អន្តរជាតិ
អាកាសធាតុ ​និង​យេនឌ័រ​ជា​បញ្ហា​សំខាន់​នៃ​ការផ្លាស់ប្តូរ​ជំនួយ​របស់​អូស្ត្រាលី​ នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក
16, Aug 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ ជំនួយ​មនុស្សធម៌​ត្រូវបាន​ផ្ទុក​នៅលើ​យន្តហោះឆ្ពោះទៅប្រទេសវ៉ានូទូ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែល​ជាផ្នែកមួយនៃការឆ្លើយតប​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​ព្យុះស៊ីក្លូន​ត្រូពិច​ឈ្មោះ Judy និង Kevin នៅ​មូលដ្ឋាន​ទ័ព Amberley Baseក្នុងរដ្ឋ Queensland ប្រទេសអូស្រ្តាលី។
រូបឯកសារ៖ ជំនួយ​មនុស្សធម៌​ត្រូវបាន​ផ្ទុក​នៅលើ​យន្តហោះឆ្ពោះទៅប្រទេសវ៉ានូទូ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែល​ជាផ្នែកមួយនៃការឆ្លើយតប​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​ព្យុះស៊ីក្លូន​ត្រូពិច​ឈ្មោះ Judy និង Kevin នៅ​មូលដ្ឋាន​ទ័ព Amberley Baseក្នុងរដ្ឋ Queensland ប្រទេសអូស្រ្តាលី។
ដោយ: VOA
អូស្ត្រាលី​និយាយ​ថា ​ការឡើង​កម្តៅ​ផែនដី​ជា​«ការគំរាម​កំហែង​ទី១»ដល់​សន្តិសុខ​និង​សុខុមាលភាព​នៃ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

 
ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ២០២៥ទៅ ពាក់​កណ្តាល​នៃ​ការវិនិយោគ​ជំនួយ​អូស្ត្រាលី​ថ្មី​ទាំង​អស់​មាន​តម្លៃ​ជាង២លាន​ដុល្លារ​ឡើង​ទៅ​នឹង​ត្រូវ​ពិចារណា​ការប្រែប្រួល​អាកាសធាតុ ដោយ​បាន​បង្កើន​ដល់៨០ភាគរយ​នៅ​ក្រោម​គោលនយោបាយ​ថ្មី។ ពួក​មន្ត្រី​និយាយ​ថា ឧទាហរណ៍ ផ្លូវ​ថ្នល់​នឹង​ត្រូវ​ស្ថាបនា​ឡើង​ដើម្បី​ដោះស្រាយ​ការ​ការកើនឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​ ហើយ​សាលារៀន​នឹង​មាន​ដំបូល​ដែលអាចការពារ​ព្យុះ​ស៊ីក្លូន។
 
គម្រោង​អភិវឌ្ឍន៍អន្តរជាតិ​ថ្មី​ទាំង​អស់​មាន​តម្លៃ​ជាង២លាន​ឡើង​ទៅ​ក៏​នឹង​ត្រូវ​រួម​បញ្ចូល​ទាំង​គោលបំណង​នៃ​សមភាព​យេនឌ័រ​ផង​ដែរ។
 
ពួក​មន្ត្រី​និយាយ​ថា​ ការណ៍​នេះ រួមទាំង​ការផ្តល់​លំនៅដ្ឋាន​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ម្ចាស់​តូបតាម​ផ្សារដើម្បី​ការពារ​ពួកគេ​និង​ទំនិញរបស់​ពួកគេ។
 
ពួក​អ្នក​វិភាគ​និយាយ​ថា​ ការផ្លាស់ប្តូរ​គោលនយោបាយ​អន្តរជាតិ​របស់​អូស្ត្រាលី​ជា​ការឆ្លើយតប​ដល់​មហិច្ឆតា​សន្តិសុខ​របស់​ចិន​នៅ​ក្នុង​តំបន់។ វាជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​លើក​ទី១ដល់​កម្មវិធី​ជំនួយ​បរទេស​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នៅ​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​នេះ។ នេះ​បើ​តាម​លោក Pat Conroy រដ្ឋមន្ត្រី​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​និង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​អូស្ត្រាលី។ លោក​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​អូស្ត្រាលី ABC កាលពី​ថ្ងៃ​អង្គារ​ថា ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​កំពុង​ស្វះស្វែង​បញ្ជាក់​ឡើង​វិញ​របស់​ខ្លួន​នៅ​ក្នុង​កិច្ចការ​នៅ​ក្នុង​តំបន់។ លោក​បាន​ថ្លែង​ថា៖
 
«មាន​ការប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់។ រដ្ឋាភិបាល​មុននៅ​ក្នុង​រដ្ឋធានី​កង់បេរ៉ា​បាន​កាត់​បន្ថយ​ជំនួយចំនួន ៧,៧៥ ​លាន​ដុល្លារ​ ហើយ​ការណ៍​នេះ​បាន​បន្សល់​ចន្លោះ​ប្រហោង​ដែល​ប្រទេស​ផ្សេង​ទៀត​បាន​បំពេញ។ ដូច្នេះ ជាការពិត យើង​ត្រូវ​ជ្រើសរើស​ដៃគូ​មួយ​សម្រាប់​តំបន់​របស់​យើង ក៏ប៉ុន្តែ ការណ៍​នេះ​ធ្វើ​ឱ្យ​មនុស្ស​ងើប​ចេញពី​ភាពក្រីក្រ​ដែរ។ ប្រទេស​ជិត​ខាង​ចំនួន២២នៃ​ប្រទេស​ជិត​ខាង​ចំនួន២៦របស់​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ វា​ជា​អត្ថប្រយោជន៍របស់​យើង​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ទាំង​នោះ​មាន​ស្ថិរភាព​និង​រុងរឿង​និង​រីកចម្រើន»។
 
ថវិកា​ជំនួយ​បរទេស​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​គឺ​ប្រហែល៣ពាន់​លាន​ដុល្លារ។
 
យុទ្ធសាស្ត្រ​ថ្មី​មិន​មាន​ប្រាក់​បន្ថែមទេ​ ក៏ប៉ុន្តែ ខ្លួន​សង្ឃឹម​ថា ​ផ្នែក​ឯកជននឹង​ជួយ​គម្រោង​នានា​ដែល​ទាក់ទិន​ថវិកា​អាកាសធាតុ។ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោក​ស្រី Penny Wong បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «ការអភិវឌ្ឍ​និង​វិបុលភាពពង្រឹង​សន្តិភាព​និង​ស្ថិរភាព»។
 
រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការឆ្លើយតប​មកពី​ប្រទេស​ចិន​ទេ។
 
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ លើ​បញ្ហា​ពាណិជ្ជកម្ម​និង​នយោបាយ រួមទាំង​មហិច្ឆតា​វាត​ទឹក​ដី​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។
 
ថ្វីបើ​ចំណង​ទាក់ទង​ទ្វេភាគី​មាន​ភាពប្រសើរ​ឡើង​ចាប់តាំង​ពី​ការបោះឆ្នោតខែ​ឧសភា ឆ្នាំ២០២២​ដែល​រដ្ឋាភិបាល​ប្រកាន់​ឆ្វេង​និយម​នៅ​រដ្ឋធានី​កង់បេរ៉ា​បាន​ព្យាយាម​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ស្ថិរភាព​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​ខ្លួន ខណៈដែល​ទទួល​ស្គាល់​ថា​មាន​ការខ្វែងគំនិត​ និង​ការប្រកួតប្រជែង​គ្នា​នៅ​ក្នុង​វិស័យ​មួយចំនួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com