ជាតិ
អាជ្ញាធរជាតិអប្សរា នឹងបើកសាកល្បងខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី នៅខែសីហា
23, Jul 2023 , 6:59 pm        
រូបភាព
ផ្នែកខ្លះ នៃប្រាសាទអង្គរវត្ត (ឆ្វេង) និងប្រាសាទបន្ទាយស្រី (ស្ដាំ)។
ផ្នែកខ្លះ នៃប្រាសាទអង្គរវត្ត (ឆ្វេង) និងប្រាសាទបន្ទាយស្រី (ស្ដាំ)។
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងដាក់ដំណើរការសាកល្បង ខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី នៃរមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ បើតាមអាជ្ញាធរជាតិអប្សរា ខ្សែទស្សនាថ្មីនេះ នឹងរួមចំណែក បង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទក៏ដូចជាផ្ដល់បទពិសោធល្អៗជូនទេសជាតិ និងអន្តរជាតិ។


 
តាមរយៈទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត ផ្ដល់ជម្រើសបីដល់ទេសចរ។ ជម្រើសទី១«ទិសដៅទស្សនាបែបទេសចរ» ជាខ្សែទស្សនារយៈពេលខ្លី មានរយៈ២ម៉ោង។ ជម្រើសទី២ «ទិសដៅទស្សនាបែបជំនឿ-សាសនា» ជាខ្សែទស្សនារយៈពេលមធ្យម មានរយៈពេល២ម៉ោង និង៣០នាទី។ ជម្រើសទី៣ «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» ជាខ្សែទស្សនារយៈពេលវែង ដោយមានរយៈពេលទស្សនា៣ម៉ោង។ 

ខ្សែទស្សនាថ្មី នៅប្រាសាទបន្ទាយស្រី។ រូបភាព អាជ្ញាធរជាតិអប្សរា។ 
 
ចំពោះខ្សែទស្សនាថ្មីនៅប្រាសាទបន្ទាយស្រីវិញ អាជ្ញាធរជាតិអប្សរា បានរៀបចំជាជម្រើស២ សម្រាប់ទេសចរ ដោយ១ ជាជម្រើសទស្សនារយៈពេលខ្លី គឺ១ម៉ោង និង២០នាទី។ រីឯជម្រើសមួយទៀត គឺជាជម្រើសទស្សនារយៈពេល១ម៉ោង និង៤០នាទី។ 
 
តាមរយៈជម្រើសខ្សែទស្សនាថ្មី ក្នុងប្រាសាទទាំង២ នឹងអនុញ្ញាតឱ្យទេសចរឆ្លងកាត់ផ្នែកសំខាន់ៗរួមមាន ផ្ទាំងចម្លាក់សាច់រឿង និងចំណុចសំខាន់ ដែលអាចទស្សនាបានទូលំទូលាយជាងកាលមុនៗ។  អាជ្ញាធរអប្សរាអះអាងដូច្នេះ ហើយបន្តថា អំឡុងពេលនៃការដាក់ដំណើរការសាកល្បងនេះ ក្រុមការងារជំនាញ ក៏នឹងប្រើប្រាស់វិធីសាស្ត្រស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ (Tracking)ផងដែរ។ 

ទិសដៅទស្សនាបែបទេសចរ នៅប្រាសាទអង្គរវត្ត។  រូបភាព អាជ្ញាធរជាតិអប្សរា។
 
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ អ្នកទេសចរនិងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តន៍សាកល្បង នៃខ្សែទស្សនាខាងលើ៕
 

ទិសដៅទស្សនាបែបជំនឿ និងសាសនា នៅប្រាសាទអង្គរវត្ត។  រូបភាព អាជ្ញាធរជាតិអប្សរា។


ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរវត្ត។  រូបភាព អាជ្ញាធរជាតិអប្សរា។ 

 

Tag:
 ខ្សែទស្សនា
  អង្គរវត្ត
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com