សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចចិនបានធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
09, Aug 2023 , 6:09 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
តម្លៃអ្នកប្រើប្រាស់ និងតម្លៃអ្នកផលិតនៅចិន បានធ្លាក់ចុះនៅក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន ដែលនេះជាសញ្ញាបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា។

 
បើតាមរបាយការណ៍ពីការិយាល័យស្ថិតិចិន(NBS) នៅថ្ងៃទី៩ ខែសីហា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចិនសម្រាប់ខែកក្កដាបានថយចុះ ០,៣ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលនិន្នាការថយចុះនេះ មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ 
 
ចំណែកសន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះ១០ខែជាប់ៗគ្នា ជាមួយនឹងការធ្លាក់ចុះ ៤,៤ភាគរយនៅក្នុងខែកក្កដា បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។
 
នេះជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលចិនបានឃើញទាំង CPI និង PPI ធ្លាក់ចុះ។ ការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ការធ្លាក់ចុះនៃតម្រូវការនាំចេញ និងនិន្នាការនៃភាពធូររលុងរបស់អ្នកប្រើប្រាស់ កំពុងដាក់សម្ពាធលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិន។
 
វាក៏មិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចចិន ដែលឈានទៅដល់វិបត្តិបរិត្តផរណា ដោយសារតែអាជីវកម្មត្រូវតែកាត់បន្ថយតម្លៃផលិតផល។ ហើយនេះនឹងឈានទៅដល់កាត់បន្ថយប្រាក់ចំណូល និងប្រាក់ចំណេញ ដោយបង្ខំឱ្យក្រុមហ៊ុនកំណត់ការវិនិយោគ និងការជួល។ ស្ថានភាពបែបនេះ ​​ជប៉ុន​ធ្លាប់បាន​ជួប​រាប់​ទសវត្សរ៍​មក​ហើយ។
 
បរិត្តផរណា ជាស្ថានភាពដែលទំនិញមានច្រើនជាងតម្រូវការ ដែលការណ៍នេះធ្វើឱ្យអ្នកផលិតត្រូវបង្ខំចិត្តបញ្ចុះតម្លៃសេវាកម្ម និងផលិតផល និងឈានទៅដល់កាត់បន្ថយការផលិតវិញ ដើម្បីរក្សាតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់។
 
យ៉ាងណាមិញ ការិយាល័យស្ថិតិចិនបានសន្មតថា ការថយចុះនៃ CPI នៅពេលនេះ​គ្រាន់​តែ​ជាធ្លាក់ចុះ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​នៅ​តែ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ខែ​កក្កដា។​ បើ​ធៀប​នឹង​ខែ​មិថុនា កម្រិត CPI សម្រាប់ខែកក្កដា​បាន​កើន​ឡើង ០,២ភាគរយ។
 
អតិផរណាស្នូល (មិនរាប់បញ្ចូលតម្លៃអាហារ និងឥន្ធនៈដែលប្រែប្រួល) ក៏បានកើនឡើងដល់ ០,៨ភាគរយផងដែរ។ នេះបង្ហាញថានៅតែមានតម្រូវការជាមូលដ្ឋាននៅក្នុងសេដ្ឋកិច្ច។ ការ​គណនា​តាមវិស័យ តម្លៃ​គ្រឿង​ប្រើប្រាស់ អាហារ និង​មធ្យោបាយ​ដឹក​ជញ្ជូនបាន​ធ្លាក់​ចុះ។ ប៉ុន្តែតម្លៃនៃសេវាកម្មដូចជាការកម្សាន្ត និងការអប់រំនៅចិនបានកើនឡើង៕
 
 

Tag:
 ចិន
 បរិត្តផរណា
© រក្សាសិទ្ធិដោយ thmeythmey.com