ជាតិ
អ្នកជំនាញកំពុងជួសជុល ប្រាសាទត្រពាំងល្ពៅ ដែលរងការខូចខាតខ្លាំង​
11, Aug 2023 , 6:59 pm        
រូបភាព
ការងារជួសជុលប្រាសាទត្រពាំងល្ពៅ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការងារជួសជុលប្រាសាទត្រពាំងល្ពៅ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ប្រាសាទត្រពាំងល្ពៅ ជាប្រាសាទឥដ្ឋដែលរងការខូចខាតខ្លាំង មិនខុសពី ប្រាសាទ​ដទៃទៀតដែរនៅតំបន់រមណីយដ្ឋានអង្គរ។ ប្រាសាទនេះ នៅមិនឆ្ងាយប៉ុន្មាន ពីព្រលានយន្តហោះអន្ដរជាតិ​ខេត្តសៀមរាបនោះទេ គឺស្ថិតនៅខាងកើតឈៀង​ខាងជើងនៃ ព្រលាន។

 
ប្រធានគម្រោងជួសជុលប្រាសាទត្រពាំងល្ពៅ លោកស្រី ឈុន រតនា បានឱ្យដឹងថា ក្រុម ការងារលោកស្រី បានចាប់ផ្តើមចូលមកជួសជុលប្រាសាទនេះនៅចុងឆ្នាំ២០២២ ក្នុង គម្រោងជួសជុលដំបូងលើ​តួប៉មខាងត្បូង។ បច្ចុប្បន្ន គម្រោងកំពុងជួសជុលតួប៉មខាងជើង ដែលសម្រេចការងារបាន​ប្រមាណ​៧០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមពីខែមីនា ឆ្នាំ ២០២៣មក។ 
 
តាមការបញ្ជាក់ពីមន្រ្តី នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិ អប្សរា បញ្ហារបស់ប្រាសាទល្ពៅនេះមិនខុសពីប្រាសាទដទៃទៀតប៉ុន្មានទេ គឺសភាពថ្មបែក បាក់ និងហែកចេញពីគ្នាវបាត់រូបរាងដើម។ ការណ៍នេះធ្វើឱ្យការជួសជុលមានភាពលំបាក ព្រោះមិនមាន​លំនាំដើម។ លោកស្រី ឈុន រតនា បានពន្យល់ដូច្នេះថា៖ «វាអត់មានរូបរាង ដើម អ៊ីចឹងយើងត្រូវជួសជុលហើយ យើងសិក្សាផ្នែកណា វាមានគឺយើងយកលំនាំតាម ដូច ជា ជ្រុងខាងជើងមា​នជ្រុងខាងត្បូងអត់ យើងមើលលំនាំពីជ្រុងខាងជើង មកធ្វើនៅជ្រុង ខាងត្បូង ព្រោះវាដូចគ្នា វាខ្ទេចរចនាសម្ពន្ធដើម យើងត្រូវធ្វើអ៊ីចឹង»។ 
 
ចំពោះការជួសជុលនៅតួប៉មខាងជើង​ គឺក្រុមការងារត្រូវពង្រឹងខឿនជញ្ជាំង និងបិតបាយ អរតាមស្រទាប់បែក ញែកពីគ្នា កុំឱ្យមានជម្រាបទឹកចូលទៀត។ ធ្វើដូច្នេះទើបការងារ ជួសជុល ធានា​បានភាពរឹងមាំជាប់បានយូរ។ នេះជាការបញ្ជាក់របស់បុរាណវិទូ ឈុន រតនា ។
 
អ្នកជំនាញ មិនអាចកំណត់រយៈពេល​ជាក់​លាស់ នៃ​ការជួសជុលតួប៉មខាងជើង នោះទេ។ លោកស្រី ឈុន រតនា ពន្យល់ថា ការជួសជុលប្រាសាទឥដ្ឋមានភាពស្មុគស្មាញ ពេលខ្លះ កាន់តែរើ កាន់តែឃើញចំណុចខូចខាត គឺខុសពីប្រាសាទសង់ពីថ្មភក់ដែលរើទាំងដុំៗ នៃ ស្រទាប់ថ្មភក់។ យ៉ាងណា ការជួសជុលដំណាក់កាលទី២នេះ លោកស្រី ឈុន រតនា បញ្ជាក់ថា នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣នេះ។
 
គួរបញ្ជាក់ថា ប្រាសាទត្រពាំងល្ពៅ ឬឯកសារមុនហៅថា ប្រាសាទត្រពាំងរពៅ ជាប្រាសាទ ឥដ្ឋ មានប្រាង្គ៣បែរទិសខាងកើត ហើយទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែល សព្វថ្ងៃ ត្រូវគេហៅថា ហោត្រៃ កសាងឡើងនៅរវាងឆ្នាំ ៩៤៤ ដល់៩៦៨ ក្នុងរាជ ព្រះបាទរាជេន្រ្ទវរ្ម័នទី២៕
 
 

Tag:
 ប្រាសាទ
  ជួសជុល
  ប្រាសាទត្រពាំងល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com