ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លើសពីជំរុញការអាន​ បណ្ណាល័យ​ភូមិ​ក្រសាំង រួមចំណែក​លើកកម្ពស់​​សីលធម៌កុមារ
03, Aug 2023 , 2:39 pm        
រូបភាព
សៀមរាប៖ «បណ្ណាល័យភូមិក្រសាំង» ​មានទីតាំងស្ថិតនៅភូមិក្រសាំង​ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ​បណ្ណាល័​យនេះ បង្កើតឡើងដោយ យុវជន ឆៃ ប៊ុនសង នៅក្នុងឆ្នាំ២០២១ ​ក្នុងបំណង​ចូលរួម​ចំណែក បណ្តុះទម្លាប់អានសៀវភៅ ដល់កុមារ​នៅក្នុងភូមិ និងលើកទឹកចិត្តឱ្យកុមានស្រឡាញ់ការសិក្សា។ ​សម្រាប់ លោក ឆៃ ប៊ុនសង ក្នុងរយៈពេលកន្លងមកនេះ ​ណ្ណាល័យដែលខ្លួនបានរៀបចំឡើង មិនត្រឹមតែ​​បានលើក កម្ពស់ ការអានរបស់កុមារនោះទេ ប៉ុន្តែថែមទាំងបានបង្កើននូវសីលធម៌ និងសុជីវធម៌ ដល់កុមារនៅក្នុងភូមិផង ដែរ។



ដើម្បីជ្រាបច្បាស់ពី «បណ្ណាល័យ ភូមិក្រសាំង»នេះ សូមលោកអ្នកនាងទស្សនាបទយកការណ៍​ ដែលរៀបចំដោយ លោក ស៊ុល រ៉វី ដូចតទៅ៖ 

 
លោក ឆៃ ប៊ុនសង ជាយុវជនខ្មែរមួយរូប ដែលមានជំនក់ចិត្ត និងផ្ដល់តម្លៃខ្ពស់លើការអាន ។ ការណ៍នេះបានជំរុញចិត្ត អ្នកខេត្តបាត់ដំបងរូបនេះ បង្កើតបណ្ណាល័យភូមិមួយ ដើម្បីឱ្យកុមារក្នុងភូមិ មានទម្លាប់ក្នុងការចាប់កាន់សៀវភៅអាន និងចូលចិត្តសៀវភៅ។ 
 
នៅឆ្នាំ២០២១ លោកក៏បានចាប់ផ្ដើមបង្កើតបណ្ណាល័យភូមិមួយ ឈ្មោះ​ «បណ្ណាល័យ ភូមិក្រ​សាំង​» ដោយយកលំនៅដ្ឋានខ្លួន ធ្វើជាទីតាំង និងប្រមែប្រមូលសៀវភៅដែលលោក និងសមាជិកគ្រួសារ បានទិញ និងអានកន្លងមករៀបចំ។
 
«សៀវភៅមានច្រើន បើទុកចោលវាក្លាយជារបស់គ្មានប្រយោជន៍»។ នេះជាសម្ដី លោក ឆៃ ប៊ុនសង ដែលជាមូលហេតុមួយ ដែលជំរុញលោកបង្កើតបណ្ណាល័យភូមិនេះឡើង។ ហេតុផលមួយទៀត គឺលោកបារម្ភខ្លាចកុមារក្នុងភូមិក្រសាំងនេះ ភ្លេចការសិក្សា និងបោះបង់ការសិក្សា បន្ទាប់ពីសាលារៀនបើកវិញ បន្ទាប់ពីសាលាបានបិទទ្វារ ក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ​។ ហេតុផលទី៣ លោកទទួលឥទ្ធិពល ពីបណ្ណាល័យភូមិមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងខេត្តសៀមរាប។ 
 
រយៈពេលជាង២ឆ្នាំ នៃការបង្កើត «បណ្ណាល័យ ភូមិក្រសាំង»នេះ មក លោកមើលឃើញថា បណ្ណាល័យនេះ បានផ្លាស់ប្ដូរជាវិជ្ជមាន ទៅលើទម្លាប់កុមារ។ ផ្លាស់ប្ដូរពីលេង មកស្វ័យសិក្សា, ពីចេះអានតិចតួច ទៅជាក្មេងមានសមត្ថភាពអានល្អជាងមុន, ពីការប្រើប្រាស់ពាក្យមិនសមរម្យ ទៅជាក្មេងដែលប្រើប្រាស់ភាសាមានសីលធម៌ និងសុជីវធម៌។ 
 
ជាអ្នកដឹកនាំបណ្ណាល័យភូមិមួយរូប លោក ប៊ុនសង ថាការបណ្ដុះទម្លាប់អានសម្រាប់កុមារមិនជារឿងស្រួលឡើយ តែក៏មិនពិបាករហូតដល់ធ្វើមិនកើតដែរ។ លោកបន្ថែមថា ដើម្បីឱ្យកុមារចាប់ផ្ដើមអានបាន គឺបណ្ណាល័យនេះ មិនមែនត្រឹមតែដាក់សៀវភៅ និងមានកន្លែងតែប៉ុណ្ណោះទេ គឺត្រូវបង្កើតសកម្មភាពមួយចំនួនទៀតផងដែរ ដើម្បីលើកទឹកចិត្តកុមារឱ្យកាន់​តែស្រឡាញ់ការអាន តាមរយៈការប្រកួតប្រជែងការអាន និងការបើកថ្នាក់បង្រៀនជាដើម​។ 
 
ជាអ្នកចូលចិត្តអានសៀវភៅ និងជាស្ថាបនិកបណ្ណាល័យភូមិនេះ លោក ប៊ុនសង ថាការបណ្ដុះទម្លាប់ការអាន សម្រាប់កុមារតូចៗពិតជាសំខាន់ណាស់។ មិនត្រឹមតែឱ្យពួកគាត់ចូលចិត្តសៀវភៅ, មានសមត្ថភាពអានប៉ុណ្ណោះទេ តែវាមានធ្វើឱ្យកុមារមានអាកប្បកិរិយាល្អ និងការចេញត្រិះរិះពិចារណាទៀតផង។ 
 
បច្ចុប្បន្នបណ្ណាល័យនេះ កំពុងដំណើរការ នៅក្នុងភូមិក្រសាំង​ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ បណ្ណាល័យនេះ មានការទ្រទ្រង់ថវិកា ដោយសប្បុរសជន រួមទាំងលោក និងសហការីរបស់លោកជាប្រចាំខែផងដែរ ដើម្បីប្រើប្រាស់សម្រាប់ទិញសៀវភៅ, រង្វាន់, សម្ភារ និងប្រតិបត្តិការផ្សេងៗក្នុងបណ្ណាល័យ។ 
 
ជាគម្រោងនៅថ្ងៃអនាគត លោក ឆៃ ប៊ុនសង មានគោលបំណងប្រែក្លាយបណ្ណាល័យភូមិនេះ ជាបណ្ណាល័យផង និងជាមណ្ឌលកម្សាន្តសម្រាប់កុមារៗក្នុងភូមិផង៕
 

Tag:
 កម្មវិធីអំណាន ThmeyThmey
  បណ្ណាល័យភូមិ
  ទម្លាប់អាន
  ភូមិក្រសាំង
  បាត់ដំបង
  ឆៃ ប៊ុនសង
© រក្សាសិទ្ធិដោយ thmeythmey.com