អន្តរជាតិ
បក្សភឿថៃ សារភាពពីការលំបាកក្នុងការបង្កើតរដ្ឋាភិបាល មេដឹកនាំរងបក្សភឿថៃ Phumtham Wechayachai (ឆ្វេង) ដើរជាមួយលោក Chonlanan Srikaew ដែលជាមេបក្ស និងលោក Prasert Jantararuangtong អគ្គលេខាធិការបក្ស។ រូបថត AFP
× បក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះថ្មី បានទទួលស្គាល់ថា បេសកកម្មរបស់ខ្លួនពិតជាលំបាក ទោះជាបក្សកំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជម្នះវិបត្តិនយោបាយក្រោយការបោះឆ្នោតខែឧសភាក្ដី។
លោក Phumtham Wechayachai មេដឹកនាំរងបក្សភឿថៃ និយាយនៅថ្ងៃទី៥ ខែសីហា ថា វិបត្តិនយោបាយសព្វថ្ងៃកើតចេញពីកំណត់នៃការបង្កើតរដ្ឋាភិបាល ការកំណត់ផ្លូវច្បាប់ទាក់ទងរដ្ឋធម្មនុញ្ញ រចនាសម្ព័ន្ធគ្រប់គ្រងដែលមានបញ្ហារបស់ប្រទេស និងបញ្ហាផ្សេងៗគ្នាជាច្រើនទៀត។
"ស្ថានភាពនេះធ្វើឱ្យការបង្កើតរដ្ឋាភិបាលមិនងាយស្រួលទេ ហើយយើងជាគណបក្សដឹកមុខ ត្រូវតែរឹងមាំលើគោលជំហរ និងភាពជាអ្នកដឹកនាំ បើមិនដូច្នេះទេ យើងនឹងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹងភាពខុសគ្នាក្នុងចំណោមសម្ព័ន្ធភាពចម្រុះ ហើយអូសប្រទេសចេញពីវិបត្តិឡើយ។» លោក Phumtham បញ្ជាក់បែបនេះ។
បបច្ចុប្បន្ន បក្សភឿថៃ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មីជំនួសបក្សឆ្ពោះទៅមុខដែលជាបក្សឈ្នះការបោះឆ្នោតខែឧសភា។ កន្លងមក បក្សទាំង២ រួមនឹងបក្ស៦ទៀត ក៏ព្យាយាមបង្កើតរដ្ឋាភិបាលដែរ ប៉ុន្តែត្រូវបានរារាំងដោយព្រឹទ្ធសភាដោយសារគោលនយោបាយរបស់បក្សឆ្ពោះទៅមុខ។ រដ្ឋធម្មនុញ្ញថៃដែលត្រូវបានព្រាងដោយយោធា តម្រូវឱ្យសភាទាំង២ រួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
បើតាមមេដឹកនាំបក្សភឿថៃរូបនេះ បក្សរបស់លោក ប្ដេជ្ញាចិត្តអនុវត្តតាមគោលនយោបាយដែលបានសន្យាអំឡុងការឃោសនារកសំឡេងឆ្នោតដើម្បីភាពល្អប្រសើររបស់ប្រជាជន ដោយមិនដាក់បន្ទុកបន្ថែមដល់ស្ថានភាពសព្វថ្ងៃឡើយ។ តែលោក Phumtham ក៏ចង់បានការសហការពីភាគីទាំងអស់ដើម្បីជំរុញឱ្យប្រទេសទៅជាប្រក្រតី៕
© រក្សាសិទ្ធិដោយ thmeythmey.com