ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សប្រជាជនកម្ពុជាផ្លាស់ប្តូរសមាសភាពតំណាងរាស្ត្រ២៩នាក់
24, Aug 2023 , 6:12 pm        
រូបភាព
ដោយ: រួបរួម
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែសីហា នេះ បានចេញសេចក្តីសម្រេចស្តីពីការផ្លាស់ប្តូរតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រមាណ៣០រូបនៅមណ្ឌលរាជធានីចំនួន១៧។



បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រដែលត្រូវបានលុបឈ្មោះទាំងនោះ គឺភាគច្រើនបំផុតទៅបម្រើការក្នុងជួររដ្ឋាភិបាល និងមានមុខតំណែងនៅតាមក្រសួងស្ថាប័ននានា។ នៅមណ្ឌលខេត្តបាត់ដំបង លោក កើត រិទ្ធ និងលោក សក់ សេដ្ឋា ត្រូវបានជំនួសដោយ លោកស្រី លី គឹមលៀង និងលោក ភួ ពុយ។

នៅមណ្ឌលខេត្តកំពង់ចាម លោក ណៅ ធួក និងលោកស្រី កុល ធារិន ជំនួស លោក ហង់ជួន ណារ៉ុន និងលោក លូ គឹមឈុន។ លោក ឡុង ឈុនឡៃ និងលោកស្រី កុប ម៉ារីយ៉ាស ជំនួសលោក អ៊ុក រ៉ាប៊ុន និងលោក លី ណារុន នៅមណ្ឌលខេត្តកំពង់ឆ្នាំង។

នៅមណ្ឌលកំពង់ស្ពឺ លោក អ៊ួ សំអួន ជំនួសលោក ហ៊ុន ម៉ានី, លោក ថា យ៉ាវ ជំនួសលោក ថោង ខុន នៅមណ្ឌលកំពង់ធំ, លោក វ៉ាន់ ដារ៉ា ជំនួសលោកស្រី ចម និម្មល នៅមណ្ឌលកំពត។

នៅមណ្ឌលខេត្តកណ្តាល លោក ស៊ុន ចាន់ថុល, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, លោក ជូ វិជិត្ត ត្រូវបានលុបឈ្មោះចេញ ប៉ុន្តែសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បង្ហាញបញ្ជីឈ្មោះអ្នកជំនួសតែ៣រូបប៉ុណ្ណោះ គឺលោក សុះ មុះសិន, លោក ឈុន ស៊ីរុន និងលោក ខឹម ច័ន្ទគីរី។ បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ចំនួនមិនស្មើគ្នានេះ ដោយសារ​តែ​ការប្តូរ​លេងរៀងទៅតាមលំដាប់ ដើម្បីទៅដល់ឈ្មោះ​លោក ខឹម ច័ន្ទគិរី ស្របពេលដែល​លោក ជូ វិជិត្ត ទៅធ្វើជារដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


នៅមណ្ឌលក្រចេះ លោក អ៊ឹម ចាន់ថុល ជំនួស លោក ព្រុំ សុខា, លោក សួន រិនឌី និងលោក ហ៊ូ ស្រ៊ី ជំនួសលោកស្រី អ៊ឹង កន្ថាផាវី និងលោក អូស្មាន ហាស្សាន់ នៅមណ្ឌលរាជធានីភ្នំពេញ ខណៈលោក ពេជ្រ ជីវ័ន និង លោក ម៉ៅ ប៊ុនណារិន ជំនួសលោក ស្បោង សារ៉ាត និងលោក ហ៊ឺ បាវី នៅមណ្ឌលខេត្តព្រៃវែង។

នៅមណ្ឌលពោធិ៍សាត់ លោក រ៉ូហ្វី អូស្មាន ជំនួសលោក កែវ រតនៈ, លោក ប៊ុន ថាឫទ្ធិ ជំនួសលោកស្រី តឹករ៉េត កំរង នៅមណ្ឌលសៀមរាប រីឯ លោក ចេវ គឹមហេង, លោក នេន ម៉ាល័យ និងលោក តាក វណ្ណថា ជំនួសលោក សាយ សំអាល់, លោក តឹករ៉េត សំរេច និងលោក សូ ខនឫទ្ធីគុណ នៅមណ្ឌលខេត្តព្រះសីហនុ។

នៅមណ្ឌលតាកែវ លោក លី ស៊ុគ្រី ជំនួសលោក ជា វ៉ាន់ដេត, លោក សៅ សារ៉ាត់ ជំនួសលោក អ៊ី ឈាន នៅមណ្ឌលប៉ៃលិន ចំណែកឯលោក នៅ សំ ជំនួសលោក គន់ គីម នៅមណ្ឌលខេត្តឧត្តរមានជ័យ។

នៅមណ្ឌលខេត្តត្បូងឃ្មុំ លោកស្រី សាន្ត អរុណ, លោក ម៉ូត យូសុះ, លោក យិន ប៊ុនណាង និងលោក សន សារ៉ាណា ជំនួសលោក អ៊ាង សុផល្លែត, លោក ចាយ បូរិន, លោក ឌិត ឌីណា និងលោក ឆាយ ឫទ្ធិសែន។

ចំពោះគណបក្សហ៊្វុនស៊ិនប៉ិចវិញ លោក អាំង សំបូរ ជំនួសលោក ភឹម រ៉ុង នៅមណ្ឌលខេត្តព្រៃវែង ហើយលោក អាំង សំបូរ ក៏មានវត្តមានរួចទៅហើយផងដែរនាសម័យប្រជុំសភាលើកដំបូង៕


© រក្សាសិទ្ធិដោយ thmeythmey.com