ជាតិ
អភិបាលស្រុកក្រឡាញ់ថាការរៀបចំគោរពទង់ជាតិជាសាធារណជួយឱ្យពលរដ្ឋយល់ពីតម្លៃព្រលឹងជាតិ
20, Aug 2023 , 8:09 am        
រូបភាព
 សកម្មភាពឈរគោរពទង់ជាតិនៅស្រុកក្រឡាញ់។ រូបភាពពីរដ្ឋបាលស្រុកក្រឡាញ់
សកម្មភាពឈរគោរពទង់ជាតិនៅស្រុកក្រឡាញ់។ រូបភាពពីរដ្ឋបាលស្រុកក្រឡាញ់
សៀមរាប៖ នៅចុងខែ កក្កដា កន្លងទៅ រដ្ឋបាលស្រុកក្រឡាញ់បានរៀបចំឱ្យមានការគោរពទង់ជាតិ ជាសាធារណនៅតំបន់ទីប្រជុំជនក្នុងស្រុក ដោយក្នុងនោះអ្នកធ្វើដំណើរដោយយានជំនិះគ្រប់ប្រភេទ និងនៅតាមទីផ្សារ ត្រូវឈប់ឈរគោរពទង់ជាតិនៅពេលឮមីក្រូប្រកាស។ ការរៀបចំនេះក្នុងន័យឱ្យពលរដ្ឋ យល់ពីតម្លៃនៃព្រលឹងជាតិ និងពង្រឹងវិន័យរបស់មន្រ្តីរាជការ។

 
អភិបាលស្រុកក្រឡាញ់ លោក សុខ ណារ៉េត បានឱ្យដឹងថា រដ្ឋបាលស្រុកបានរៀបចំឱ្យមាន​ការគោរពទង់ជាតិនៅតាមទីសាធារណពីថ្ងៃទី២៤ កក្កដា មកក្នុងបំណងពង្រឹងវិន័យដល់មន្រ្តីរាជការ ក៏ដូចជាគំរូមួយដល់ពលរដ្ឋទូទៅចូលរួមគោរពទង់ជាតិដែលជាព្រលឹងជាតិខ្មែរ។ លោក សុខ ណារ៉េត លើកឡើងដូច្នេះថា៖«យើងចង់ផ្សព្វផ្សាយស្រុកក្រឡាញ់ផងដែរ ឱ្យគេស្គាល់ស្រុកក្រឡាញ់ ដែលជាស្រុក​នៅភាគខាងលិចនៃខេត្តសៀមរាប»។
 
លោកអភិបាលស្រុកក្រឡាញ់បន្ថែមថា ការគោរពទង់ជាតិនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ ដោយអាជ្ញាធរបានបំពាក់ឧឃោសនសព្ទឬមីក្រូចំនួន៤០នៅតាមបង្គោលភ្លើងតាមទីប្រជុំជនសំខាន់ៗ ក្នុងស្រុក។ ជាមួយនឹងការងារនេះលោក សុខ ណារ៉េត បានបញ្ជាក់ថា ការងាររៀបចំឡើងស្របពេលដែល រដ្ឋបាលស្រុកទទួលបានវិទ្យុបណ្ដាញពីរដ្ឋលេខាធិការក្រសួងព័ត៌មាន គឺលោក ជា ច័ន្ទបូរិបូរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់។ លោកពន្យល់ថា៖« យើងគិតថា ក្រៅពីផ្សព្វផ្សាយ​ព័ត៌មាន​នានាជូនពលរដ្ឋ យើងលើកកម្ពស់ឱ្យមានការគោរពវិន័យ ក៏ចង់មានការចូលរួម​ពីពលរដ្ឋ​ដើម្បីគោរពទង់ជាតិជាអត្តសញ្ញាណជាតិ»។ 
 
សកម្មភាពឈរគោរពទង់ជាតិនៅស្រុកក្រឡាញ់។ រូបភាពពីរដ្ឋបាលស្រុកក្រឡាញ់

បន្ទាប់ពីអនុវត្តន៍រយៈពេលជិតមួយខែមកនេះ លោក សុខ ណារ៉េត មើលឃើញថា មានការផ្លាស់ប្ដូរឥរិយាបថគួរកត់សម្គាល់។ ទាំងមន្រ្តីរាជការមានវិន័យជាងមុន ទាំងការស្លៀកពាក់ និងម៉ោងចេញចូលធ្វើការប្រសើរជាងមុន ចំណែកពលរដ្ឋវិញចូលរួមគោរពទង់ជាតិទៀងទាត់ និងដោយក្ដីរីករាយ។ នេះជាការកត់សម្គាល់របស់អភិបាលស្រុកក្រឡាញ់។ 
 
ពលរដ្ឋស្រុកក្រឡាញ់មួយរូប គឺលោក អ៊ូ សុខសាន្ត បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រចំពោះ ការរៀបចំខាងលើ។ លោកយល់ថា ការធ្វើដូច្នេះបើកឱកាសឱ្យពលរដ្ឋទូទៅអាចមានពេលគោរពទង់ជាតិ គ្រប់គ្នា ដែលកន្លងមកការងារនេះច្រើនតែមន្រ្តីរាជការ និងសិស្សានុសិស្សដែលជាអ្នកអនុវត្តន៍។ 
 
លោក សុខសាន្ត បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះថា៖« លើកមុនៗយើងគោរពទង់ជាតិ តាមសាលារៀន ឬក៏តាមសាលាស្រុក ប្រជាជនគាត់អត់បានចូលរួមគោរពទេ គាត់នៅតែតាមផ្ទះ​ធ្វើការងារគាត់ធម្មតាៗ តែបន្ទាប់ពីខាងស្រុករៀបចំឱ្យមានការគោរពទង់ជាតិជា​សាធារណអ៊ីចឹងទៅ ឃើញមានប្រជាជនគាត់ចូលរួមច្រើនដែរ អ្នកនៅតាមមាត់ថ្នល់ អ្នកក្បែរផ្សារអី គាត់ចូលរួម ឱ្យតែដល់ម៉ោង៧ មីក្រូប្រកាសឱ្យគោរពទង់ជាតិគាត់ចេញមកឈរខាងមុខផ្ទះគាត់»។

សកម្មភាពឈរគោរពទង់ជាតិនៅស្រុកក្រឡាញ់។ រូបភាពពីរដ្ឋបាលស្រុកក្រឡាញ់
 
 
ចំណែកលោក គិម ប៊ុនថាន់ ដែលជាអ្នកស្រុកក្រឡាញ់ដែរនោះ ក៏រីករាយចំពោះការរៀបចំនេះដែរ។ លោកលើកឡើងថា៖« ការរៀបចំអ៊ីចឹងវាល្អសម្រាប់ប្រជាពលរដ្ឋឱ្យស្គាល់អ្វីទៅជាការគោរពទង់ជាតិ មិនមែនតែសម្រាប់សិស្សសាលា ឬមន្រ្តីរាជការគេធ្វើទេ ទាំងអស់ហ្នឹង​គឺល្អបំផុតសម្រាប់ប្រជាពលរដ្ឋ​គាត់ចូលរួម»។
 
 ស្រុកក្រឡាញ់មានឃុំចំនួន១០ និងមានប្រជាជន១៦,០០០គ្រួសារ ស្មើនឹងជាង៧ម៉ឺននាក់។ លោក សុខ ណារ៉េត យល់ថា ការធ្វើឱ្យពលរដ្ឋចាប់ផ្តើមមានវិន័យ និងយល់ពីតម្លៃជាតិ ក៏ជាចំណែកមួយជួយដល់ ការអភិវឌ្ឍផងដែរ។ លោកលើកឡើងដូច្នេះ៖« ខ្ញុំគិតថា នេះគ្រាន់តែជាផ្នែកមួយជួយឱ្យពលរដ្ឋ​មានឆន្ទៈ​រួមគ្នា រួមគ្នាស្រឡាញ់ជាតិមាតុភូមិរបស់យើង ពេលមានឆន្ទះចូលរួមហើយ គាត់នឹងខិតខំធ្វើខ្លួន​ឱ្យក្លាយជា​​ពលរដ្ឋល្អទាំងអស់គ្នា ពលរដ្ឋល្អគាត់គោរពច្បាប់ គោរពវិន័យ ដូចសុភាសិតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ គាត់ព្យាយាមក្លាយជាពលរដ្ឋល្អហើយ ចូលរួមជួយសង្គម នោះឯងជាផ្នែក​មួយនៃការជួយអភិវឌ្ឍននៃកិច្ចការនានា»៕
 

Tag:
 គោរពទង់ជាតិ
  ស្រុកក្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com