបន្ទាយស្រី ក៏ជាកន្លែងទេសចរណ៍មួយផងដែរ។ នៅទីនេះទេសចរ អាចមកទស្សនា និងឈ្វេងយល់ពីច្រវាក់ផលិតកម្មតម្បាញ ដោយមានការណែនាំពីមគ្គទេសក៍នៅទីនេះ។ ក្រៅពីនោះ ទេសចរក៏អាចជាវនូវផលិតផលសូត្រ ហូល ផាមួង ក្រមា ឬវត្ថុអនុស្សាវរីយ៍ជាដើម ដែលជាផលិតផលសម្រេច ដែលស្ត្រីនៅមជ្ឈមណ្ឌលនេះផលិតបាន។

 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 
 
 
ដើម្បីទៅកាន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ លោកអ្នកនាងត្រូវធ្វើដំណើរចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ឬចំណាយពេលប្រមាណ៤០នាទី ពីក្រុងសៀមរាប។ ដើម្បីងាយស្រួល លោកអ្នកក៏អាចប្រើប្រាស់ Google Map ដោយវាយអក្សរថា «Color Silk Gallery»។ 
 
ពេលធ្វើដណើរទៅដល់ប្រិយមិត្ត នឹងបានឃើញខ្លោងទ្វារថ្មខ្ពស់ល្មមមួយនៅខាងស្ដាំដៃ ភ្ជាប់នឹងពាក្យ «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញសូត្រ»។ ពេលលោកអ្នកចូលទៅដល់ នឹងមានមគ្គទេសក៍ នាំផ្លូវ និងណែនាំពីដំណាក់កាលនីមួយៗ ចាប់ពីការចិញ្ចឹមដង្កូវនាង ការចងគាតលើកជាគោម ចេញជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗ រហូតក្លាយជាផលិតផលសម្រេច។ អ្នកទេសចរ ក៏អាចសាកល្បងត្បាញបានផងដែរ។ 
 
លើសពីការឈ្វេងយល់ និងបានទស្សនាការងាររបស់ស្ត្រីអ្នកតម្បាញ នៅទីនេះក៏មានកន្លែងលក់ផលិតផល ដែលជាស្នាដៃ របស់ពួកគេនៅទីនោះផងដែរ ដូចជាសម្លៀកបំពាក់ធ្វើពីសូត្រ, ក្រមាសូត្រ ឬអំបោះ, ហូល, កាបូប, និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាដើម។ 
 
បច្ចុប្បន្ននៅមជ្ឈមណ្ឌលនេះ មានភ្ញៀវទេសចរទាំងខ្មែរ និងបរទេសទៅទស្សនា ក្នុងនោះភ្ញៀវបរទេសមានចន្លោះពី១៥០នាក់ ទៅ២០០នាក់ និងភ្ញៀវខ្មែរចន្លោះពី៥០នាក់ ទៅ១០០នាក់ផងដែរ ក្នុងមួយខែៗ។ 
 
គួរជម្រាបផងដែរថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រនេះ អនុញ្ញាតឱ្យស្រ្តីតាមសហគមន៍ក្នុងខេត្តសៀមរាប អាចចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលតម្បាញសូត្រ ហើយក្រោយបញ្ចប់វគ្គ ពួកគេនឹងទទួលបានសម្ភារ និងវត្ថុធាតុដើមដើម្បីត្បាញសូត្រនៅតាមផ្ទះរៀងៗខ្លួន។  អង្គការនេះ ទទួលទិញ និងរកទីផ្សារសូត្រដល់ស្រ្តីទាំងនោះ។
 
មជ្ឈមណ្ឌលនេះ ចាប់ផ្តើមមានវត្តមាននៅស្រុកបន្ទាយស្រី នាពាក់កណ្ដាលឆ្នាំ២០១៩មក។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ដែលគ្រប់គ្រងដោយអង្គការ ពណ៌សូត្រ ឬ Color Silk ក្រោមការឧបត្ថម្ភពីធនាគារមេយប៊ែង តាមរយៈកម្មវិធី Women Eco-Weavers៕
 

Tag:
 តម្បាញ
  សូត្រ
  បន្ទាយស្រី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com