ជាតិ
គ្រឿងញៀន១២៨គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តសៀមរាប
18, Aug 2023 , 9:39 pm        
រូបភាព
ការដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប នាថ្ងៃទី១៨ សីហា ឆ្នាំ២០២៣។
ការដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប នាថ្ងៃទី១៨ សីហា ឆ្នាំ២០២៣។
សៀមរាប៖ គ្រឿងញៀន និងសារធាតុញៀនសរុប ១២៨គីឡូក្រាម ត្រូវបានដុតបំផ្លាញក្នុង ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំនៅរដ្ឋបាលខេត្តសៀមរាប។

 
សារធាតុគ្រឿង និងឧបករណ៍ប្រើប្រាស់ ឬពាក់ព័ន្ធ ដែលបង្រ្កាបបានក្នុងខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ ត្រូវបានប្រមូល និងដុតបំផ្លាញរួមគ្នានៅក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀន​គ្រឿងញៀន»​ ដែលរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ សីហា។ គ្រឿងញៀនទាំងនោះ​ភាគ​​ច្រើនជា​ម្សៅ ម៉ាទឹកកក និងគ្រាប់ថ្នាំជាដើម។ 
 
នាយការិយាល័យបទល្មើសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក អ៊ុំ សាអាត លើកឡើងថា បញ្ហាគ្រឿងញៀនគឺបញ្ហាសាកល និងជាឧក្រិដ្ឋកម្មឆ្លងដែន ដែលឈាន​ដល់ការ​​បង្កមហន្តរាយយ៉ាងធំធេងដល់ប្រជាជន គ្រួសារ និងសង្គមជាតិទាំងមូល។ សម្រាប់​ខេត្តសៀមរាបទោះ​មិនមែនជាមូលដ្ឋាននៃការផលិតគ្រឿងញៀនក្ដី ក៏ប៉ុន្តែជាកន្លែងបាន​និងរង​​ឥទ្ធិពលនូវការប្រើប្រាស់គ្រឿងញៀនឆ្លងកាត់ទាំងក្នុង និងក្រៅប្រទេស ដែលការណ៍នេះប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម។ 
 


តាមរបាយការណ៍របស់លោក អ៊ុំ សាអាត រយៈពេល៦ខែដើមឆ្នាំ២០២៣ ស្នងការខេត្តសៀមរាប បានបង្រ្កាបគ្រឿងញៀនសរុប ១៩២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១១៥៧នាក់ (ស្រី៧១នាក់) បានដកហូតវត្ថុតាងគ្រឿងញៀនប្រមាណ ១៣១៣.៨៨ក្រាម។
 
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ បានឱ្យដឹងថា គ្រឿងញៀន សារធាតុញៀន និងឧបករណ៍ផ្សេងដែលពាក់ព័ន្ធនឹងការផលិត ការជួញដូរ ការចែកចាយ ដែលបានដុតបំផ្លាញនាឱកាសនោះរួមមាន ម្សៅក្រាមពណ៌សថ្លា ថ្នាំគ្រាប់ច្រើនប្រភេទ ដែលត្រូវបានបង្រ្កាបបាននាពេលកន្លងមក នៅក្នុងខេត្តចំនួនបី​មានសៀមរាប កំពង់ធំ និងព្រះវិហារ។  
 


បន្ថែមពីនេះ លោកព្រះរាជអាជ្ញាក៏បានផ្ញើសារទៅដល់យុវជន និងពលរដ្ឋទូទៅឱ្យចាកឆ្ងាយ​ពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ គ្រឿងញៀនបំផ្លាញ ការសិក្សា និងជីវិតស្រស់ថ្លារបស់យុវជន។ល។
 
អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ លើកឡើងថា ការដុតបំផ្លាញសារធាតុញៀន និងគ្រឿងញៀននៅពេលនេះ គឺពិតៗ មិនដូចការលើកឡើង កន្លងមកថា ដុតម្សៅមីនោះទេ។ ថ្លែងចំពោះមុខអ្នកចូលរួមប្រមាណជិត៣០០នាក់ លោក មាស វិរិទ្ធ និយាយដូច្នេះថា៖« សារព័ត៌មានខ្លះគាត់ចេះគ្រប់រឿង ប៉ុន្តែហៅមកឱ្យសម្ភាសលើកតែសំណួរ មិនត្រូវផង តាំងសំណួរសួរយើងមិនត្រូវផង តែរៀបរាប់អាខុសត្រូវដូចណែណងល្អ ដុតម្សៅមី​ឬដុតអាម្សៅអីយកគ្រឿងញៀនទៅណា ឥឡូវជាក់ស្ដែង១២៨គីឡូ រួច១២៨គីឡូបើគិតជាទោស មិនធម្មតា កន្លះគីឡូទោសអស់ហើយ សមត្ថកិច្ចទោសទ្វេដង បើគេកាត់ទោសដាក់ពន្ធនាគារ ២០ទៅ៣០ឆ្នាំអស់មួយជីវិត អាជ្ញាធរមានសមត្ថកិច្ចដូចជាខ្ញុំជាដើមលួចតែ២ខាំ លួចតែ៣ខាំ លើសពី២៤០ក្រាមទៅ ក៏ទោសអស់មួយជីវិតអនុវត្តន៍ពេញលេញ»៕





Tag:
 គ្រឿងញៀន
  សារធាតុញៀន
© រក្សាសិទ្ធិដោយ thmeythmey.com