អន្តរជាតិ
ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាង​ត្បូង​និយាយ​ថា​កូរ៉េខាង​ជើងប្រុង​ប្រៀប​​សាកល្បង​អាវុធ​ថ្មីៗ​ទៀត
20, Aug 2023 , 9:39 pm        
រូបភាព
ក្នុងរូបថតមិនមានកាលបរិច្ឆេទនេះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចុះពិនិត្យមើលទីតាំងផលិតអាវុធមួយកន្លែង នៅកូរ៉េខាងជើង។ (Photo by KCNA VIA KNS / AFP)
ក្នុងរូបថតមិនមានកាលបរិច្ឆេទនេះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចុះពិនិត្យមើលទីតាំងផលិតអាវុធមួយកន្លែង នៅកូរ៉េខាងជើង។ (Photo by KCNA VIA KNS / AFP)
ដោយ: VOA
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង -​សេវា​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង​បាននិយាយ​ប្រាប់​ក្រុម​សមាជិក​សភា​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​កូរ៉េខាងជើងកំពុងប្រុងប្រៀប​បង្ហាញ​អាវុធថ្មីៗ ​ដូចជាការសាកល្បង​បាញ់​មីស៊ីល​មាន​ចម្ងាយ​ឆ្ងាយនិង​ការបង្ហោះ​ផ្កាយរណបចារកម្ម​មួយគ្រឿង​ នៅ​ពេល​ប្រទេសនេះ​បង្កើនសកម្មភាពខុស​ច្បាប់សម្រាប់​គាំទ្រ​សេដ្ឋកិច្ច​ខ្លួន​ដែល​មិនមាំ​ទាំ។នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។



ការពិបាក​ខាង​សេដ្ឋកិច្ច​និង​កង្វះ​ស្បៀង​អាហារ​មាន​ភាព​ធ្ងន់ធ្ងរ​ជាងមុន​ ជា​លទ្ធផល​នៃការ​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​ការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។​ តែ​ប្រទេស​នេះ​នៅ​តែ​ធ្វើការ​សាកល្បងមីស៊ីល​មួយ​ចំនួន​តាំងពី​ឆ្នាំ​ទៅ​ នៅពេល​មាន​ការ​សង្ស័យ​ថា​កម្មវិធី​អាវុធកូរ៉េខាង​ជើងបាន​ទទួល​ប្រាក់​ពី​សកម្មភាពអ៊ីនធឺណិត​ខុសច្បាប់​និង​ការដឹក​ជញ្ជូន​ទៅលក់​នៅ​ឯ​ប្រទេស​ក្រៅ​នូវ​ទំនិញ​ត្រូវ​ហាមប្រាម។
 
បើ​តាម​លោក​ Yoo Sang-bum ​ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោមសមាជិក​សភាដែល​បាន​ចូលរួម​ក្នុង​ការផ្តល់​ព័ត៌មាន​សង្ខេប​នេះ​ថា ​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិបាន​ថ្លែង​ប្រាប់​ក្រុម​សមាជិក​សភា​នៅក្នុង​ការប្រជុំ​បិទទ្វារ​មួយ​ថា​ សេដ្ឋកិច្ច​កូរ៉េខាង​ជើង​បាន​ចុះថមថយរៀង​រាល់ឆ្នាំ​ ពី​ឆ្នាំ ២០២០​ ដល់​ ២០២២​ ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​កាលពី​ឆ្នាំទៅ ​មាន​ ១២%​ តិចជាងកាលពី​ឆ្នាំ ២០១៦។
 
ក្រុម​អ្នកជំនាញ​នៅក្រៅ​ប្រទេស​មាន​ជំនឿ​ថា​ កង្វះ​ស្បៀង​អាហារ​និង​វិបត្តិសេដ្ឋកិច្ច​បច្ចុប្បន្ន​នៅ​កូរ៉េខាង​ជើងមាន​ស្ថានភាព​អាក្រក់​បំផុត​ តាំង​ពី​លោក​ Kim Jong Un ​ឡើងកាន់អំណាចកាលពី​ចុង​ឆ្នាំ​ ២០១១។ តែ​ពួក​គេ​និយាយ​ថា​ គ្មាន​សញ្ញា​នៃ​គ្រោះទុរ្ភិក្ស ឬ​ចលាចល​សាធារណៈ​ធំ​ណា​មួយ ​ដែល​អាច​គំរាមកំហែង​ដល់​ការ​ក្តាប់​អំណាច​របស់​លោក​ Kim ​លើ​ប្រជារាស្ត្រ​ ២៦​ លាន​នាក់​របស់​លោក​ទេ។
 
បើ​តាម​ក្រុម​តាម​ឃ្លាំមើល​ស្ថានភាព​ក្នុង​កូរ៉េ​ខាងជើង​ បញ្ហា​ស្បៀង​អាហារ​មាន​ភាព​ធ្ងន់ធ្ងរ​ជាងមុនដោយសារ​ការប៉ុនប៉ង​របស់​រដ្ឋាភិបាលក្នុង​ការ​រឹតត្បិត​លើ​សកម្មភាព​ទីផ្សារ ​ការ​ចុះថយ​នៃប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ និង​ការរឹតត្បិត​ទាក់ទិន​នឹង​ការ​រាតត្បាត​កូវីដ​ដែល​បាន​កាត់បន្ថយ​ពាណិជ្ជកម្ម​បរទេស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com