អន្តរជាតិ
តុលាការ​រុស្ស៊ី​ពិន័យ​ក្រុមហ៊ុន​ Google ៣២.០០០​ដុល្លារ​ពី​បទ​មិនលុបចោល​វីដេអូ​ស្តី​ពី​ជម្លោះ​នៅ​​អ៊ុយក្រែន
19, Aug 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ បុរសម្នាក់ប្រើទូរសព្ទនៅមុខអគារនៃការិយាល័យរបស់ក្រុមហ៊ុន Google នៅក្រុងញូវយ៉ក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨។
រូបឯកសារ៖ បុរសម្នាក់ប្រើទូរសព្ទនៅមុខអគារនៃការិយាល័យរបស់ក្រុមហ៊ុន Google នៅក្រុងញូវយ៉ក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨។
ដោយ: VOA
ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី - តុលាការ​មួយ​ក្នុង​ប្រទេស​រុស្ស៊ីកាល​ពី​ថ្ងៃ​ព្រហស្បិ៍​ម្សិលមិញ​ បានផាក​ពិន័យក្រុមហ៊ុន​ Google ចំនួន​៣២.០០០​ដុល្លារ​អាមេរិក​ ដែលមិន​បាន​លុប​ព័ត៌មាន​មិនពិត​មួយ​ ស្តី​ពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។



​ការ​សម្រេច​របស់​ចៅ​ក្រម​តុលាការ​នេះ​ កើត​មាន​ឡើង ក្រោយ​ពីមាន​ការ​សម្រេច​ប្រហាក់​ប្រហែល​គ្នាកាល​ពីដើម​ខែ​សីហាកន្លង​ទៅ​នេះ ប្រឆាំង​នឹង​ក្រុមហ៊ុន​ Apple ​និង​មូលនិធិ​ Wikimedia ​ដែល​ជា​អ្នក​គ្រប់គ្រងបណ្តាញ​ផ្ទុកឯក​សារ​ Wikipediaផង​ដែរ។​
 
សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​របស់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា តុលាការ​រុស្ស៊ី​មួយ​នេះ​រក​ឃើញ​ថា​ ​ផ្នែក​វីដេអូ​ក្រុមហ៊ុន​ YouTube ដែល​ជា​កម្មសិទ្ធិរបស់​ក្រុម​ហ៊ុន​ Google មាន​កំហុស​ ដោយមិន​បាន​លុប​ចេញព័ត៌មាន​មិន​ត្រឹមត្រូវ​ អំពី​ជម្លោះនៅក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​រុស្ស៊ី​ចាត់​ទុក​ថា​ ជា«ប្រតិបត្តិការ​យោធា​ពិសេស​មួយ»​នោះ។
 
ទី​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ីជា​ច្រើនផ្សាយ​ថា​ ក្រុម​ហ៊ុន​ Google ក៏​ត្រូ​វបាន​រក​ឃើញផង​ដែរ​ថា​ មិន​បានដក​ចេញវីដេអូ​ណែនាំ​មួយ​ចំនួន​ ដែល​បាន​បង្ហាញ​ពី​របៀប​ចូលទៅ​មើល​ទីតាំង​មួយ​ចំនួន​ ដែលមិន​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​មនុស្ស​មិន​ទាន់​គ្រប់អាយុ​ ដោយ​មិន​បាន​ធ្វើ​ការ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ទីតាំងជាក់​លាក់​ណា​មួយ​នោះ​ឡើយ។
 
ចាប់​តាំង​ពី​បញ្ជូនទ័ពចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២​ មក​ ​រុស្ស៊ី​បានអនុវត្តវិធានការ​មួយ​ចំនួន​ ដើម្បី​ដាក់​ពិន័យដល់​ការ​រិះគន់​ និង​ការ​សួនាំ​ពី​យុទ្ធនាការយោធា​របស់​ខ្លួន។​
 
​ក្រុម​អ្នក​រិះគន់​ខ្លះ​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ មន្ត្រី​បក្ស​ប្រឆាំង​លោក​ Vladimir Kara-Murza ត្រូវ​បាន​កាត់​ទោសនៅ​ឆ្នាំ​នេះឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២៥ ​ឆ្នាំ ពី​បទ​ក្បត់​ជាតិ​ ដែល​កើត​ឡើង​ពី​ការ​ថ្លែង​សុន្ទកថា​មួយ​របស់​លោក​ ប្រឆាំង​នឹងសកម្មភាព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com