អន្តរជាតិ
អាម៉េរិក រំពឹងថានឹងពង្រីកបណ្ដាញសន្ដិសុខជាមួយកូរ៉េខាងត្បូង និងជប៉ុននៅឯកិច្ចប្រជុំកំពូល
19, Aug 2023 , 8:39 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
វ៉ាស៊ីនតោន - សហរដ្ឋ​អាម៉េរិក  កូរ៉េខាងត្បូង និង​ជប៉ុន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើត​បណ្ដាញ​ការពារ​សន្ដិសុខ​លក្ខណៈ​ត្រីភាគី​ដ៏​យូរអង្វែង​មួយ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​លើក​ដំបូង​បង្អស់​របស់​ប្រទេស​ទាំងបី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​វិភាគ។ នេះ​គឺ​ជា​ចំណាត់ការ​មួយ​ដែល​ចិន​ប្រឆាំង។ ​



កិច្ចប្រជុំកំពូល​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ Camp David ដែល​ជាកន្លែងវិស្សមកាលរបស់​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ​ នៅ​ក្នុង​រដ្ឋ Maryland នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​សហរដ្ឋ​អាម៉េរិក  ​ក្នុង​ការ​បញ្ចុះបញ្ចូល​សម្ពន្ធមិត្ត​នៃសន្ធិសញ្ញា​ទាំង​ពីរ​របស់​ខ្លួន​ ឱ្យ​ចូលរួម​នៅ​ក្នុង​បណ្ដាញ​សន្ដិសុខ​កាន់​តែ​តឹងរ៉ឹង​ និង​ពង្រីក​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​អ្នក​វិភាគ។ ​
 
នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ គេ​រំពឹង​ថា ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ​លោក Joe Biden ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នឹង​ប្រកាស​អំពី​ផែនការ​រៀបចំ​កិច្ចប្រជុំ​ជា​ទៀងទាត់ ​ហើយ​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​សន្ដិសុខ​បន្ថែម​ពី​លើ​ការ​ទប់ទល់នឹង​ការ​គំរាមកំហែង​ពី​កូរ៉េខាងជើង។
 
លោក Evans Revere ដែល​អតីត​ឧបការី​ស្ដីទី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិកក្នុង​យុគសម័យ​រដ្ឋបាល​លោក​ប្រធានាធិបតី​ George W. Bush បាន​ថ្លែង​ថា សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​នឹង​ចេញដោយ​មេដឹកនាំ​ទាំង​បី​នាក់​នេះ​ ទំនង​ជា​នឹង​ឆ្លុះបញ្ចាំង​អំពី​ផែនការ​ទាំង​នេះ។
 
លោក Revere បាន​មាន​ប្រសាសន៍​ថា៖ «សេចក្ដីថ្លែងការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ច្បាស់​ថា កូរ៉េខាងជើង​មិន​មែន​ជា​កង្វល់​តែ​មួយ​គត់ដែល​ធ្វើ​ឱ្យ​ពួកគេ​ទាំង​បី​នាក់​ជួប​គ្នានៅ​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ ដែល​មិន​បាន​គ្រោង​ទុក​ជា​មុន​នៅ Camp David នេះ​ទេ»។
 
លោក​បាន​ថ្លែង​ទៀត​ថា៖ «ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​ជា​ការ​គំរាមកំហែង​បន្ទាន់​បំផុត សាធារណរដ្ឋ​ប្រជាមានិត​ចិន​ច្បាស់ណាស់​ គឺ​ជា​បញ្ហា​ប្រឈម​ខាង​យុទ្ធសាស្ត្រ​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រុង​តូក្យូ និង​ក្រុង​សេអ៊ូលនៅ​ក្នុង​រយៈពេល​យូរ​អង្វែង​ទៅ​មុខ​ទៀត»។
 
លោក Revere បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «កិច្ចព្រមព្រៀង​ដែល​នឹង​សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​កាន់​តែ​ជិតស្និទ្ធគ្នា ​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​ដៃគូ​អចិន្ត្រៃយ៍​មួយ​ ដែល​ផ្ដោត​សំខាន់ទៅ​លើ​ព័ត៌មាន​សម្ងាត់ និង​ការ​ចែករំលែក​ព័ត៌មាន ការ​ការពារ​គ្រាប់​មីស៊ីល ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា សន្ដិសុខលើ​ប្រព័ន្ធ​អ៊ីនធឺណិត កិច្ចសហប្រតិបត្តិការ​ដ៏ប្រុងប្រយ័ត្ន​ទុក​ជាមុន ​និង​ការ​កម្ចាត់​នុយក្លេអ៊ែរ​ទំនើប»។
 
ការ​រួម​បញ្ចូល​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​កូរ៉េខាងត្បូង​និង​ជប៉ុន​ទៅ​ក្នុង​ភាព​ជា​ដៃគូ​ដែល​កំពុង​តែ​មាននេះ ​គឺ​ជា​គោលដៅ​ជា​យូរ​ណាស់​មក​ហើយ​របស់​សហរដ្ឋ​អាម៉េរិក ។ វា​អាច​ទៅ​រួច​នៅ​ពេល​ឥឡូវ​នេះ​ ដោយសារ​តែ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ផ្សះផ្សាទំនាក់ទំនង​ដែល​បែកបាក់​កាល​ពី​ខែ​មីនា។
 
​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​កើតឡើង​នៅ​ក្នុង​សម័យ​អាណានិគម​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​ចន្លោះ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ស្អិតរមួត​រវាង​ប្រទេស​អាស៊ី​បូព៌ា​ទាំង​ពីរ​ ជាពិសេស​លើ​បញ្ហា​យោធា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com