ជាតិ
សេដ្ឋកិច្ច
ប្រតិបត្តិករទេសចរណ៍​ដេញដោលគ្នាថា ហេតុអ្វីសៀមរាបមិនមានទេសចរច្រើនដូចប្រទេសជិតខាង?
27, Aug 2023 , 5:20 pm        
រូបភាព
ទេសចរអឺរ៉ុបដើរកម្សាន្តនៅប្រាសាទអង្គរវត្តនៅក្នុងខែ មេសា ឆ្នាំ២០២៣។
ទេសចរអឺរ៉ុបដើរកម្សាន្តនៅប្រាសាទអង្គរវត្តនៅក្នុងខែ មេសា ឆ្នាំ២០២៣។
សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ ទេសចរបរទេសដែលមកកម្សន្តខេត្តសៀមរាប មានចំនួនជិត៤០ម៉ឺននាក់។ ទោះចំនួននេះកើនឡើងបើធៀបនឹងឆ្នាំ ២០២២ តែបើធៀបនឹងដំណាក់កាលដូចគ្នាទៅនឹង​ប្រទេសជិតខាង វាជាចំនួនតិចតួចបំផុត។ ប្រតិបត្តិករទេសចរ ខេត្តសៀមរាបមួយភាគធំមិនទាន់ហ៊ានបើកអាជីវកម្មពួកគេឡើងវិញឡើយ ដោយនៅរង់ចាំមើល ស្ថានការណ៍បន្ត។ ពួកគេនៅតែចោទជាសំណួរ ថាតើហេតុអ្វីទេសចរមិនមកលេង សៀមរាបច្រើន​ដូចប្រទេសជិតខាង?

 
ដ្បិតថា កូវីដ១៩បានបិទបញ្ចប់ស្ទើរទាំងស្រុង ហើយពិភពលោកបានបើកប្រទេសឡើងវិញហើយក្ដី ក៏ប៉ុន្តែចរាចររបស់ភ្ញៀវទេសចរមិនទាន់ប្រក្រតី ឬល្អប្រសើរវិញឡើយ។ ងាកមកមើល​ខេត្តសៀមរាប ដែលសេដ្ឋកិច្ចពឹងស្ទើរទាំងស្រុងលើវិស័យទេសចរណ៍ ហាក់នៅត្រដាបត្រដួស ​មិនទាន់ឈរ​ហ្នឹង​​​នៅឡើយទេ ក្រោយពេលជំងឺកូវីដ-១៩វាយឱ្យដួលនៅដើមឆ្នាំ២០២០។ ពីរឆ្នាំបន្ទាប់ សេដ្ឋកិច្ចចាប់ផ្តើមងើបបន្តិច នៅពេលរាជរដ្ឋាភិបាលជំរុញឱ្យមានទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍តូចធំក្នុងខេត្តនេះ។ តែវានៅមិនអាចដូចដើមឡើយ។ 
 
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដល់បច្ចុប្បន្ននេះវិស័យសណ្ឋាគារប្រមាណ ជាង៦០ភាគរយប៉ុណ្ណោះបានបើកអាជីវកម្មឡើងវិញ ក្នុងនោះសណ្ឋាគារ និងភោជនីយដ្ឋានធំៗ​បន្តបិទទ្វារ​​​នៅឡើយ។ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា សេវាកម្មស្នាក់នៅសណ្ឋាគារក្នុងខេត្តនេះមាន ២៨៣កន្លែង ស្មើនឹង ១៦,៧៦៥បន្ទប់ មានបុគ្គលិកបម្រើការ១៤,១៨១នាក់។ អាជីវកម្មដែលបានផ្អាកមាន ៧៩កន្លែងស្មើនឹងជាង៦ពាន់បន្ទប់ និងបុគ្គលិកជាង៦ពាន់នាក់។ ចំណែកអាជីវកម្មដែលបានបិទមានចំនួន ៦៥កន្លែង ស្មើនឹងជាង២ពាន់បន្ទប់។ ចំពោះអាជីវកម្មកំពុងដំណើរការមានចំនួន ១៣៩កន្លែង ស្មើនឹងជិត៨ពាន់​បន្ទប់។ តួលេខនេះមិននិយាយពីអាជីវកម្មពាក់ព័ន្ធដទៃទៀត មានផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងម៉ាស្សា។ល។
 
ចំពោះជើងហោះហើរមកកាន់សៀមរាបវិញ សព្វថ្ងៃមានចន្លោះពី១៥ទៅ១៧ជើងក្នុងមួយថ្ងៃ ក្នុងនោះមានពីថៃ វៀតណាម សិង្ហបុរី ឡាវ ម៉ាឡេស៊ី និងពីចិន។ ចំណែកជើងហោះហើរក្នុងស្រុក ភ្នំពេញ-សៀមរាប មាន២ទៅ៣ជើងក្នុងមួយថ្ងៃ និងព្រះសីហនុ-សៀមរាប មាន៥ជើងក្នុងមួយសប្ដាហ៍។ ចំនួននេះលោក ង៉ូវ សេងកាក់ យល់ថាវាមិនគ្រប់គ្រាន់សម្រាប់បំពេញរាល់អាជីវកម្មក្នុងខេត្តសៀមរាប​នោះទេ គឺចន្លោះពី៣០ទៅ៤០ជើងដូចពេលមុនទើបអាចចែកគ្នាទៅអ្នកផ្គត់ផ្គង់បាន។ លោក សេងកាក់ ពន្យល់ថា៖« ឥឡូវភ្ញៀវមានកញ្ចប់តូច ចែកមិនគ្រប់ អ្នកណាធ្វើទីផ្សារល្អបានច្រើនទៅ»។
 
ប្រធានមន្ទីរទេសចរណ៍រូបនេះយល់ថា ចំណុចដែលត្រូវដោះស្រាយពេលនេះគឺជំរុញការហោះហើរ មកកាន់ខេត្តសៀមរាបយ៉ាងណាស់ក៏៣០ជើងក្នុងមួយថ្ងៃដែរ ទើបអាជីវកម្មនៅទីនេះរស់បាន។ លោកបន្ថែមថា៖« បើអត់ជំរុញការហោះហើរទេ យើងមិនសង្ឃឹមថាបានភ្ញៀវច្រើនទេ»។
 
ការផ្គត់ផ្គង់លើសតម្រូវការ ដែលអ្នករកស៊ីចាប់សង់សណ្ឋាគារតាមគ្នាច្រើននៅកំឡុងឆ្នាំ២០១៦ និង២០១៧ ក៏ជាបញ្ហាជះឥទ្ធិពលមកដល់វិស័យទេសចរណ៍សព្វថ្ងៃផងដែរ។ មួយទៀតអ្នករកស៊ីភាគច្រើន ផ្តោតតែលើវិស័យទេសចរណ៍តែមួយ​ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន សេវាជួលរថយន្តជាដើម ដូច្នេះពេលមានវិបត្តិចូលមកដូចជាជំងឺកូវីដ-១៩ ជាឧទាហរណ៍ ពួកគេត្រូវដួលទាំងព្រម។ លោក ង៉ូវ សេងកាក់ ពន្យល់ថា៖« ត្រង់នេះយើងត្រូវជួយគ្នា តែកន្លងមកយើង (រដ្ឋ) បានជួយដែរ តែមិនទាន់ពេញទេ មិនទាន់ដល់ចំណុចដែលវិស័យទេសចរណ៍ចង់បាន»។
 
នៅថ្ងៃទី១៩ សីហា កន្លងទៅ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានរៀបចំជំនួបរវាង​ប្រតិបត្តិករទេសចរណ៍ និងរដ្ឋបាលខេត្ត។ ជំនួបនោះផ្តោតសំខាន់ពីមូលហេតុដែល ខេត្តសៀមរាប​មិនទទួលបានទេសចរត្រឡប់មកវិញច្រើនដូចប្រទេសដទៃ។ «ឧទាហរណ៍ដូចជា​ប្រទេសថៃ គេទើបតែជាប់លេខមួយជាប្រទេសដែលបានទេសចរច្រើនជាងគេ​លើពិភពលោក អ៊ីចឹង​យើងជាប្រតិបត្តិករទេសចរណ៍ត្រូវការជួបជុំគ្នា ពិភាក្សាគ្នាថាតើយើងគួររកចំណុចអ្វី ដែលខ្វះខាត តើយើងគួរមានចំណុចសូចនាករខ្លះៗដើម្បីលើកដាក់ជូនឬស្នើទៅរដ្ឋាភិបាលរក​ដំណោះស្រាយ​ចូលរួម​បង្កើតដំណោះស្រាយជាមួយគ្នាដើម្បីធ្វើឱ្យមានការទាក់ទាញទេសចរមកខេត្ត សៀមរាប ព្រោះឥឡូវនេះ​តាំងពីយើង​​បើកប្រទេសឡើងវិញ ទេសចរនៅមានកម្រិតទាបនៅឡើយ»។ នេះជាការលើកឡើង​របស់លោក ហ្វីលីព សែត កៅ ប្រធានក្លឹប STC។ 
 
STC បានរៀបចំជំនួបប្រតិបត្តិករទេសចរណ៍ជាលើកដំបូងនៅខែសីហា បន្ទាប់ពីខកខានខ្ទង់២ឆ្នាំ ដោយសារជំងឺកូវីដ១៩។ លោក ហ្វីលីព សែត កៅ ពន្យល់ថា ការងារនេះធ្វើឡើងក្រោយឃើញថា ព្រលានយន្តហោះសៀមរាប​-អង្គរ គម្រោងបើកដំណើរការនៅពាក់កណ្ដាលខែ តុលា ខាងមុខនេះ ក៏ដូចជាឱ្យប្រតិបត្តិករគិតគូរពិចារណាថាតើគួរចាប់ផ្តើមអាជីវកម្មឡើងវិញកម្រិតណា។ ប្រតិបត្តិករទេសចរណ៍ភាគច្រើនរំពឹងថា ទេសចរអាចមកវិញច្រើនក្រោយព្រលានថ្មីដំណើរការ។ 
 
យ៉ាងណាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក សេងកាក់ បញ្ជាក់ថា ព័ត៌មានដែលលោក ទទួលបានគិតត្រឹមបច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ថ្មីតិចតួចប៉ុណ្ណោះដែលបានចុះកុងត្រជាមួយ ភាគីព្រលានថ្មី ក្នុងនោះមានពីចិន ២ទៅ៤ក្រុមហ៊ុន។ យ៉ាងណាក៏ដោយប្រធានមន្ទីររូបនេះនៅមាន សុទិដ្ឋិនិយមថា ក្រោយដំណើរការ ព្រលានថ្មីនឹងមានជើងហោះហើរច្រើន ក្នុងនោះទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ធំដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងដូចមុន។ លោក សេងកាក់ បន្ថែម៖« ជាទស្សនៈខ្ញុំ បើខែ១០យើងមាន៣០ទៅ៣៥ជើងហោះហើរ ហើយរក្សាចំនួននេះដល់ខែ២ យើងសង្ឃឹម តែបើខែ៣ធ្លាក់មក១៨ (ជើងហោះហើរ) វិញ អាហ្នឹងយើងក៏ពិបាក»។
 
អភិបាលរងខេត្តសៀមរាប លោក យន់ លីនណេ បានលើកឡើងថា ករណីនេះរាជរដ្ឋាភិបាលបាន​ប្រឹងប្រែងជំរុញឱ្យមានជើងហោះហើរកាន់តែច្រើន។ លោកបញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន នៅក្នុងខែតុលាខាងមុខ ចំនួនទេសចរមកកាន់ខេត្តសៀមរាបនឹងមានចំនួនច្រើន ក្នុងនោះតាម​សណ្ឋាគារធំៗ និងភោជនីយដ្ឋានជាដើមនោះ ត្រូវបានកក់ពេញផងដែរ។ យ៉ាងណាលោកអភិបាលរង បច្ចុប្បន្នរដ្ឋបាលខេត្តបានគិតគូរពីបញ្ហានេះជាខ្លាំង និងរំពឹងថាស្ថានការណ៍នឹងល្អប្រសើរវិញឆាប់ៗ៕

Tag:
 វិស័យទេសចរណ៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com