ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះប្រមុខរដ្ឋតែងតាំងទីប្រឹក្សារដ្ឋាភិបាល ៣៦៣រូប ក្នុងនោះបរទេសជាង១០រូប
27, Aug 2023 , 8:07 am        
រូបភាព
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៦ ខែសីហា បានឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន៣៦៣នាក់ ក្នុងនោះក៏មានឥស្សរជនជាជនជាតិបរទេសជាង១០រូបផងដែរ។



សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួនទីប្រឹក្សារដ្ឋាភិបាលដែលទទួលបានការតែងតាំងនៅដើមអាណត្តិ គឺមានចំនួនច្រើនជាងអាណត្តិទី៦ ដែលកាលណោះ មាន២០៧រូប រីឯនៅអាណត្តិទី៥ នាឆ្នាំ២០១៣ មានតែ៤៧រូបប៉ុណ្ណោះ។

ក្នុងចំណោមទីប្រឹក្សាទាំង៣៦៣រូប មាន៤អង្គ/រូប ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ លោក ហេង វង្សប៊ុនឆាត, លោក ណាឌី តាន់ និងលោក ឯក សំអុល រក្សាតំណែងដូចអណត្តិចាស់ រីឯឥស្សរជនទី៤ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រីដែរនោះ គឺសម្តេចព្រះរាជបុត្រី ព្រះអនុជ អរុណរស្មី។

លោក វ៉ា គឹមហុង ស្ថិតក្នុងចំណោមទីប្រឹក្សា១៦រូបដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ដែលក្រៅពីនោះ មាន លោក យឹម ណុលឡា, លោក ឃុន ហាំង, លោក សយ សុខា, លោក ទា ចំរ៉ាត់, លោក ប៉ែន ថុល, លោក ប៊ុន អ៊ុយ, លោក ស៊ន សំណាង, លោក ព្រំ ម៉ល់, លោក សេង លឹមនៅ, លោក ប៊ុន សម, លោក រស់ សម័យ, លោក មឹន ស៊ាន, លោក ណឹម សុវត្ថិ, លោក ឈិន កេតនា និងលោក ទេស សុខម៉េង។ ទីប្រឹក្សា៦០ទៀត មានឋានៈស្មើរដ្ឋមន្ត្រី ដែលក្នុងនោះ មានតែលោក សៀ ឫទ្ធី ម្នាក់គត់ដែលពុំទទួលប្រាក់បំណាច់មុខងារ។

រីឯក្នុងទីប្រឹក្សាជាជនជាតិបរទេសជាង១០នាក់ លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul Marc Jennar) ដើមកំណើតបែលហ្ស៊ិក និងលោកស្រី ហេឡិន ចាវីស (Helen Jarvis) ដើមកំណើតអូស្ត្រាលី មានឋានៈស្មើរដ្ឋមន្ត្រី ខណៈលោក ហារុហ៊ីសា ហាន់ដា ( Haruhisa Handa-ជប៉ុន), លោក អាស៊ីឌីន បេឆាអ៊ូជ (Azedine Beschaouch-ទុយនីស៊ី), លោក អាឡាំង បេនីស៊ី (Alain Benicy), លោក ចេន លីបគង់ (Chen Lip Keong-ម៉ាឡេស៊ី), លោក តេរូអូ ជីនណៃ (Teruo Junnai), លោក Xavier d’Abazac, លោក ហុង ស្កុតអ៊ី (Hung Scott Yi), លោក Yamada Yoshitaka, លោក ចន ជី រាយស៍ មិនឃើញមានការបញ្ជាក់ពីឋានៈនោះឡើយ។

ទីប្រឹក្សា១១២រូប មានឋានៈស្មើរដ្ឋលេខាធិការ ក្នុងនោះ១១រូប ពុំទទួលប្រាក់បំណាច់មុខងារ។ ទីប្រឹក្សា១០៧រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយ១៦រូប ពុំទទួលប្រាក់បំណាច់មុខងារ។ ក្រៅពីនេះ ទីបឹក្សា១៣រូបទៀត មានឋានៈស្មើអគ្គនាយក៕
 

 

 

 

 

 

 

 

 

 

 


© រក្សាសិទ្ធិដោយ thmeythmey.com