ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្មាន​មិន​ដល់​សោះ​ថា វីតាមីនC ល្អ​ចំពោះ​សុខភាព​ច្រើន​យ៉ាងនេះ​សោះ
22, Aug 2023 , 6:59 am        
រូបភាព
ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​វីតាមីន C ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​វីតាមីន​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះ​ចំពោះ​សុខភាព ។ កុំ​បារម្ភ ! ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​ផល​ល្អ​ៗ​នៃ​វីតាមីន C ៖

 
១. ទប់ស្កាត់​ជំងឺមហារីក
នេះ​ក៏​ព្រោះតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​វីតាមីន​នេះ​ជួយ​ការពារ​កោសិកា​និង DNA ពី​ការ​បំផ្លាញ ក៏​ដូច​ជា​ប្រែប្រួល​។ វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ជម្រុញ​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ព្រមទាំង​ទប់ស្កាត់​សមាសធាតុ​ដែល​បង្ក​ជំងឺមហារីក​ផង​ដែរ​។ វីតាមីន​នេះ​មិន​ធ្វើការ​វាយប្រហារ​លើ​កោសិកា​មហារីក​ផ្ទាល់​តែ​ម្ដងនោះ​ទេ ប៉ុន្តែ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺមហារីក​។
 
២. ពង្រឹង​សុខភាព​ឆ្អឹង
ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង គឺ​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​វីតាមីន C ក៏​ចាំបាច់​ដើម្បី​សុខភាព​ឆ្អឹង​ផង​ដែរ​។ ស្ត្រី​ក្រោយ​អស់​រដូវ​ដែល​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន C នឹង​មាន​ដង់ស៊ីតេ​ឆ្អឹង​ខ្ពស់​ជាង​បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ខ្វះ​វីតាមីន​នេះ​។
 
៣. បង្កើន​សុខភាព​ភ្នែក
ការ​រក្សា​បាន​នូវ​វីតាមីន C គ្រប់គ្រាន់​ក្នុង​រាង​កាយ​នឹង​ជួយ​ការពារ​សុខភាព​ភ្នែក ព្រមទាំង​បង្កើន​ចរន្តឈាមរ​ត់ទៅ​កាន់​ភ្នែក​ផង​ដែរ​។ នេះ​ក៏​ព្រោះ​វីតាមីន C មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​។ ភ្នែក​ត្រូវការ​វីតាមីន C ដើម្បី​កម្ចាត់​រាល់​រ៉ា​ឌី​កាល់​សេរី​ដែល​កកើត​ឡើង​ពី​ផល​ប៉ះពាល់​នៃ​ពន្លឺព្រះអាទិត្យ​លើ​ភ្នែក​។ អ្នក​អាច​ប្រើប្រាស់​វីតាមីន C ១០០០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ជំងឺ​ឡើងបាយ​ភ្នែក​នៅ​ពេល​ចាស់​ទៅ​។
 
៤. បង្កើន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់
វីតាមីន C ជួយ​សំយោគ​អាស៊ីត​អា​មី​ណូ L-Carnitin ដុត​រំលាយ​ជាតិ​ខ្លាញ​ទៅ​ជា​ថាមពល ហើយ​រាង​កាយ​នឹង​ប្រើប្រាស់​ថាមពល​នេះ​សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ​។
 
៥. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ស​សៃ​ឈាម​បេះដូង
ក្រៅពី​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C ក៏​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​ដោយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​មិន​ឱ្យ​បង្ក​ការ​បំផ្លាញ​និង​ទប់ស្កាត់​ការ​កកស្ទះ​ក្នុង​ស​សៃ​ឈាម​។ វីតាមីន C ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com