អន្តរជាតិ
លោក ថាក់ស៊ីន លើកពេលចូលស្រុកវិញ
05, Aug 2023 , 3:59 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ បាននិយាយនៅថ្ងៃទី៥ ខែសីហា ថា លោកសម្រេចពន្យារពេលចូលប្រទេសវិញ។ ការប្រកាសរបស់លោក ថាក់ស៊ីន ធ្វើងឡើងខណៈថៃកំពុងជួបភាពជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែឧសភា។

ជាថ្មីម្ដងទៀត គម្រោងវិលចូលស្រុករបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតមហាសេដ្ឋីទូរគមនាគមន៍ និងជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ២០០១ ដល់រដ្ឋប្រហារឆ្នាំ២០០៦ មិនលេចជារូបរាងឡើង។ លោកជាអ្នកប្រកាសការពន្យារពេលចូលស្រុកដោយខ្លួនឯង។
 
អតីតមេដឹកនាំថៃរូបនេះ បញ្ជាក់តាមបណ្ដាញសង្គម X ដែលត្រូវស្គាល់ពីមុនជា Twitter ថា លោកត្រូវការការពិនិត្យសុខភាព ហើយនឹងពន្យារពេលការវិលត្រឡប់ដែលដើមឡើយបានគ្រោងទុកនៅថ្ងៃទី១០ ខែសីហា។ លោកបន្តថា វានឹងមានពេលពីរបីសប្តាហ៍។
 
ការប្រកាសនេះ ធ្វើឡើងខណៈដែលការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅមិនទាន់ចេញរួចនៅឡើយ។ បបច្ចុប្បន្ន បក្សភឿថៃដែលស្និទ្ធលោក ថាក់ស៊ីន កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មីជំនួសបក្សឆ្ពោះទៅមុខដែលជាបក្សឈ្នះការបោះឆ្នោតខែឧសភា។
 
កន្លងមក បក្សទាំង២ រួមនឹងបក្ស៦ទៀត ក៏ព្យាយាមបង្កើតរដ្ឋាភិបាលដែរ ប៉ុន្តែត្រូវបានរារាំងដោយព្រឹទ្ធសភាដោយសារគោលនយោបាយរបស់បក្សឆ្ពោះទៅមុខ។ រដ្ឋធម្មនុញ្ញថៃដែលត្រូវបានព្រាងដោយយោធា តម្រូវឱ្យសភាទាំង២ រួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
 
បក្សឆ្ពោះទៅមុខ បានព្យាយាមពីរដងដើម្បីឱ្យលោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី តែក៏មិនជោគជ័យ។ ឯបក្សភឿថៃវិញ នឹងតែងតាំងលោក Srettha Thavisin ដែលជាមហាសេដ្ឋីអចលនទ្រព្យជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា។
 
ប៉ុន្តែការបោះឆ្នោតនោះត្រូវបានពន្យារពេលទៀតដោយរង់ចាំការពិនិត្យឡើងវិញរបស់តុលាការធម្មនុញ្ញលើដំណើរការសភាដែលបានរារាំងការតែងតាំងលោក Pita ក្នុងការបោះឆ្នោតលើកទីពីរកាលពីខែកក្កដាកន្លងទៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com