ជាតិ
លោក Patrick Murphy ប្រាប់ឱ្យប្រជាជនអាម៉េរិកមកលេងកម្ពុជា ដើម្បីឃើញវប្បធម៌ផូរផង់របស់ខ្មែរ
07, Aug 2023 , 7:59 pm        
រូបភាព
លោក W.Patrick Murphy រដ្ឋទូតអាម៉េរិក ចូលរួមរត់កម្សាន្ត
លោក W.Patrick Murphy រដ្ឋទូតអាម៉េរិក ចូលរួមរត់កម្សាន្ត
ដោយ:
លោក W.Patrick Murphy រដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានស្នើដល់ប្រជាជនអាម៉េរិកឱ្យមកចូលរួមជិះកង់ រត់កម្សាន្ត ដើម្បីបានទស្សនាប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏ល្អផូរផង់របស់ខ្មែរ។

 
«ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាជនអាម៉េរិក អញ្ជើញមកចូលរួមរត់កម្សាន្ត ជិះកង់ ដើម្បីបានមើលវប្បធម៌ ក៏ដូចជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ»។ លោករដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា និយាយដូច្នេះក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នាខេត្តសៀមរាប។ 
 
លោក W.Patrick Murphy មើលឃើញពីភាពរុងរឿងរបស់ខ្មែរ ដែលសំបូរទៅដោយបេតិភណ្ឌផូរផង់។ លោក និយាយថា៖«ខ្ញុំចូលចិត្តមករត់នៅសៀមរាបណាស់ ពិសេសគ្រប់ពេលមានកម្មវិធីរត់កម្សាន្តបែបនេះ»។​ 
  
ពិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៨ នៅខេត្តសៀមរាប

ក្រៅពីលោក Murphy ក៏មានបុគ្គលិកខាងស្ថានទូតអាម៉េរិក មកចូលរួមរត់កម្សាន្តប្រមាណ ២៥នាក់ផងដែរ។ លោករដ្ឋទូតអាម៉េរិក បន្ថែមថា ការរត់ប្រណាំងម៉ារ៉ាតុន ចក្រភពខ្មែរលើកទី៨ នៅខេត្តសៀមរាប ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយថវិកាដែលទទួលបានពីកម្មវិធីរត់ប្រណាំងនេះ បានចូលរួមបរិច្ចាគដល់ពេទ្យគន្ធបុប្ផាដែរ។ «ការរត់នេះមិនត្រឹមតែជួយឱ្យមានសុខភាពល្អនោះទេ តែវាក៏រួមចំណែកដល់សេដ្ឋកិច្ចមួយផ្នែក និងយើងបានទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ នៅខេត្តសៀមរាប»។ នេះបើតាមឯកអគ្គរដ្ឋទូតអាម៉េរិក។
 
លោក W.Patrick Murphy រដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានចូលរួមរត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិ ចក្រភពខ្មែរ លើកទី៨ នៅខេត្តសៀមរាប ក្នុងវិញ្ញាសាចម្ងាយ ១០គីឡូម៉េត្រ។ អ្នកចូលរួមរត់ប្រណាំងនេះ សរុប ២៥១១នាក់ មកពីជាង៤០ប្រទេស ៕
 

Tag:
 ទេសចរណ៍
  W.Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com