កីឡាជាតិ
ជាតិ
នាយពាក់មី រៀបចំប្រកួតបាល់ទាត់សប្បុរសធម៌ បំណងឱ្យពលរដ្ឋចងចាំ «ពេទ្យគន្ធបុប្ផា» លោក ចែម ចាន់រ៉ា(អាវផ្ទៃមេឃ)ជាមួយមិត្តសិល្បៈយកថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា។
× លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បញ្ជាក់ថាមូលហេតុដែលបង្កើតកម្មវិធីប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌ព្រោះចង់ឱ្យប្រជាជននៅតែចងចាំ «មន្ទីរពេទ្យគន្ធបុប្ផា» និងនៅតែគិតថាគន្ធបុប្ផាមានកុមារតូចៗដែលកំពុងសម្រាកព្យាបាល។ លោក ចាន់រ៉ា និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
«មូលហេតុដែលខ្ញុំរកមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងគោលបំណងរបស់ខ្ញុំគិតច្បាស់ហើយថាការប្រមូលលុយពីការទាត់បាល់មិនបានប៉ុន្មានទេ! ប៉ុន្តែអ្វីដែលយើងចង់ធ្វើចង់ផ្សព្វផ្សាយដើម្បីឱ្យអារម្មណ៍បងប្អូននៅតែចងចាំគន្ធបុប្ផា»។ នាយពាក់មី លើកឡើងដូច្នេះ ហើយបន្ថែមថាមន្ទីរពេទ្យគន្ធបុប្ផា នៅតែត្រូវការជំនួយមិនត្រូវភ្លេចបានឡើយ។
ក្រុមបាត់ដំបងយូណាយធីត និងផ្ការីកគ្រប់រដូវ។
តារាកំប្លែងរូបនេះបន្តថា ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌គឺមិនត្រឹមតែជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផានោះទេ គឺនឹងបន្តជួយមន្ទីរពេទ្យផ្សេងទៀតដែលជួបការលំបាក។
«ថ្ងៃទី៣០ ខែកក្កដា នេះយើងនឹងប្រកួតជាមួយក្រុមបាល់ទាត់បាត់ដំបងយូណាធីត។ ការប្រកួតក្នុងគោលបំណងជួយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។ យ៉ាងណាស្ថាបនិកក្រុមផ្ការីកគ្រប់រដូវក៏បញ្ជាក់ផងដែរថាក្រុមនៅតាមបណ្តាខេត្តផ្សេងក៏អាចដាក់ពាក្យប្រកួតជាមួយក្រុមរបស់លោកបានដែរ។
លោក ចែម ចាន់រ៉ា និយាយថា៖«មិនថាតែមន្ទីរពេទ្យគន្ធបុប្ផានោះទេ ពេទ្យស្វាយរៀង បាត់ដំបង និងមន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗដែលគាត់ចង់ធ្វើដើម្បីព្យាបាលកុមារ ឬក៏ជួយដល់ប្រជាជនយើងសប្បាយចិត្តនឹងធ្វើ»។ ការសម្រេចងាកមកលេងកីឡាបាល់ទាត់ លោកពាក់មី ប្រាប់ថាព្រោះតែការស្រឡាញ់ និងជួយឱ្យមានសុខភាពល្អផងដែរ។ លោកបង្ហើបទៀតថា លោក ជាអ្នកគាំទ្រក្រុមបិសាចក្រហមយូណាយធីត និងមានកីឡាករ គ្រីស្ទៀនណូរ៉ូណាល់ដូ (Cristiano Ronaldo) ជានិមិត្តរូបតាំងពីដំបូង។
«និមិត្តរូបរបស់ខ្ញុំគឺ Ronaldo ហើយក្រុមដែលខ្ញុំស្រឡាញ់គឺ Manchester United។ ទោះបី រ៉ូណាល់ដូ ចេញពីក្លិបក៏ខ្ញុំនៅតែស្រឡាញ់ ManU តែ Ronaldo ខ្ញុំគាំទ្រតាំងពីចេះមើលបាល់ទាត់»។
លោក ចាន់រ៉ា និយាយដូច្នេះ។ ទោះក្នុងអាជីពជាតារាសម្តែងតែលោក មើលឃើញពីភាពជឿនលឿននៃវិស័យបាល់ទាត់នៅកម្ពុជាគឺខុសប្លែកច្រើន។ «យើងឃើញថាវិស័យបាល់ទាត់នៅកម្ពុជាយើងគឺរីកចម្រើនជាងមុន ទោះបីជាមិនទាន់បានជោគជ័យតែការប្រកួតរបស់យើងគឺមិនទប់ពេកទេ មានការប្រយុទ្ធច្រើន ហើយប្រជាជនចូលរួមលេងកីឡាបាល់ទាត់ច្រើន»។
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាព ដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រវាងក្រុមបាល់ទាត់បាត់ដំបងយូណាធីត និងផ្ការីកគ្រប់រដូវ នឹងធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ សាកលវិទ្យាល័យជាតិខេត្តបាត់ដំបង៕
Tag:
(កីឡាបាល់ទាត់
ចែម ចាន់រ៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com