ជាតិ
ប្រាសាទបេងមាលា តាំងទីស្ងប់ស្ងាត់ ជិតភ្នំគូលែន
12, Aug 2023 , 12:59 pm        
រូបភាព
ផ្នែកខ្លះ នៃប្រាសាទបេងមាលា ក្នុងស្រុកស្វាយធំ ខេត្តសៀមរាប។
ផ្នែកខ្លះ នៃប្រាសាទបេងមាលា ក្នុងស្រុកស្វាយធំ ខេត្តសៀមរាប។
សៀមរាប៖ មានចម្ងាយប្រមាណ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប ប្រាសាទបេងមាលា ឬបឹងមាលា កំពុងតាំងទីស្ងប់ស្ងាត់ នៅឯស្រុកស្វាយលើ នាទិសអាគ្នេយ៍នៃភ្នំគូលែន។ គំនរថ្មតូចធំ បានធ្វើឱ្យប្រាសាទមួយនេះ ហាក់ត្រូវបានបោះបង់ចោល ខុសពីប្រាសាទអង្គរវត្ត។ ប៉ុន្តែមិនដូច្នោះទេ ទេសចរអាចដើរទស្សនា នៅប្រាសាទនេះបាន តាមរយៈស្ពាន និងជណ្ដើរឈើនៅទីនេះ។



តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូពី ប្រាសាទបេងមាលា ដូចតទៅ៖ 
 
 
ប្រាសាទបេងមាលា ឬបឹងមាលា ជាប្រាសាទមួយ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលែន។ ប្រាសាទនេះ ត្រូវបានកសាងឡើង នៅសតវត្សរ៍ទី១២ តាមរចនាបថអង្គរវត្ត។ ប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះអាទិទេព ក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទបេងមាលា ត្រូវបានសង់នៅលើផ្ទៃដីរាបស្មើទំហំ១៤ហិកតា មានកំពែង៣ជាន់។ ប្រាសាទនេះក៏មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង១២០០ម៉ែត្រ ទទឹង៩០០ម៉ែត្រ។ 
 
បា្រសាទបេងមាលា ធ្វើឡើងពីថ្មភក់និងថ្មបាយក្រៀម។ ប្រាសាទបេងមាលាមានហោត្រ័យចំនួន៤ ធំ២នៅខាងក្រៅ និងតូច២នៅខាងក្នុង ព្រមទាំងមានផ្តែរចំនួន១៨០ដែលលម្អដោយភ្ញីផ្កា និងរំលេចដោយតួអង្គមនុស្ស អាទិទេព រាហូ។ល។ ទាក់ទងនឹងរឿងទេវកថាជាច្រើនដូចជា កូរសមុទ្រទឹកដោះ រាមកេរ្តិ៍ មហាភារតជាដើម។ ប៉ុន្តែប្រាសាទនេះមិនមានសិលាចារឹកទេ។ 
ទ្វីបើប្រាសាទនេះ មានភាពបែកបាក់ និងគំនរថ្ម ជាច្រើន តែទេសចរក៏នៅតែអាចទស្សនាប្រាសាទនេះ ដល់ផ្នែកក៏ក្នុងផងដែរ ដោយអាជ្ញាធរជាតិអប្សរា បានធ្វើជណ្ដើរស្ពាន និងជណ្ដើរឈើ ដែលអនុញ្ញាតឱ្យទេសចរដើរទស្សនា និងសិក្សាឈ្វេងយល់ ដោយងាយស្រួល៕
 
(ដងស្រង់ពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅឆ្នាំ២០១៦) 
 

Tag:
 ប្រាសាទបេងមាលា
  បឹងមាលា
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com