ជាតិ
សមត្ថកិច្ច ចាប់បានខ្មាន់កាំភ្លើង រំដោះអ្នកទោសជនជាតិចិននៅសៀមរាប
18, Aug 2023 , 11:22 am        
រូបភាព
រថយន្តក្រុមខ្មាន់កាំភ្លើង ដែលបានរំដោះអ្នកទោសជនជាតិចិន ពីបទគ្រឿងញៀន នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ សីហា។ ក្រោយរំដោះអ្នកទោសជនជាតិចិនហើយ ក្រុមខ្មាន់កាំភ្លើង បានយករថយន្តនោះទៅផ្លុងចោល។
រថយន្តក្រុមខ្មាន់កាំភ្លើង ដែលបានរំដោះអ្នកទោសជនជាតិចិន ពីបទគ្រឿងញៀន នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ សីហា។ ក្រោយរំដោះអ្នកទោសជនជាតិចិនហើយ ក្រុមខ្មាន់កាំភ្លើង បានយករថយន្តនោះទៅផ្លុងចោល។
ក្រុមខ្មាន់កាំភ្លើង ដែលរំដោះអ្នកទោសជនជាតិចិន នៅក្នុងសៀមរាប កាលពីថ្ងៃទី១៧ សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ហើយ។



លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ចក្ដាប់បានមុខសញ្ញាក្រុមខ្មាន់កាំភ្លើងទាំងនោះ ហើយបានចាប់ខ្លួនពួកគេមកវិញខ្លះហើយ។ តែលោក មិនទាន់អាចប្រាប់តួលេខ ចាប់ខ្លួនក្រុមជនល្មើសបានឡើយ។ 
 
«យើងក្ដាប់មុខសញ្ញាបានច្រើន ហើយយើងតាមរកបន្ថែមទៀត តែយើងយក(ចាប់ក្រុមខ្មាន់កាំភ្លើង) បានខ្លះៗវិញដែរ ប្រហែលបាន៣០ភាគរយអីទេ មិនទាន់ជោគជ័យ១០០ភាគរយទេ »។ នេះបើតាមលោក ច័ន្ទណាត ដែលបានបន្ថែមថា សមត្ថកិច្ច កំពុងស្រាវជ្រាវមុខសញ្ញាទាំងនោះ ដើម្បីឈានទៅបង្ក្រាបឱ្យអស់តែម្ដង។
 
តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានស្រង់សម្តីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ច បានចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងនោះ បាន៦នាក់ហើយ។

ទាក់ទងនឹងករណីរំដោះនេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តសៀមរាប ស្នើឱ្យពលរដ្ឋជឿជាក់លើសមត្ថកិច្ច ក្នុងការបង្ក្រាបក្រុមជនល្មើសទាំងនោះ។ ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០២៣ លោក ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា៖«សូមអស់លោកលោកស្រី ជឿលើកម្លាំងសមត្ថកិច្ច យើងពិតជាមិនឱ្យរួចពីសំណាញ់ច្បាប់បានទេ។ ហើយសូមបញ្ជាក់ថា ប្រតិបត្តិការរបស់យើងមានតម្រុយខ្លះហើយ ហើយយើងនឹងឈានដល់ការបង្រ្កាបជាបន្តបន្ទាប់ ហើយប្រហែលជាបន្ដិចទៀតនឹងបានដឹងព័ត៌មានទាំងអស់គ្នានេះហើយ អ៊ីចឹងសូមកុំមានការព្រួយបារម្ភ ដូច្នេះការជួញដូរគ្រឿងញៀនមិនអាចរួចពីសំណាញ់ច្បាប់បានទេ»។
 
កាលពីថ្ងៃទី១៧ សីហា ក្រុមខ្មាន់កាំភ្លើង បានបិទមុខជិតនិងប្រដាប់ដោយអាវុធ បានចូលមករំដោះជនជាតិចិនក្នុងពេទ្យធ្មេញមួយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នាភូមិតាភុល សង្កាត់ស្វាយដង្គំ។ ក្រោយមករថយន្តដែលរំដោះនោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញទុកចោល លើដីទំនេរមួយនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ និងមានវត្ថុតាងមួយចំនួន ដូចជាអាវុធ ខោអាវ និងរបាំងមុខ ជាដើម។ អ្នកទោសជនជាតិចិនដែលបានរំដោះគេចខ្លួននោះ កំពុងអនុវត្តន៍ទោសចំនួន៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី១១ សីហា ឆ្នាំ២០០៩។

អត្ថបទទាក់ទង


 
 

Tag:
 ចិន
  គ្រឿងញៀន
  រំដោះអ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com